សង្គមអន្តរជាតិ
អន្តរជាតិ
នាវាចម្បាំងអាមេរិកបើកច្រកសមុទ្រតៃវ៉ាន់ជាថ្មី, ចិនថា ជាសកម្មភាពញុះញង់ នាវាពិឃាតបំពាក់មីស៊ីលប្រដេញ USS Barry បើកនៅក្នុងច្រកសមុទ្រតៃវ៉ាន់ នៅថ្ងៃទី១៤ ខែតុលាឆ្នាំ២០២០។ រូបភាព៖U.S. NAVY
× យោធាចិន នៅថ្ងៃទី១៥ ខែតុលា បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោស នាវាចម្បាំងអាមេរិកមួយគ្រឿង ដែលបានបើកឆ្លងកាត់ច្រកសមុត្រតៃវ៉ាន់។ សកម្មភាពរបស់អាមេរិកបែបនេះ ត្រូវបានយោធាចិនចាត់ទុកថា ជាសកម្មភាពញុះញង់ និងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ខ្លួន។
នាវាពិឃាតបំពាក់មីស៊ីលប្រដេញ USS Barry បានបើកកាត់ច្រកសមុទ្រតៃវ៉ាន់នៅថ្ងៃទី១៤ ខែតុលា ដោយអាមេរិកចាត់ទុកថាការឆ្លងច្រកសមុទ្រតៃវ៉ាន់តាមទម្លាប់។ អ្នកនាំពាក្យកងនាវាទី៧របស់កងទ័ពជើងទឹកអាមេរិក លោកស្រី Reann Mommsen បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការបើកកាត់ច្រកសមុទ្រតៃវ៉ាន់នេះ ផ្អែកលើសេរីភាពនៃនាវាចរណ៍ និងផ្អែកតាមច្បាប់សមុទ្រអន្តរជាតិ។
ការបើកកាត់ច្រកសមុទ្រតៃវ៉ាន់របស់អាមេរិកបែបនេះ មិនធ្វើឲ្យចិនសប្បាយចិត្តឡើយ ហើយចេញសេចក្តីថ្លែងការណ៍ឲ្យបញ្ឈប់សកម្មភាពថែមទៀត។ អ្នកនាំពាក្យទីបញ្ជាការដ្ឋានភូមិភាគខាងកើតរបស់កងទ័ពចិន លោក Zhang Chunhui បានអះអាងយ៉ាងដូច្នេះថា៖ «អាមេរិក តែងតែបញ្ជូនសញ្ញាខុសទៅកងកម្លាំងឯករាជ្យតៃវ៉ាន់»។ ក្នុងន័យនេះ យោធាចិន បានចាត់ទុកកងនាវាជើងទឹកអាមេរិកថា ធ្វើឲ្យប៉ះពាល់សន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់។
ទាក់ទិននឹងបញ្ហាខាងលើ អ្នកនាំពាក្យទីបញ្ជាការដ្ឋានភូមិភាគខាងកើតចិនរូបនេះ បានទាមទារអាមេរិក បញ្ឈប់សកម្មភាពបង្កការញុះញង់ និងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនៅច្រកសមុទ្រតៃវ៉ាន់ទៀត។ មិនត្រឹមតែប៉ុណ្ណោះ យោធាចិន បានប្តេជ្ញាការពារទឹកដីរបស់ខ្លួន រួមទាំងសន្តិភាព និងស្ថិរភាពនៅក្នុងច្រកសមុទ្រតៃវ៉ាន់ថែមទៀត។
សម្រាប់ចិន តៃវ៉ាន់ គឺជាខេត្តមួយរបស់ខ្លួន ស្របពេលតៃវ៉ាន់ចាត់ទុកខ្លួនឯងថា គឺជារដ្ឋឯករាជ្យពីចិន។ ចិនតែងតែព្រមានម្តងហើយម្តងទៀតថា អាចនឹងប្រើប្រាស់កម្លាំងយោធា ក្នុងការវាយសង្គ្រប់តៃវ៉ាន់ថែមទៀត ប្រសិនបើចាំបាច់។
សូមបញ្ជាក់ថា មួយរយៈចុងក្រោយនេះ អាមេរិក បានខិតទៅជិតតៃវ៉ាន់យ៉ាងខ្លាំង។ កន្លងមកអាមេរិក បានបញ្ជូនមន្ត្រីជាន់ខ្ពស់ទៅតៃវ៉ាន់ជាបន្តបន្ទាប់ ដែលធ្វើឲ្យចិនចាត់ទុកថា ជាសកម្មភាពជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ខ្លួន បើទោះបីជាអាមេរិក បានទទួលស្គាល់គោលការណ៍ «ចិនតែមួយ» ក៏ដោយ។
នៅថ្ងៃទី៧ ខែតុលាកន្លងទៅ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោកRobert O'Brien បានព្រមានចិនជាថ្មីថា អាមេរិកមានជម្រើសមិនច្បាស់លាស់ជាច្រើន ដើម្បីឆ្លើយតបនឹងការវាយប្រហាររបស់ចិនលើតៃវ៉ាន់៕
© រក្សាសិទ្ធិដោយ thmeythmey.com