ពិភពតារា៖ កែម សុខពិសី ម្តាយដាក់បំរាមមិនឲ្យច្រៀងពេលយប់
×
ភ្នំពេញ៖ តារាម៉ូដែលនិងចម្រៀង នាង កែម សុខពិសី វ័យ២៤ឆ្នាំ ថ្មីៗនេះបានអះអាងថា នាងមិនចេញច្រៀងនៅតាមភោជនីយដ្ឋាននោះទេ ព្រោះការច្រៀងយប់ពេកគ្មានអ្នកជូនទៅមកម្ល៉ោះហើយម្តាយនាងមិនអនុញ្ញាតទេ តែបើឡើងច្រៀងជាកិត្តិយសនៅតាមស្ថានីយទូរទស្សន៍គឺម្តាយនាង OK ។
ការប្រឡូកខ្លួនចូលក្នុងពិភពសិល្បៈសម្តែងដើរម៉ូដ និងច្រៀងនេះ ពិសី ប្រាប់ថា ដោយសារតែនាងមានឧបនិស្ស័យស្រឡាញ់សិល្បៈតាំងពីដឹងក្តីមក។ នៅឆ្នាំ២០០៣ នាងបានចូលហ្វឹកហាត់រៀនសម្តែង ច្រៀង និងថតសំឡេងឱ្យផលលិតកម្មយូធូបានប្រហែល១០បទ។ ក្រោយមកនាងក៏ចេញសម្តែងថតកាយវិការខារ៉ាអូខេឱ្យផលិតកម្ម ក្រៅប្រទេសមួយចំនួន និងសម្តែងថតស្ប៉តរឿងខ្លីៗ បែបអប់រំសុខភាព និងការយល់ដឹងពីសង្គមផ្សេងៗឱ្យអង្គការក្រៅរដ្ឋាភិបាលមួយចំនួនទៀត ។
ក្រៅពីនេះម្តងម្កាល ពិសីតែងតែឡើងច្រៀងជាកិត្តិយសនៅលើឆាកប្រគំតន្ត្រី ចុងសបា្តហ៍តាមស្ថានីយទូរទស្សន៍នានា ដូចជាទូរទស្សន៍ប៉ុស្តិ៍លេខ៣ ប៉ុស្តិ៍លេខ១១ និងសម្តែងដើរម៉ូដតាមបណ្តាក្រុមហ៊ុននានាផងដែរ ។ សព្វថ្ងៃ ក្រៅពីខិតខំប្រឹងប្រែងសិក្សារៀនសូត្រ និងឆ្លៀតពេលទំនេរចេញថតខារ៉ាអូខេ និងថតស្ប៉តទៅថ្ងៃអនាគត នាងចង់បង្កើតការងាររកស៊ីដោយខ្លួនឯង គឺចង់បើកហ្គារ៉ាសជួសជុលរថយន្ត ។
នៅពេលសួរថា តើកន្លងមក និងសព្វថ្ងៃនាងមានគូគាប់ភ្ជាប់និស្ស័យស្នេហាហើយឬនៅ? កញ្ញាកែម សុខពិសី ឆ្លើយទាំងញញឹមថា «នាងខ្ញុំមានបេះដូងក្រពុំស្អាតល្អណាស់ តាំងពីពេញវ័យមក មិនដែលមានជាប់ពាក់ព័ន្ធរឿងស្នេហាជាមួយបុរសណាម្នាក់ នៅឡើយទេ ហើយក៏មិនទាន់ចង់បានដែរ ព្រោះជាប់រវល់ការងារច្រើន គឺរវល់សិក្សាផង ការងារក្រុមហ៊ុនផង និងការងារសិល្បៈផងដែរ»៕
© រក្សាសិទ្ធិដោយ thmeythmey.com