COVID-19
ជាតិ
ទ័ពមួកខៀវកម្ពុជា៣នាក់នៅម៉ាលីដែលឆ្លងកូវីដ-១៩ មានស្ថានភាពល្អប្រសើរច្រើនហើយ អ្នកស្រី កុសល ម៉ាលីនដា អគ្គនាយករងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព។
× ភ្នំពេញ៖ កងទ័ពយោធាមួកខៀវកម្ពុជា៣នាក់ នៅប្រទេសម៉ាលីដែលឆ្លងជំងឺកូវីដ-១៩(COVID-19) នោះ បានធូរស្រាលច្រើនពីជំងឺនេះហើយ។ នេះជាលើកឡើងរបស់អ្នកស្រី កុសល ម៉ាលីនដា អគ្គនាយិការងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ដោយបញ្ជាក់ថា អ្នកទាំង៣នាក់នោះ បន្តស្នាក់នៅ និងប្រើប្រាស់ថ្នាំព្យាបាលនៅក្នុងបន្ទាយទាហានដាច់ដោយឡែកក្នុងរយៈពេល១០ថ្ងៃទៀត ដោយរង់ចាំការយកសំណាកទៅធ្វើតេស្តបញ្ជាក់ថាពួកគេអវិជ្ជមាននៃជំងឺកូវីដ-១៩ ពីអង្គការសហប្រជាជាតិ (UN)។
អ្នកស្រី ម៉ាលីនដា បន្តប្រាប់សារព័ត៌មានថ្មីៗ (ThmeyThmey)តាមទូរសព្ទ នៅថ្ងៃទី៤ឧសភានេះ ថា សព្វថ្ងៃយោធាទាំង៣នាក់នោះ មានលក្ខណៈធូរស្រាលពីជំងឺកូវីដ-១៩ ប្រហែល៨៥ភាគរយហើយ ដោយ ក្នុងនេះមាន២នាក់ គឺមានសុខភាពល្អដូចមនុស្សទូទៅ ដោយមិនមានអាការៈឬរោគសញ្ញាអ្វីឡើយនៃជំងឺកូវីដ-១៩ និង១រូបទៀត នៅក្អកបន្តិចបន្តួច។
បើតាមអគ្គនាយិការងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពរូបនេះ ថ្វីដ្បិតថាកងកម្លាំងយោធាមួកខៀវ៣នាក់នោះ មានសុខភាពល្អធម្មតាដូចមនុស្សទូទៅ ពោលគឺគ្មានរោគសញ្ញាណាមួយនៃជំងឺកូវីដ-១៩ទៀតក៏ដោយ ក៏អ្នកទាំងនោះបន្តស្នាក់នៅ និងប្រើប្រាស់ថ្នាំព្យាបាល រហូតដល់មានការបញ្ជាក់ថាគ្មានមេរោគកូវីដ-១៩ នៅក្នុងខ្លួន។ អ្នកស្រី កុសល ម៉ាលីន បាននិយាយដូច្នេះ៖ «បច្ចុប្បន្ន យើងអត់ទាន់ហ៊ានអះអាងទេ ថាគាត់អវិជ្ជមាននៃជំងឺកូវីដ-១៩នេះ ដោយយើងនៅរង់ចាំការយកសំណាកធ្វើតេស្តជាលើកទី២ពីអង្គការសហប្រជាជាតិសិន»។
កងទ័ពមួកខៀវកម្ពុជា៣នាក់ដែលឆ្លងកូវីដ-១៩នៅម៉ាលី គឺស្ថិតក្នុងចំណោមកម្លាំងសរុប៨២នាក់ ដែលប្រចាំការតំបន់គីដាល់របស់ប្រទេសម៉ាលី ដោយអ្នកស្រី ម៉ាលីនដា បានបញ្ជាក់ថា ក្រៅពីកងទ័ពទាំង៣នាក់នោះ គឺគ្មានកងទ័ពកម្ពុជាឆ្លងមេរោគជំងឺកូវីដ-១៩នេះទៀតទេ។
បច្ចុប្បន្នកងកម្លាំងរក្សាសន្តិភាពកម្ពុជា ជាង៨០០នាក់ កំពុងបំពេញបេសកកម្មនៅប្រទេសចំនួន៨គឺ ស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ ស៊ីប ស៊ីរី ឆាដ ម៉ាលី និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល។ សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០៦ មក កម្ពុជា បានបញ្ជូនកងកម្លាំងរក្សាសន្តិភាពជាង៦ពាន់នាក់ហើយ ទៅបំពេញបេសកកម្មក្នុងប្រទេសទាំង៨នេះ ក្រោមឆត្រអង្គការសហប្រជាជាតិ៕
Tag:
ទាហានមួកខៀវ
កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com