ភ្នំពេញ៖ អ្នករាយការណ៍នៃអង្គការសហប្រជាជាតិ ចង់ឲ្យពិចារណាជាថ្មី ចំពោះការដកហូតសិទ្ធិនយោបាយពីក្រុមប្រឆាំង។ ប៉ុន្តែ មន្ត្រីជាន់ខ្ពស់បក្សកាន់អំណាច ឆ្លើយតបថា កម្ពុជា មិនអាចធ្វើតាមការចង់បានបែបនេះឡើយ។
លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសនៃអង្គការសហប្រជាជាតិ (UN) ដែលទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស បានអំពាវនាវឲ្យពិចារណាជាបន្ទាន់ លើបម្រាម ដែលហាមថ្នាក់ដឹកនាំទាំង១១៨រូបនៃគណបក្សសង្គ្រោះជាតិ ក្នុងការធ្វើនយោបាយរយៈពេល៥ឆ្នាំ។ លោកស្រី បានអំពាវនាវបែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍របស់លោកស្រី។
ក្រោយបញ្ចប់ទស្សនកិច្ចរយៈពេល១0ថ្ងៃ លោកស្រី រ៉ូណា ស្មីត បានចេញសេចក្តីថ្លែងការណ៍មួយ ដើម្បីបង្ហាញការមើលឃើញជារួមរបស់លោកស្រី មកលើស្ថានភាពនៅកម្ពុជា ដោយផ្តោតសំខាន់ទៅលើបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ព្រមទាំងប្រព័ន្ធយុត្តិធម៌ ផងដែរ។ សេចក្តីថ្លែងការណ៍នេះ ត្រូវបានចែកឲ្យអ្នកកាសែត ពេលលោកស្រី ធ្វើសន្និសីទនៅរសៀល ថ្ងៃទី១៤ ខែមីនា ឆ្នាំ២0១៨ ជុំវិញដំណើរទស្សនកិច្ចរបស់លោកស្រី នៅកម្ពុជា។
លោកស្រី រ៉ូណា ស្មីត បានអះអាងថា ក្រោយការចាប់លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ប្រទេសជាច្រើន បានលើកឡើងពីកង្វល់ ទាក់ទងនឹងការបោះឆ្នោតនៅកម្ពុជា នាពេលខាងមុខ។ លោកស្រី បន្តថា ការរំលាយគណបក្សសង្គ្រោះជាតិ ការហាមឃាត់សមាជិក១១៨នាក់ ក្នុងការធ្វើនយោបាយរយៈពេល៥ឆ្នាំ និងការបែងចែកអាសនៈទាំងអស់របស់គណបក្សនេះ ទៅឲ្យគណបក្សដទៃ គឺមានន័យថា បានបដិសេធសិទ្ធិរបស់ប្រជាពលរដ្ឋកម្ពុជា ក្នុងការជ្រើសរើសអ្នកតំណាង។
លោកស្រី បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះ៖«ការរឹតត្បិតសេរីភាពក្នុងការប្រមូលផ្តុំ សេរីភាពខាងការបញ្ចេញមតិ និងសេរីភាពខាងសមាគម រឹតតែកើនឡើងយ៉ាងធ្ងន់ធ្ងរ។ លើសពីនេះ ការចូលរួមក្នុងសកម្មភាពនយោបាយ និងសិទ្ធិបោះឆ្នោត ក៏មានការប្រែប្រួលយ៉ាងគំហុកផងដែរ។ ជាលទ្ធផល តួអង្គនយោបាយ១១៨នាក់ ត្រូវបានហាមឃាត់ មិនឲ្យចូលរួមធ្វើសកម្មភាពនយោបាយ ហើយប្រព័ន្ធផ្សព្វផ្សាយ ត្រូវបានបិទ រួមទាំងតួអង្គសង្គមស៊ីវិលជាច្រើន មានភាពស្ទាក់ស្ទើរក្នុងការនិយាយស្តីជាចំហ ឬក្នុងការធ្វើសកម្មភាពការពារសិទ្ធិមនុស្ស។ ខ្ញុំ បានសម្តែងកង្វល់ដល់រដ្ឋាភិបាលកម្ពុជា ចំពោះការបន្តបិទលំហសង្គមស៊ីវិល និងការរឹតត្បិតទៅលើសិទ្ធិសេរីភាពជាមូលដ្ឋាននៅកម្ពុជា»។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឆ្លើយតបនឹងលោកស្រី រ៉ូណា ស្មីត ថា លោក កឹម សុខា គណបក្សសង្គ្រោះជាតិ និងសកម្មជនដទៃទៀតក្នុងគណបក្សនេះ បានប្រព្រឹត្តបទល្មើសដោយខ្លួនឯង ទើបរងនូវចំណាត់ការពីសមត្ថកិច្ចនិងតុលាការយ៉ាងដូច្នេះ។ លោក បន្ថែមថា ចំណាត់ការទាំងនោះ គឺជាការពង្រឹងនូវនីតិរដ្ឋនិងប្រជាធិបតេយ្យនៅកម្ពុជា។
អ្នកនាំពាក្យបក្សកាន់អំណាចរូបនេះ បានប្រាប់សារព័ត៌មានថ្មីៗយ៉ាងដូច្នេះ ៖«បើបក្សប្រឆាំង មិនធ្វើខុស ក៏គ្មាននរណាទៅរំលាយដែរ។ ហើយខ្ញុំ យល់ថា អនុសាសន៍របស់លោកស្រី រ៉ូណា ស្មីត អត់មានប្រសិទ្ធភាពទេ។ យើង អត់អាចធ្វើតាមគាត់កើតទេ។ បើធ្វើតាមគាត់មែន យើងលែងឯករាជ្យហើយ»។
បក្សកាន់អំណាច និងរដ្ឋាភិបាលកម្ពុជា បានប្រឈមមុខនឹងសម្ពាធរបស់សហគមន៍អន្តរជាតិនានា ក្រោយលោក កឹម សុខា ត្រូវចាប់ខ្លួន និងក្រោយបក្សប្រឆាំង ត្រូវរំលាយចោល។ យ៉ាងណាក៏ដោយ បក្សកាន់អំណាច និងរដ្ឋាភិបាល ប្រកាសជំហរជាដដែលៗថា ចំណាត់ការលើក្រុមប្រឆាំង គឺស្ថិតក្នុងដែនអធិបតេយ្យរបស់កម្ពុជា ដោយបរទេសមិនអាចលូកដៃចូលបានឡើយ៕