ជាតិ
សម្ដេច ស ខេង បញ្ជា​ឲ្យ​ត្រួតពិនិត្យ​អ្នកបើកបរ​រថយន្ត​ធុន​ធំ លើ​ករណី​ប្រើប្រាស់​គ្រឿងញៀន​
10, Apr 2019 , 9:19 pm        
រូបភាព
​ភ្នំពេញ​៖ ដើម្បី​កាត់បន្ថយ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​នោះ មន្ត្រី និង​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​ចុះ​ត្រួតពិនិត្យ​លើ​រថយន្ត​ដឹកទំនិញ​ធុន​ធំ​គ្រប់​ប្រភេទ​ឲ្យ​បាន​ត្រឹមត្រូវ​។ ជាពិសេស​អ្នកបើកបរ លើ​ករណី​ប្រើប្រាស់​សារធាតុ​ញៀន ដើម្បី​ជំនួយ​កម្លាំង​នៅពេល​បើកបរ​។ នេះ​ជាការ​បញ្ជា​របស់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។​

 
​សម្ដេច ស ខេង បាន​ប្រាប់​ឲ្យ​អង្គភាព​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​នៃ​ក្រសួងមហាផ្ទៃ ប្រជុំពិភាក្សា​ជាមួយ​មន្ត្រី​ជំនាញ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្នុងការ​រៀបចំ​ក្រុមការងារ​ចុះ​ត្រួតពិនិត្យ​រថយន្ត​ដឹកទំនិញ (​ឆៀករថយន្ត​) ដើម្បី​ចង់ដឹងថា តើ​រថយន្ត​នោះ មានការ​ឆៀក​ត្រឹមត្រូវ​ដែរ​ទេ​? ហើយ​អ្នកបើកបរ​មានការ​ប្រើ​ប្រាស់​គ្រឿងញៀន​ដែរ​ឬ​អត់​? បើតាម​សម្ដេច ស ខេង ក្នុងករណី​រកឃើញ​ភាពមិនប្រក្រតី​នេះ អាជ្ញា​ធរមាន​សមត្ថកិច្ច​ទាំងអស់ ត្រូវ​ហៅ​ម្ចាស់​ក្រុមហ៊ុន​ទាំងនោះ មក​ណែនាំ​ឲ្យ​អនុវត្ត​តាមច្បាប់ ។​
 
​ថ្លែង​ក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ប្រចាំត្រីមាស​ទី​១ ឆ្នាំ​២០១៩ សម្ដេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​និយាយ​ដូច្នេះ​ថា​៖«​តាម​ខ្ញុំ​ឮថា ក្រុមហ៊ុន​មាន​ឡាន​ដឹកជញ្ជូន​ច្រើន រាប់សិប​គ្រឿង​ឡើងទៅ គឺថា​ក្នុងចំណោម​អ្នកបើក​នេះ គឺមាន​ជក់​គ្រឿងញៀន វា​មាន​តិច​ឬ​ច្រើន ប៉ុន្តែ​ចៀស​មិន​ផុត​ទេ គឺមាន​(​អ្នកប្រើប្រាស់​គ្រឿងញៀន​) អ៊ីចឹង​ហ្មង​។ អាហ្នឹង​(​ការត្រួតពិនិត្យ​) ដូច​ជួយ​ពួកគេ​ទេ ការពិតទៅ ពីព្រោះ​ពួកគាត់ ពេលខ្លះ​អ្នកបើកបរ​នេះ ធ្វើបាប​ថៅកែ​ក៏​ខ្លាំង​ដែរ​»​។​

​សូម​ស្ដាប់​សំឡេង​៖



 
​ចំពោះ​អ្នកបើកបរ ដែល​ប្រើប្រាស់​សារធាតុ​ញៀន មិន​ថា​គ្រឿងញៀន ឬ​ផឹកស្រា​ស្រវឹង រួមទាំង​គ្មាន​ប័ណ្ណបើកបរ​ត្រឹមត្រូវ​នោះ គឺ​សមត្ថកិច្ច​ត្រូវ​ហាមឃាត់​ការធ្វើ​ចរាចរណ៍​របស់​ពួកគេ ។ ការធ្វើ​បែបនេះ ដើម្បី​ទប់ស្កាត់​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​។ នេះ​ជាការ​លើកឡើង​របស់​ស​ម្ដេច ស ខេង​។​
 
​ក្រៅពី​ប្រើប្រាស់​វិធានការ​បែបនេះ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក៏​បញ្ជា​ឲ្យ​មន្ត្រី​ជំនាញ​ក្រសួង សហការ​ជាមួយ​សាលាបង្រៀន​បើកបរ​រថយន្ត​ទាំងអស់ ឲ្យ​ត្រួតពិនិត្យ​លើ​អ្នក​ដែល​រៀន​បើកបរ លើ​ករណី​សារធាតុ​ញៀន​នេះ​។ បើតាម​សម្ដេច ស ខេង ក្នុងករណី​ពិនិត្យឃើញថា អ្នករៀន​បើកបរ ជា​អ្នកប្រើប្រាស់​គ្រឿងញៀន​នោះ សាលាបង្រៀន​បើកបរ​ទាំងអស់ មិនត្រូវ​ចេញ​ប័ណ្ណបើកបរ​ឲ្យ​ពួកគេ​ឡើយ​។ 
 
​បន្ថែម​ពីនេះ សមត្ថកិច្ច ក៏ត្រូវ​សហការ​ជាមួយ​ក្រុមហ៊ុន ដែលមាន​រថយន្ត​ដឹកទំនិញ​ទូទាំងប្រទេស​ផងដែរ ដើម្បី​ត្រួតពិនិត្យ​លើ​បុគ្គលិក​បើកបរ​របស់​ក្រុមហ៊ុន​។ ជាពិសេស​ត្រួតពិនិត្យ​ពួកគេ​លើ​ករណី​សារធាតុ​ញៀន​នេះ មុន​ជ្រើសរើស​ឲ្យ​ពួកគេ​ចូល​បម្រើ​ការងារ​។ នេះ​ជាការ​អះអាង​របស់​ប្រមុខ​ក្រសួងមហាផ្ទៃ​៕  

Tag:
 ស ខេង​
  គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com