សង្គមអន្តរជាតិ
កេនយ៉ាផ្តើមសងសឹកដោយកម្ទេចក្រុម Al Shabab នៅសូម៉ាលី
× រដ្ឋាភិបាលកេនយ៉ាបានបញ្ជាអោយកងទ័ពជើងអាកាសខ្លួនទម្លាក់គ្រាប់បែកប្រឆាំងក្រុមភេរវជន Al Shabab នៅប្រទេសសូម៉ាលីនៅរសៀលថ្ងៃចន្ទនេះ។ ការវាយប្រហារតាមផ្លូវអាកាសនេះ កើតមានឡើងក្រោយពេលដែលក្រុមភេរវជនខាងលើវាយប្រហារសិស្សនិស្សិតនៅសាកលវិទ្យាល័យមួយនាទីក្រុងណៃរូប៊ី សម្លាប់មនុស្សអស់យ៉ាងហោចណាស់១៤០នាក់។
យន្តហោះចម្បាំងនៃកងទ័ពជើងអាកាសកេនយ៉ាចាប់ផ្តើមយុទ្ធនាការរបស់ខ្លួនកម្ទេចជំរុំក្រុមភេរវជនអាល់សាបាប ដែលស្ថិតនៅក្នុងប្រទេសសូម៉ាលី។ ការវាយប្រហារនេះត្រូវបានគេចាត់ទុកជាការសងសឹកនិងតាមបំបែកសម្បុកក្រុមភេររជនជ្រុលនិយមនៅសូម៉ាលី ដែលហ៊ានប្រព្រឹត្តអំពើព្រៃផ្សៃអមនុស្សធម៌ សម្លាប់ប្រជាជនកេនយ៉ាអស់រាប់រយនាក់កាលពីសប្តាហ៍មុន។ ក្រុមភេរវជនសូម៉ាលីនេះ បានបើកការវាយប្រហារសម្លាប់រង្គាលប្រជាជនកេនយ៉ានៅក្នុងសាកលវិទ្យាល័យរដ្ឋ Garissa នារដ្ឋធានីណៃរូប៊ីដែលបានសម្លាប់សិស្សនិស្សិតយ៉ាងហោចណាស់ ១៤០នាក់។
បើយោងតាមការអោយដឹងពីសំណាក់មន្ត្រីយោធកេនយ៉ា ការវាយប្រហារនេះផ្តោតលើទីតាំងសំខាន់ៗចំនួនពីរកន្លែងជាជំរុំលាក់ខ្លួននិងហ្វឹកហាត់របស់ក្រុមនេះក្នុងនោះមានដូចជា Gondodowe និង Ismail។ ប៉ុន្តែយ៉ាងណាក៏ដោយ គេមិនទាន់បានដឹងនៅឡើយទេថា ក្រោយការវាយប្រហារមានក្រុមសកម្មប្រយុទ្ធនៃក្រុមនេះប៉ុន្មាននាក់ត្រូវសម្លាប់។ ទីតាំងទាំងពីរខាងលើមិនឆ្ងាយប៉ុន្មានពីព្រំដែនកេនយ៉ាឡើយ ហើយជារឿយៗក្រុមអាល់សាបាបនេះ ឆ្លងដែនតាមរយៈទីតាំងខាងលើដើម្បីមកវាយប្រហារកេនយ៉ាផង៕
© រក្សាសិទ្ធិដោយ thmeythmey.com