ជាតិ
នយោបាយជាតិ
បក្សមូលដ្ឋានមិនអាចបង្កើតទាន់ពេលដូចការគ្រោងទុក
×
ស្ថាបនិកមួយរូបនៃក្រុមខ្មែរដើម្បីខ្មែរ លោក យ៉ង សាំងកុមារ បានអះអាងថា គណបក្សថ្មីរបស់ក្រុមលោកដែលចង់បង្កើតឲ្យចេញជារូបរាងក្នុងពេលពិធីបុណ្យចូលឆ្នាំ ដើម្បីជាកាដូជូនពលរដ្ឋខ្មែរក្នុងពិធីបុណ្យនេះ មិនអាចបង្កើតទាន់ពេលដូចការគ្រោងទុកនោះឡើយ។ លោកថា មកដល់ពេលនេះ គណបក្សមូលដ្ឋានរបស់ក្រុមលោកនៅមិនទាន់ដាក់ពាក្យទៅក្រសួងមហាផ្ទៃផង។
មិនអាចសម្រេចដូចបំណងរបស់ លោក យ៉ង សាំងកុមារ និងក្រុមរបស់លោកឡើយ ជុំវិញការបង្កើតគណបក្សថ្មី ដែលលោក យ៉ង សាំងកុមារ ធ្លាប់ប្រកាសថា គណបក្សរបស់ក្រុមលោកនឹងចេញជារូបរាងផ្លូវការក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ដើម្បីជូនជាកាដូសម្រាប់ពលរដ្ឋនោះ។ ទីបំផុត លោក យ៉ង សាំងកុមារ ទទួលស្គាល់ថា ពិធីបុណ្យចូលឆ្នាំនៅសល់តែប៉ុន្មានថ្ងៃខាងមុខទៀតប៉ុណ្ណោះ គណបក្សមូលដ្ឋានរបស់ក្រុមលោកមិនអាចបង្កើតទាន់ពេលដូចការអះអាងរបស់លោកកន្លងមកនោះទេ។ មិនទាន់ពេល ត្រូវលោកបណ្ឌិត យ៉ង សាំងកុមារ ពន្យល់យ៉ាងនេះថា៖« យើងត្រូវការពេលវេលាបន្ថែមទៀត ដើម្បីបង្រៀន និងពង្រឹងសមត្ថភាពអ្នកចង់ចូលរួមជាមួយយើងនៅតាមឃុំ។ យើងចង់ឲ្យអ្នកចូលរួមជាមួយគណបក្សយើង ដែលអនាគតជាអ្នកដឹកនាំគេមានសមត្ថភាពគ្រប់គ្រាន់ក្នុងការវិភាគ និងពិចារណា ដើម្បីដោះស្រាយបញ្ហាជាតិ » ។
តែយ៉ាងណាលោក យ៉ង សាំងកុមារ អះអាងថា គម្រោងបង្កើតគណបក្សមូលដ្ឋានរបស់ក្រុមលោក នៅតែបន្តទៅមុខជានិច្ច។ លោក សាំងកុមារ បញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗថា ថ្វីដ្បិតគណបក្សរបស់ក្រុមលោកបង្កើតមិនទាន់ពិធីបុណ្យចូលឆ្នាំមែន តែលោក អះអាងថា យ៉ាងយូរនៅត្រឹមចុងខែមិថុនា និងដើមខែកក្កដា ឆ្នាំ ២០១៥ ខាងមុខ គណបក្សរបស់លោក នឹងចេញជារូបរាង៕
© រក្សាសិទ្ធិដោយ thmeythmey.com