ភ្នំពេញ៖ ក្រុមអ្នកសារព័ត៌មានអាជីពនៅគ្រប់ស្ថាប័ន មានតួនាទីផលិតព័ត៌មាន ធ្វើសេចក្តីរាយការណ៍ និងផ្សព្វផ្សាយព័ត៌មានអំពីការជួញដូរសត្វព្រៃនៅកម្ពុជា ដើម្បីជួយទប់ស្កាត់ការជួញដូរសត្វព្រៃទៅកាន់ទីផ្សារបរទេស និងអភិរក្សសត្វព្រៃ។ លោក ពុយ គា អគ្គលេខាធិការនៃក្លឹបអ្នកកាសែតកម្ពុជា បានចាត់ទុក អ្នកសារព័ត៌មាន ជាដៃគូដ៏សំខាន់ជាមួយនឹងអង្គការអភិរក្សសត្វព្រៃ (WCS) សម្រាប់ផ្សព្វផ្សាយពីការជួញដូរសត្វព្រៃ។
លោក ពុយ គា អ្នកកាសែតចាស់វស្សាម្នាក់ និងជាអគ្គលេខាធិការនៃក្លឹបអ្នកកាសែតកម្ពុជា បានលើកឡើងថា អ្នកសារព័ត៌មានអាជីពនៅមិនទាន់ទទួលបានព័ត៌មានដែលទាក់ទងនឹងការជួញដូរសត្វព្រៃឲ្យទូលំទូលាយដូចនឹងអ្នកសារព័ត៌មានប្រជាពលរដ្ឋនៅឡើយទេ។ មូលហេតុដោយសារតែអ្នកសារព័ត៌មានប្រជាពលរដ្ឋ ជាអ្នកដែលរស់នៅក្នុងតំបន់ការជួញដូរនោះ ហើយក៏ជាអ្នកតាមដាននូវបទល្មើសការជួញដូរសត្វព្រៃបានល្អិតល្អន់ និងទាន់ហេតុការណ៍ មិនចាញ់អ្នកសារព័ត៌មានអាជីពឡើយ។
ជុំវិញបញ្ហានេះ លោក ពុយ គា ជំរុញឲ្យអ្នកសារព័ត៌មានអាជីពពង្រឹងកិច្ចការងារ និងយកចិត្តទុកដាក់ទៅលើការរាយការណ៍អំពីការជួញដូរសត្វព្រៃ សម្រាប់ជួយរារាំងការដូញដូរសត្វព្រៃឲ្យមានប្រសិទ្ធភាព។ ក្នុងសិក្ខាសាលាមួយ ស្តីពីតួនាទីរបស់អ្នកសារព័ត៌មានក្នុងការឆ្លើយតបទៅនឹងការជួញដូរសត្វព្រៃ ដែលរៀបចំឡើងនៅសណ្ឋាគារកាំបូឌីយ៉ាណា នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២0១៩ អគ្គលេខាធិការនៃក្លឹបអ្នកកាសែតកម្ពុជារូបនេះ បានបញ្ជាក់ថា៖«អ្នកដែលស្រឡាញ់អាជីពជាអ្នកសារព័ត៌មាននៅជំនាន់ក្រោយ សូមឲ្យគិតគូរ ពង្រឹងវិជ្ជាជីវៈក្រុមសីលធម៌អ្នកសារព័ត៌មាន ហើយនឹងសមត្ថភាព ដើម្បីរាយការណ៍ព័ត៌មានឲ្យមានលក្ខណៈលម្អិតជូនពលរដ្ឋ»។
លោក ស្រី Sarah Brook ទីប្រឹក្សាបច្ចេកទេសទប់ស្កាត់ការជួញដូរសត្វព្រៃ បាននិយាយថា ការជួញដូរសត្វព្រៃ គឺជាបទល្មើសឆ្លងដែនដែលអាចរកចំណូលបានច្រើនជាងគេបំផុតលើពិភពលោក ដែលគិតជាទឹកប្រាក់មានប្រមាណចន្លោះពី៧ពាន់លាន ទៅ២៣ពាន់លានដុល្លារនៃចំណូលខុសច្បាប់ក្នុងមួយឆ្នាំៗ។
របាយការណ៍ទាក់ទងនឹងការជួញដូរសត្វព្រៃ ដែលបង្ហាញដោយលោកស្រី Sarah Brook បានកត់សម្គាល់ថា កម្ពុជាត្រូវបានគេចាត់ទុកថា ជាប្រទេសឆ្លងដែនដ៏ធំសម្រាប់ការនាំយកសត្វព្រៃដូចជា កុយ រមាស និងភ្លុកដំរីអាហ្វ្រិកជាលក្ខណៈសាកល ទៅលក់នៅទីផ្សារប្រទេសដទៃ ដែលអ្នកពាក់ព័ន្ធត្រូវតែពង្រឹងការយកចិត្តទុកដាក់ទប់ស្កាត់បទល្មើសនេះ។
ទីប្រឹក្សាបច្ចេកទេសទប់ស្កាត់ការជួញដូរសត្វព្រៃរូបនេះអះអាងដូច្នេះថា៖«យើងកំពុងតែសហការជាមួយស្ថាប័នរដ្ឋាភិបាល រដ្ឋបាលព្រៃឈើ ក្រសួងបរិស្ថាន មន្ត្រីគយ អាជ្ញាធរ និងក្រសួងយុត្តិធម៌ ដើម្បីពង្រឹងការអនុវត្តច្បាប់លើការជួញដូរសត្វព្រៃឲ្យមានប្រសិទ្ធភាព។ លើសពីនេះយើងក៏ត្រូវចាំបាច់ចោទប្រកាន់ និងផ្តន្ទាទោសអ្នកជួញដូរសត្វព្រៃ ព្រមទាំងដាក់ពិន័យទៅតាមទំហំនៃទោសកំហុសរបស់ពួកគេផងដែរ»។
បើតាមលោកស្រី Sarah Brook អ្នកសារព័ត៌មានក៏ជាដៃគូសំខាន់សម្រាប់ផ្សព្វផ្សាយអំពីការជួញដូរសត្វព្រៃ ដើម្បីជួយធ្វើយ៉ាងណាឲ្យមានការយកចិត្តទុកដាក់កាន់តែទូលំទូលាយពីរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា តំបន់គោលដៅដែលអង្គការអភិរក្សសត្វព្រៃ (WCS) កំពុងតែយកចិត្តទុកដាក់ទប់ស្កាត់ការជួញដូរសត្វព្រៃនៅកម្ពុជា មាន ដែនជម្រកសត្វព្រៃកែវសីមា ខេត្តមណ្ឌលគីរី និងក្រចេះ ដែនជម្រកសត្វព្រៃឆែប តំបន់បេតិកភណ្ឌធម្មជាតិភ្នំត្បែង និងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ខេត្តព្រះវិហារ តំបន់ការពារធម្មជាតិអាងត្រពាំងថ្ម ខេត្តបន្ទាយមានជ័យ តំបន់ព្រែកទ័លរាំសា ខេត្តបាត់ដំបង តំបន់ការពារធម្មជាតិភាគខាងជើងទន្លេសាប ខេត្តសៀមរាប និងកំពង់ធំ និងតំបន់អភិរក្សអណ្តើកហ្លួង ខេត្តកោះកុង៕