អន្តរជាតិ
នយោបាយអន្តរជាតិ
យេមែនធ្លាក់ក្នុងភាពអនាធិបតេយ្យ ប្រទេសអារ៉ាប់ចង់មានកងទ័ពរួមគ្នាមួយ
×
ការវាយលុកទៅមុខរបស់កងប្រដាប់អាវុធហ៊ូស៊ីនៅយេមែន បានធ្វើអោយបណ្តាប្រទេសអារ៉ាប់ ដែលប្រជុំគ្នាថ្ងៃសៅរ៍ម្សិលមិញ នៅអេហ្ស៊ីប ចង់បង្កើតកងទ័ពរួមគ្នាមួយ ដើម្បីជួយយេមែន។
មានសំឡេង
កងកម្លាំងទ័ពអារ៉ាប់រួមគ្នានេះមានទិសដៅចំបងប្រយុទ្ធនឹង ក្រុមជីហាតរដ្ឋអ៊ីស្លាមនិកាយ ស៊ុននីត ដែលកំពុងគំរាមកំហែងនៅអ៊ីរ៉ាក់ ស៊ីរី លីប៊ី និងអេហ្ស៊ីប។ ដោយសារពេលនេះ យេមែន ធ្លាក់ក្នុងភាពអនាធិបតេយ្យកាន់តែខ្លាំង ដោយសារកងកម្លាំងប្រដាប់អាវុធហ៊ូស៊ី ក្រោមជំនួយ កងទ័ពរបស់អតីតប្រធានាធិបតី សាឡេ បានដណ្តើមកាន់កាប់ដែនដីមួយចំនួនធំក្នុងស្រុក ដូច្នេះ កងទ័ពអារ៉ាប់រួមគ្នានេះ មានទិសដៅទៅជួយយេមែន វាយប្រហារក្រុមប្រដាប់អាវុធហ៊ូស៊ីនិកាយស្ហ៊ីអ៊ីតផងដែរ។
ប្រធានាធិបតីអេហ្ស៊ីប អាប់ឌែល ហ្វាតា ហ៊ែល ស៊ីសស៊ី បានការពារគំនិតបង្កើត កងទ័ពអារ៉ាប់ រួមនេះ យូរហើយ។ ដោយឃើញកងប្រដាប់អាវុធហ៊ូស៊ីនៅយេមែនវាយលុកបានលឿនដូច្នេះ លោកស៊ីសស៊ី បានសំដែងការគាំទ្រយ៉ាងពេញទំហឹងចំពោះអារ៉ាប៊ីសាអូឌីត ដែលកំពុងបើកប្រតិបត្តិការយោធាកំ ទេចក្រុមហ៊ូស៊ី នៅយេមែន។ ព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត Salman ben Abdelaziz el-Saoud បាន ប្រ កាសថា ប្រតិបត្តិការយោធានេះ ទោះជាត្រូវការពេលយូរប៉ុណ្ណាក៏ត្រូវតែបន្តធ្វើដែរ ដើម្បីរៀបចំអំណាចស្របច្បាប់យេមែនឡើងវិញ។ គួររំលឹកថា អារ៉ាប៊ីសាអូឌីត បានចូលទៅវាយក្រុមហ៊ូស៊ីនៅយេមែនក៏ដោយសារចង់ទប់ឥទ្ធិពលរបស់អ៊ីរ៉ង់ ផងដែរ។ អារ៉ាប៊ីសាអូឌីតបានចោទអ៊ីរ៉ង់ថា បានជួយកងកម្លាំងហ៊ូស៊ី ដែលបានដណ្តើមអំណាចពីប្រធានាធិបតីហាឌីម៉ាន់សួ មកកាន់កាប់ កាលពីចុងខែមករា។
យេមែនកាន់តែធ្លាក់ដុនដាបក្នុងភាពអនាធិបតេយ្យ អសន្តិសុខ មានចោរប្លន់ ដោយសារតែគ្មានកង ការពារសន្តិសុខប្រជាជន។ ប្រធានាធិបតីស្របច្បាប់ ហាឌី បានចាកចេញពីក្រុងកំពង់ផែអាដេន ភាគ ខាងត្បូង ទៅជ្រកកោននៅអារ៉ាប៊ីសាអូឌីត ដើម្បីគេចពីកងកម្លាំងហ៊ូស៊ីដែលបានចូល កាន់ កាប់ ក្រុងអាដេន។ នៅថ្ងៃសៅរ៍ម្សិលមិញ កន្លែងស្តុកអាវុធធំមួយ នៅមិនឆ្ងាយពីកំពុងផែអាដេន បាន រង ការផ្ទុះ ធ្វើអោយរញ្ជួយក្រុងទាំងមូលតែម្តង៕
© រក្សាសិទ្ធិដោយ thmeythmey.com