ជាតិ
សង្គមជាតិ
យោធាអាមេរិក និងយោធាកម្ពុជាផ្តើម សមយុទ្ធមនុស្សធម៌នៅថ្ងៃសៅរ៍នេះ លោកឧត្តមសេនីយ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទក្នុងឱកាសបើកសមយុទ្ធឆ្មាំអង្គរ ឆ្នាំ២០១៤
× កងទ័ពកម្ពុជា និងកងទ័ពសហរដ្ឋអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក បានចាប់ផ្តើមសមយុទ្ធប្រចាំឆ្នាំ នៅថ្ងៃសៅរ៍នេះ ដើម្បីហ្វឹកហាត់ការផ្តល់ជំនួយមនុស្សធម៌។ សមយុទ្ធរយៈពេល២សប្តាហ៍នេះ ត្រូវប្រព្រឹត្តិទៅនៅក្នុងខេត្តកំពង់ស្ពឺ។
សមយុទ្ធឆ្មាំអង្គរ គឺជាសមយុទ្ធទ្វេភាគីប្រចាំឆ្នាំរបស់យោធាអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក និងយោធាកម្ពុជា។ ឆ្នាំ២០១៥នេះ គឺជាឆ្នាំទី៦ហើយ ដែលកងទ័ពទាំងពីរត្រូវហ្វឹកហាត់រួមគ្នាដើម្បីពង្រឹងសមត្ថភាពរក្សាសន្តិភាព និងជំនួយមនុស្សធម៌។ សមយុទ្ធដែលត្រូវចាប់ផ្តើមពីថ្ងៃទី៧មីនា នឹងបញ្ចប់នៅថ្ងៃទី២០មីនា ត្រូវរៀបចំធ្វើនៅក្នុងខេត្តកំពង់ស្ពឺ។ ប៉ុន្តែពិធីបើកសមយុទ្ធផ្លូវការនឹងត្រូវរៀបចំធ្វើនៅថ្ងៃទី៩ខែមីនា។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា សមយុទ្ធនេះនឹងផ្តោតលើប្រតិបត្តិការផ្តល់ជំនួយក្នុងគ្រោះមហន្តរាយ និងជំនួយមនុស្សធម៌ តាមរយៈសកម្មភាពហ្វឹកហ្វឺនសំខាន់ៗដូចជា លំហាត់នៅប៉ុស្តបញ្ជាការ គំរោងសកម្មភាពវិស្វករបម្រើជនស៊ីវិល ការផ្លាស់ប្តូរផ្នែកសិក្សាស្រាវជ្រាវនៃវិស្វករឯកទេស ការកំចាត់គ្រឿងផ្ទុះ ការផ្លាស់ប្តូរផ្នែកសិក្សាស្រាវជ្រាវនៃអ្នកឯកទេសទាក់ទងនឹងការតស៊ូ និងប្រតិបត្តិការនៅក្នុងព្រៃជាដើម។ សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកសរសេរបន្ត ដោយរៀបរាប់អំពីសកម្មភាពហ្វឹកហាត់ លំហាត់នៅប៉ុស្តបញ្ជាការផងដែរ។ លំហាត់ទាំងនេះរួមមាន៖ ការសិក្សាស្រាវជ្រាវស្តីពីការផ្តល់ជំនួយក្នុងគ្រោះមហន្តរាយនិងជំនួយមនុស្សធម៌ក្នុងលក្ខណៈលំអិត ការកសាងក្រុមខ្លាំង និងដំណើរប្រព្រឹត្តទៅនៃការងារបុគ្គលិក ហើយនិងការហ្វឹកហ្វឺនតាមប្រព័ន្ធទាក់ទង និងតាមកុំព្យូទ័រជាក់ស្តែងដែលចាំបាច់សំរាប់បំពេញបេសកកម្មសនិ្តសុខដែលមានភាពស្មុគស្មាញ។
គួររម្លឹកថា កងកម្លាំងយោធារបស់សហរដ្ឋអាមេរិក និងកម្ពុជាប្រមាណ១ពាន់នាក់បានចូលរួមក្នុងសមយុទ្ធឆ្មាំអង្គរកាលពីឆ្នាំ២០១៤កន្លងទៅ។ នៅក្នុងក្របខណ្ឌនៃការពង្រីងទំនាក់ទំនងទ្វេភាគី សហរដ្ឋាអាមេរិកបានបន្ថែមកិច្ចសហប្រតិបត្តិការលើវិស័យយោធាជាមួយកម្ពុជា។ ក្រៅពីសមយុទ្ធយោធានេះ កងម៉ារីនរបស់សហរដ្ឋអាមេរិកប្រចាំតំបន់នានាតែបានចូលមកផ្តល់ជំនួយមនុស្សធម៌ដល់ពលរដ្ឋកម្ពុជាដែលរស់នៅក្នុងតំបន់ជាប់សមុទ្ររបស់កម្ពុជា។ សកម្មភាពទាំងនោះរួមមាន ការព្យាបាល ការជួយជួសជុលមណ្ឌលសុខភាព សាងសង់ផ្ទះ ជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com