អន្តរជាតិ
រដ្ឋមន្ត្រីការបរទេស​ម៉ាឡេស៊ី និង​ហ្វីលីពីន ឈ្លោះ​គ្នា​ពាក់ព័ន្ធ​ការទាមទារ​ទឹកដី​រដ្ឋ​សា​បា
31, Jul 2020 , 10:14 am        
រូបភាព
រូបភាព៖ straits times
រូបភាព៖ straits times
​រដ្ឋមន្ត្រី​ការទូត​ម៉ាឡេស៊ី និង​ហ្វីលីពីន បាន​ទាស់សម្តី​គ្នា​ជុំវិញ​ការទាមទារ​ទឹកដី​រដ្ឋ​សា​បារ​បស់​ម៉ាឡេស៊ី​។ ការ​ទាស់​ពាក្យសម្តី​គ្នា​នេះ ធ្វើឡើង​បន្ទាប់ពី​រដ្ឋមន្ត្រីការបរទេស​ហ្វីលីពីន ប្រតិកម្ម​ទៅនឹង​ស្ថានទូត​អាមេរិក​ដែល​បានសរសេរថា រដ្ឋ​សា​បា គឺជា​របស់​ម៉ាឡេស៊ី​។ បើតាម​ការអះអាង​រប​ស់​ហ្វីលីពីន រដ្ឋ​សា​បា គឺជា​របស់​ហ្វីលីពីន​។

 
​សរសេរ​នៅលើ​បណ្ត​ញ​សង្គម Twitter នៅ​ថ្ងៃទី​២៧ ខែកក្កដា រដ្ឋមន្ត្រីការបរទេស​ហ្វីលីពីន លោក Teodoro Locsin បាន​អះអាងថា រដ្ឋ​សា​បា មិនមែន​ស្ថិតក្នុង​ម៉ាឡេស៊ី​ទេ ប្រសិនបើ​ចង់​ធ្វើ​អ្វីមួយ ត្រូវ​មក​ធ្វើ​ជាមួយ​ហ្វីលីពីន​។ សំណេរ​របស់​ប្រមុខ​ការទូត​ហ្វីលីពីន ជាការ​ឆ្លើយ​ប​តប​ទៅនឹង​ស្ថានទូត​អាមេរិក ដែល​បាន​សរសេរ​នៅលើ​ការផ្តល់​សម្ភារ​រក្សា​អនាម័យ​ទៅ​ឲ្យ​ប្រជាជន​ហ្វីលីពីន ដែល​ជម្លៀស​ពី​រដ្ឋ​សា​បា​របស់​ម៉ាឡេស៊ី ទៅ​ហ្វីលីពីន​វិញ​។ 
 
​ជាការ​ឆ្លើយតប​នឹង​ហ្វីលីពីន រដ្ឋមន្ត្រីការបរទេស​ម៉ាឡេស៊ី លោក Hishammuddin Hussein បាន​សរសេរ​លើ​គណនី Twitter របស់ខ្លួន​ថា សំណេរ​របស់​ប្រមុខ​ការទូត​ហ្វីលីពីន គឺជា​ការមិន​ទទួលខុសត្រូវ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ទំនាក់ទំនង​ទ្វេភាគី​រវាង​ម៉ាឡេស៊ី និង​ហ្វីលីពីន​។ «​រដ្ឋ​សា​បា គឺជា និង​ជា​ផ្នែក​មួយ​របស់​ម៉ាឡេស៊ី​រហូត​ទៅ​»​។ លោក Hishammuddin បានលើកឡើង​បែបនេះ ដោយ​បន្ថែមថា លោក​នឹង​កោះហៅ​អគ្គរដ្ឋទូត​របស់​ហ្វីលីពីន​មក​ជជែក​គ្នា​ពី​បញ្ហា​នេះ​។ 
 
