ជាតិ
មនុស្សប្រមាណ១ពាន់នាក់ជួបជុំគ្នារៀបចំយុទ្ធនាការទីក្រុងមានសុវត្តិភាពសម្រាប់ស្ត្រី
×
ក្រុមអង្គការសង្គមស៊ីវិល យុវជន និងកម្មករប្រមាណ១ពាន់នាក់ នឹងជួបជុំគ្នាប្រារព្ធយុទ្ធនាការទីក្រុងមានសុវត្តិភាពសម្រាប់ស្ត្រី នៅទីលានប្រជាធិបតេយ្យ ដើម្បីអបអរទិវានារីអន្តរជាតិលើកទី ១០៤ ៨មិនា។ យុទ្ធនាការនេះ ប្រារព្ធឡើងក្រោមពាក្យស្លោក«សំឡេងអ្នកជាអំណាច បំបាត់អំពើហិង្សាលើស្ត្រី» ដែលនឹងចាប់ផ្តើមពីម៉ោង៣រសៀលដល់ម៉ោង៧យប់ ។
បើតាមការឲ្យដឹងពីអ្នកស្រី អុល ពុទ្ធាវុធ មន្ត្រីកម្មវិធីជាន់ខ្ពស់របស់អង្គការ Action Aid Cambodia បានថ្លែងប្រាប់សារព័ត៌មានថ្មីៗនៅថ្ងៃនេះថា យុទ្ធនាការទីក្រុងមានសុវត្តិភាពសម្រាប់ស្ត្រីនេះ ក្នុងគោលបំណងជំរុញឲ្យប្រជាពលរដ្ឋខ្មែរ ជាពិសេសហ៊ានបញ្ចេញមតិ ចែករំលែកបទពិសោធន៍ និងប្រាប់ពីបញ្ហាប្រឈមរបស់ពួកគាត់នៅតាមទីសាធារណៈ ដើម្បីឈានទៅលុបបំបាត់អំពើហិង្សាលើស្ត្រី។
អ្នកស្រីបន្តថា អំពើហិង្សាលើស្ត្រីនៅទីនេះ គឺមិនសំដៅតែអំពើហិង្សាក្នុងគ្រួសារលើស្ត្រីនោះទេ ប៉ុន្តែសំដៅទៅលើការរំលោភបំពានផ្លូវភេទ ការរើសអើង ការប្រើប្រាស់ពាក្យសម្តីមិនសមរម្យ ឬកាយវិការមើលងាយជាដើម។
សូមបញ្ជាក់ថានៅក្នុងយុទ្ធនាការនេះ ក៏មានការចែកខិតប័ណ្ណនិយាយអំពីបញ្ហាប្រឈមរបស់ស្ត្រី និងផលអវិជ្ជមានមួយចំនួននៅពេលដែលស្ត្រីមិនត្រូវបានគេឲ្យតម្លៃ ហើយអ្នកចូលរួមទាំងអស់ នឹងទទួលបានអាវយឺតពណ៌ស្វាយម្នាក់មួយ ដែលពណ៌ស្វាយនេះ តំណាងឲ្យពណ៌របស់យុទ្ធនាការទីក្រុងមានសុវត្តិភាពសម្រាប់ស្ត្រី និងតំណាងឲ្យស្ត្រី និងការផ្លាស់ប្តូរ៕
© រក្សាសិទ្ធិដោយ thmeythmey.com