ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បាននិយាយថា ឱសថក្លែងក្លាយកំពុងតែបង្កគ្រោះថ្នាក់ដល់សុខភាពប្រជាពលរដ្ឋ និងសុវត្ថិភាពសង្គម រួមទាំងការរាំងស្ទះដល់កំណើនសេដ្ឋកិច្ចជាតិ ដែលអាជ្ញាធរត្រូវសហការគ្នាទប់ស្កាត់បញ្ហានេះ។
សម្ដេច ហ៊ុន សែន បាននិយាយថា បញ្ហាឱសថក្លែងក្លាយ និងអន់គុណភាព កំពុងរីករាលដាលដាក់លក់នៅឱសថស្ថាន និងតាមអនឡាញយ៉ាងច្រើន ដែលគួរឲ្យព្រួយបារម្ភ។ សម្ដេច ហ៊ុន សែន បាននិយាយថា មូលហេតុដែលអាជ្ញាធរពិបាកទប់ស្កាត់ និងលុបបំបាត់បញ្ហាឱសថក្លែងក្លាយទាំងនោះ ដោយសារតែឱសថក្លែងក្លាយនេះ វាមានភិនភាគដូចឱសថមានគុណភាពល្អ ។
ថ្លែងក្នុងពិធីបើកសន្និសីទអន្តរជាតិថ្នាក់តំបន់ស្តីពី «ការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព« នៅសណ្ឋាគារសូហ្វីតែលភូគីត្រា នៅថ្ងៃទី៥ ខែវិច្ឆិកានេះ ប្រមុខរដ្ឋាភិបាល បានបញ្ជាក់ដូច្នេះថា៖«ការរីករាលដាលជំនួញឱសថក្លែងក្លាយ និងអន់គុណភាពនេះ អាចបណ្ដាលមកពីកត្តាជាច្រើនរួមមាន តម្លៃឱសថពិតប្រាកដ និងត្រឹមត្រូវមានតម្លៃខ្ពស់ យន្តការនិងការគ្រប់គ្រងឱសថ ក្នុងពេលផលិត និងចរាចរនៅលើទីផ្សារ មិនមានប្រសិទ្ធភាព និងការបណ្ដុះបណ្ដាលមន្ត្រីសុខាភិបាល ស្តីពីជំនាញត្រួតពិនិត្យគុណភាពឱសថ ព្រមទាំងការផ្សព្វផ្សាយដល់ប្រជាជន ឲ្យបានយល់ដឹងពីឱសថក្លែងក្លាយ និងការត្រួតពិនិត្យឱសថដោយសមត្ថកិច្ចនៅមានកម្រិត។ កត្តាទាំងអស់នេះ បានផ្ដល់ឱកាសឲ្យឧក្រិដ្ឋជន អាចកេងយកប្រយោជន៍សង្គមជាតិ ហើយបានគំរាមកាន់តែធ្ងន់ធ្ងរដល់សុខមាលភាព និងអាយុជីវិតរបស់ប្រជាជន»។
ដើម្បីដោះស្រាយបញ្ហាឱសថក្លែងក្លាយនេះ លោកនាយករដ្ឋមន្ត្រីកម្ពុជា បានស្នើបណ្ដាប្រទេសទាំងអស់ ជួយរៀបចំ និងចាត់វិធានការកែទម្រង់ច្បាប់ និងបទដ្ឋានគតិយុត្តនានា តាមការចាំបាច់របស់ប្រទេសរៀងៗខ្លួន ដើម្បីធានាឲ្យបាននូវក្របខ័ណ្ឌច្បាប់ ដែលអនុលោមយន្តការអន្តរជាតិ។ ជាពិសេសអនុវត្តវិធានការប្រយុទ្ធប្រឆាំងបទល្មើសឱសថក្លែងក្លាយនិងអន់គុណភាព ជាពិសេសត្រូវផ្ដន្ទាទោសយ៉ាងតឹងរឹងចំពោះជនល្មើស និងជនទាំងឡាយណាដែលមានការពាក់ព័ន្ធ។
