គិតត្រឹមថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ មានអត្តពលិកជាតិនិងអន្តរជាតិជាង១ពាន់នាក់មកពី៤៤ប្រទេសហើយ បានចុះឈ្មោះរត់ក្នុងព្រឹត្តិការណ៍រត់ចម្ងាយឆ្ងាយនៅតំបន់អង្គរ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨-១៩ ខែមករា ឆ្នាំ២០២០។ អ្វីដែលគួរឲ្យរំភើបនៅឆ្នាំនេះមានអត្តពលិកកម្ពុជាចំនួន៣រូបបានចុះឈ្មោះរត់ក្នុងវិញ្ញាសារត់ចម្ងាយ១២៨គីឡូម៉ែត្រ។ ក្រៅពីស្វែងរកមូលនិធិសប្បុរសធម៌ ទិវារត់ប្រណាំងនេះ ក៏ធ្វើដើម្បីទាក់ទាញភ្ញៀវទេសចរ និងរួមចំណែកការពារបរិស្ថានក្នុងតំបន់អង្គរផងដែរ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានបញ្ចាក់ថា មានអត្តពលិកចំនួន១,៣០០នាក់ហើយបានចុះឈ្មោះរត់ក្នុងព្រឹត្តិការណ៍រត់ចម្ងាយឆ្ងាយ Angkor Ultra Trail នៅតំបន់អង្គរ។ ចំនួននេះមានការកើនឡើង១០ភាគរយបើធៀបនឹងឆ្នាំមុន ដែលមានប្រមាណ១ពាន់នាក់។ តែយ៉ាងណាចំនួននេះអាចមានការប្រែប្រួល ព្រោះការចុះឈ្មោះនឹងបន្តរហូតជិតដល់ថ្ងៃប្រកួត។
ក្នុងចំណោមអត្តពលិកទាំងនេះ មានជនបរទេសជាង៧០០នាក់ ដោយពួកគេមកពី៤៤ប្រទេស ខណៈដែលបារាំងឈរលំដាប់ទី១មានអ្នកចូលរួមច្រើនជាងគេ ដែលតាមពីក្រោយដោយកម្ពុជា អង់គ្លេស និងកូរ៉េខាងត្បូង។ ការកើនឡើងនៃចំនួនអ្នកចូលរួម ធ្វើឲ្យគណៈកម្មការ ក៏ត្រូវបង្កើនការរៀបចំរបស់ខ្លួនឲ្យកាន់តែមានគុណភាពផងដែរ។
សកម្មភាពរត់ប្រណាំង Angkor Ultra Trail កាលពីឆ្នាំមុខ, រូបភាពពី Cambodia SEA Games
ក្រៅពីទស្សនាប្រាង្គប្រាសាទបុរាណ និងព្រៃប្រឹក្សាវតាវល្លិ៍ក្នុងបរិវេណរមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ កីឡាករជាតិនិងអន្តរជាតិអាចទស្សនាទេសភាពតាមវាលស្រែ និងដងភ្នំផងដែរ។ ដ្បិតពួកគេត្រូវរត់ឆ្លងកាត់វាលស្រែ ភ្នំ និងភូមិឃុំ ដែលជាមួលដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋ។ លើសពីនេះការចូលរួមរបស់ពួកគេ ក៏ជាការរួមចំណែកក្នុងអំពើមនុស្សធម៌ផងដែរ។
បើតាមលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ ព្រឹត្តិការណ៍ Angkor Ultra Trail រៀបចំឡើងដើម្បីទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិឲ្យមកទស្សនាតំបន់ទេសចរណ៍ក្នុងខេត្តសៀមរាប ប្រមូលមូលនិធិជួយអង្គការសប្បុរសធម៌ និងការពារបរិស្ថានក្នុងបរិវេណអង្គរជាដើម។
«គោលបំណងនៃព្រឹត្តិការណ៍នេះ គឺដើម្បីថែរក្សាការពារបរិស្ថាននៅក្នុងតំបន់បេតិកភណ្ឌអង្គររបស់យើង និងផ្សព្វផ្សាយនិងទាក់ទាញភ្ញៀវទេសចរក្រៅប្រទេសឲ្យមកទស្សនាតំបន់ទេសចរណ៍អង្គរ។ មួយវិញទៀត គឺដើម្បីបង្ហាញពីភាពចម្រុះនៃព្រឹត្តិការណ៍កីឡាករទេសចរណ៍នៅក្នុងតំបន់ទេសចរណ៍ឯករបស់កម្ពុជាយើង គឺតំបន់អង្គរក្នុងខេត្តសៀមរាប»។ នេះជាការលើកឡើងរបស់លោក វ៉ាត់ ចំរើន។
ក្រៅពីជួយលើកស្ទួយវិស័យទេសចរណ៍ ព្រឹត្តិការណ៍កីឡាទេសចរណ៍នេះ ក៏ជាផ្នែកមួយជួយលើកស្ទួយសេដ្ឋកិច្ចជាតិ និងបង្កើនចំណូលរបស់ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប។ ជាបទពិសោធទាំងអត្តពលិកជាតិ និងអន្តរជាតិភាគច្រើនតែងតែមកជាលក្ខណៈគ្រួសារ មិត្តភក្តិ និងក្រុមការងារ ហើយពួកគេអាចស្នាក់នៅខេត្តសៀមរាបលើសពីពីរថ្ងៃ ឬអាចឈានដល់មួយសប្តាហ៍។
ដូច៤លើកមុនៗដែរ ព្រឹត្តិការណ៍ Angkor Ultra Trail លើកទី៥នេះ មាន៥វិញ្ញាសា គឺរត់ចម្ងាយ១២៨គីឡូម៉ែត្រ, ៦៤គីឡូម៉ែត្រ, ៤២គីឡូម៉ែត្រ, ៣២គីឡូម៉ែត្រ និង២៣គីឡូម៉ែត្រ។ ការប្រកួតនឹងប្រព្រឹត្តទៅចន្លោះពីថ្ងៃទី១៨-១៩ ខែមករា ឆ្នាំ២០១៩ ដោយឆ្នាំនេះចេញដំណើរនៅម៉ោង៤ទៀបភ្លឺ ខណៈឆ្នាំមុនចេញដំណើរនៅម៉ោង១២យប់។
បើតាមអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាខាងលើការផ្លាស់ប្តូរពេលវេលាចេញដំណើរនេះ ព្រោះងាយស្រួលក្នុងការគ្រប់គ្រង និងថែរក្សាការពារសន្តិសុខ សុវត្ថិភាពជួនអត្តពលិកជាតិ និងអន្តរជាតិ។ ការធ្វើដូច្នេះ ក៏ជួយកាត់បន្ថយភាពអត់ងងុតរបស់អ្នករត់ និងក្រុមការងាររៀបចំ និងកងកម្លាំងសន្តិសុខផងដែរ។ ក្រៅពីខេត្តសៀមរាប គណៈកម្មការរៀបចំមានគម្រោងរៀបចំព្រឹត្តិការណ៍នេះ នៅតាមខេត្តផ្សេងៗជាពិសេសខេត្តនៅភូមិភាគឦសានដូចជារតនគិរី និងមណ្ឌលគិរីជាដើម៕
សកម្មភាពរត់ប្រណាំង Angkor Ultra Trail កាលពីឆ្នាំមុខ, រូបភាពពី Cambodia SEA Games