ជាតិ
សង្គមជាតិ
អភិបាលខេត្តកោះកុង បញ្ជាឲ្យអាជ្ញាធររកមូលហេតុ ដែលបណ្ដាលឲ្យក្របីងាប់និងរបួស១២ក្បាល រូបពីហ្វេសប៊ុកលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង
× ភ្នំពេញ៖ អភិបាលខេត្តកោះកុង លោកស្រី មិថុនា ភូថង បានបញ្ជាឲ្យអាជ្ញាធរខេត្ត រកមូលហេតុដែលបណ្ដាលឲ្យក្របីរបស់ប្រជាពលរដ្ឋ ចំនួន១២ក្បាលងាប់ និងរបួស។ អភិបាលខេត្តកោះកុង ចេញបញ្ជាឲ្យរកដើមចមនៃបញ្ហាក្របី១២ក្បាលនេះ ធ្វើឡើងក្រោយពីប្រជាពលរដ្ឋ អះអាងថា មានជាប់ពាក់ព័ន្ធជាមួយក្រុមហ៊ុនស្ករអំពៅ។
តាមរយៈហ្វេសប៊ុកខ្លួន លោកស្រី មិថុនា ភូថង ដែលទទួលបានព័ត៌មាននេះ បានសរសេរដូច្នេះ៖« ចំពោះករណីបាញ់ក្របីស្លាប់ និងរបួស នាងខ្ញុំបានប្រាប់ឲ្យអាជ្ញាធរមូលដ្ឋានស្វែងរកមូលហេតុពិត និងដាក់បញ្ជាដល់អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានពិនិត្យករណីនេះជាបន្ទាន់»។
កាលពីថ្ងៃទី២ កុម្ភៈ មានករណីក្របីងាប់ និងរបួស១២ក្បាល នៅក្នុងភូមិតាធង ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។ ពលរដ្ឋដែលជាម្ចាស់ក្របីទាំងនោះ បានអះអាងថា អ្នកយាមក្រុមហ៊ុនស្ករអំពៅនៅកោះកុងជាអ្នកបាញ់ក្របី ខណៈដែលក្របីទាំងនោះត្រូវបានពួកគាត់ ព្រលែងឲ្យស៊ីស្មៅនៅក្បែរដីមានទំនាស់ជាមួយក្រុមហ៊ុនស្ករអំពៅ។ ម្ចាស់ក្របីទាមទារឲ្យអាជ្ញាធរជួយអន្តរាគមន៍រកដំណោះស្រាយផ្ដល់សំណងដល់ពួកគាត់។
សារព័ត៌មានថ្មីៗ មិនទាន់អាចសុំការអត្ថាធិប្បាយបន្ថែមពីអាជ្ញាធរខេត្ត ជុំវិញករណីនេះឡើយ។
តែបើតាមការចុះផ្សាយរបស់វិទ្យុអាស៊ីអាស៊ីនោះ ក្រុមហ៊ុនផលិតស្ករអំពៅនៅខេត្តកោះកុង បានហៅពលរដ្ឋ ២គ្រួសារ ដើម្បីដោះស្រាយសំណង បន្ទាប់ពីក្រុមហ៊ុននេះ បានបាញ់សត្វក្របីរបស់ពួកគាត់ងាប់អស់ ៦ក្បាល និងរបួស ៦ក្បាល។ ប៉ុន្តែមិនមានការបញ្ជាក់ពីហេតុផល នៃដំណោះស្រាយតាមវិធីណាមួយនោះឡើយ៕
Tag:
មិថុនា ភូថង
កោះកុង
ក្របី
© រក្សាសិទ្ធិដោយ thmeythmey.com