ដោយឡែកប្រទេសនីមួយៗ គួរបង្កើតក្រុមជំនាញពាក់ព័ន្ធការងារប្រយុទ្ធប្រឆាំងនឹងបទល្មើសឱសថក្លែងក្លាយ និងអន់គុណភាព ក្នុងគោលដៅសម្របសម្រួលបញ្ជូនពត៌មាន និងផ្សព្វផ្សាយអំពីហានិភ័យ និងគ្រោះ ថ្នាក់ផ្សេងៗដល់សាធារណៈជន និងកិច្ចសហប្រតិបត្តិការខ្ពស់ក្នុងតំបន់ ដើម្បីប្រយុទ្ធប្រឆាំងនិងទប់ស្កាត់បញ្ហានេះឲ្យមានប្រសិទ្ធភាពនិងទាន់ពេលវេលា។ ចំណែកអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅតាមព្រំដែននៃប្រទេសនីមួយៗ ត្រូវផ្តល់កិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយគ្នា ក្នុងការស្វែងរកបទល្មើសពាក់ព័ន្ធនឹងឱសថក្លែងក្លាយ និងអន់គុណភាព ហើយត្រូវបង្កើតកម្មវិធីផ្លាស់ប្ដូរព័ត៌មាន ដើម្បីស៊ើបអង្កេតរកប្រភពសង្វាក់ផលិត ការចែកចាយ និងអត្តសញ្ញាណឧក្រិដ្ឋជនទាំងនោះ។
បន្ថែមពីនេះ ក្រសួង និងស្ថាប័នពាក់ព័ន្ធ ត្រូវបង្កើនកិច្ចសហប្រតិបត្តិការរវាងស្ថាប័នរដ្ឋនិងឯកជន ជាពិសេសម្ចាស់ក្រុមហ៊ុនដែលផលិតឱសថ ដើម្បីស្រាវជ្រាវរកឱសថក្លែងក្លាយ និងអន់គុណភាព ដែលកំពុងចរាចរលើទីផ្សារ ហើយត្រូវរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ច ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។ នេះជាការលើកឡើងរបស់សម្ដេច ហ៊ុន សែន។
ទាក់ទងនឹងបញ្ហានេះ ក្រសួងសុខាភិបាល ក៏បានផ្សព្វផ្សាយ និងហាមពលរដ្ឋទិញឱសថ ដែលផ្សព្វផ្សាយលក់តាមអនឡាញផងដែរ ដោយសារតែឱសថទាំងនោះ មិនមានការចុះបញ្ជិការត្រឹមត្រូវ និងគ្មានប្រភពច្បាស់លាស់ ដែលមិនអាចទុកចិត្តបាន។
កន្លងមក ប្រធានគណៈកម្មាធិការសុខុមាលភាពនៃសភាពាណិជ្ជកម្មអឺរ៉ុប និងជានាយកក្រុមហ៊ុនZUelling Pharma ប្រចាំកម្ពុជា លោក Jean-Gaetan GUILLEMAUD ធ្លាប់បានបញ្ជាក់ថា ពលរដ្ឋមួយនាក់ក្នុងចំណោមប្រជាពលរដ្ឋខ្មែរ ជាង១៦លាននាក់ ត្រូវបានស្លាប់ រៀងរាល់ពេល៤ម៉ោងម្តង ដោយសារការប្រើប្រាស់ឱសថក្លែងក្លាយ។លោក Jean-Gaetan បាននិយាយថា ឱសថក្លែងក្លាយបានសម្លាប់មនុស្សក្នុងមួយថ្ងៃ ច្រើនជាងភេរវករសម្លាប់មនុស្សក្នុងមួយឆ្នាំ។
អ្នកជំនាញរូបនេះ បានបន្ថែមថា អ្នកស្លាប់មានចំនួន៥ដង ដោយសារប្រើប្រាស់ឱសថក្លែងក្លាយ បើធៀបនឹងចំនួនអ្នកស្លាប់ ដោយសារតែញៀនថ្នាំ ឬការប្រើប្រាស់គ្រឿងញៀនហួសកម្រិត។ បើតាមលោក Jean-Gaetan មានឱសថ៧ក្នុងចំណោម១០មុខ លក់នៅលើទីផ្សារកម្ពុជា គឺជាឱសថក្លែងក្លាយ៕