​យ៉ាងណាក៏ដោយ ហ្វីលីពីន មិនបាន​ដកថយ​ឡើយ​។ បើតាម​ការអះអាង​រប​ស់លោក Locsin សេចក្ដីថ្លែងការណ៍​រប​ស់លោក គឺជា​ការពិត​តាម​ប្រវត្តិសាស្ត្រ​។ ប្រមុខ​ការទូត​ហ្វីលីពីន ថែមទាំង​រិះគន់​ម៉ាឡេស៊ី​ទៀត ថា គ្មាន​ប្រទេស​ណាមួយ អាច​ប្រាប់​ប្រទេស​មួយទៀត ថា​អាចនិយាយបាន ឬ​មិនបាន ជុំវិញ​រឿង​ដែល​ទាក់ទង​នឹង​សិទ្ធិ​របស់គេ​ឡើយ​។ បន្ថែម​ពីលើ​នេះ ហ្វីលីពីន ក៏​ប្រាប់​ទៅ​ម៉ាឡេស៊ី​វិញ​ថា ខ្លួន​នឹង​កោះហៅ​អគ្គរដ្ឋទូត​ម៉ាឡេស៊ី ដើម្បី​មក​ជជែក​ពី​បញ្ហា​នេះដែរ​។​
 
​ការទារ​ម​ទារ​ទឹកដី​សា​បា ជា​ទំនាស់​យូរ​ឆ្នាំ​រវាង​សមាជិក​អាស៊ាន​ទាំងពីរ​។ ប្រមាណ​ជា​៣០០​ឆ្នាំមុន រដ្ឋ​សា​បា ត្រូវបាន​គ្រប់គ្រង​ដោយ​រដ្ឋ Sulu ដែល​ស្ថិតនៅ​ភាគខាងត្បូង​របស់​ហ្វីលីពីន​។ នៅក្នុង​ឆ្នាំ​១៨៧៩ ស្តេច​ស៊ុ​ល​តង់​របស់ Sulu បាន​ចុះហត្ថលេខា​ប្រគល់​រដ្ឋ​មួយ​នេះ​ឲ្យ​អង់គ្លេស​។ ហ្វីលីពីន បាន​អះអាងថា កិច្ចព្រមព្រៀង​នេះ គឺជា​កិច្ចព្រមព្រៀង​ជួល ជាជាង​ប្រគល់​ទឹកដី​ឲ្យ​អង់គ្លេស​។ ក្រោយមក រដ្ឋ​សា​បា បាន​ចូល​ជា​សហព័ន្ធ​ម៉ាឡេស៊ី​នៅ​ឆ្នាំ ១៩៦៣​។  នេះ​បើតាម​ការចុះផ្សាយ​របស់​របស់​សារព័ត៌មាន Straits Times​។​
 
​បន្ទាប់​ពីសា​បា​បាន​ក្លាយជា​របស់​ម៉ាឡេស៊ី រដ្ឋ​Sulu​ក៏បាន​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​ហ្វីលីពីន​ដែរ​។ ម្យ៉ាង​ម៉ាឡេស៊ី ក៏​នៅតែ​បន្ត​បង់ប្រាក់​មក​ឲ្យ​រដ្ឋ​Sulu ជាង​១០០០​ដុល្លារ​ក្នុង​១​ឆ្នាំ​ដែរ ដោយ​ផ្អែក​ទៅតាម​កិច្ចព្រមព្រៀង​ប្រវត្តិសាស្ត្រ​។​
 
​សូមបញ្ជាក់ថា នៅក្នុង​ឆ្នាំ​២០១៣ ប្រជាជន​ហ្វីលីពីន ដែល​តាំងខ្លួន​ជា​អ្នកជំនាន់ក្រោយ​របស់រ​ដ្ឋ Sulu ទាមទារ​យក​រដ្ឋ​សា​បា​មកវិញ ដែល​បង្ក​ឲ្យ​មានការ​ប៉ះទង្គិច​ជាមួយ​ប៉ូលិស​ម៉ាឡេស៊ី រហូត​មាន​អ្នកស្លាប់​ជាច្រើន​នាក់​៕ 

Tag:
 ​ម៉ាឡេស៊ី​
  ហ្វីលីពីន
© រក្សាសិទ្ធិដោយ thmeythmey.com