អន្តរជាតិ
នយោបាយអន្តរជាតិ
ភេរវកម្មសម្លាប់មនុស្ស៣៣នាក់នៅអាហ្វហ្កានីស្ថាន អាជ្ញាធរទម្លាក់កំហុសលើក្រុមជីហាតរដ្ឋអ៊ីស្លាម
×
មនុស្ស៣៣នាក់បានស្លាប់ និងជាង១០០នាក់ទៀតរងរបួសនៅថ្ងៃសៅរ៍ម្សិលមិញ ក្នុងភេរវកម្មបំផ្ទុះគ្រាប់បែកអត្តឃាតមួយ នៅក្រុងJalalabad ភាគខាងកើតអាហ្វហ្កានីស្ថាន។ ក្រុមតាលីបង់អាហ្វហ្កានីស្ថាន បានថ្កោលទោសភេរវកម្មនេះ ខណៈប្រធានាធិបតីAshraf Ghani ប្រកាសថា ក្រុមជីហាតរដ្ឋអ៊ីស្លាមបានបង្កហិង្សានេះឡើង។
នៅក្រុងJalalabad ភាគខាងកើតប្រទេសជាប់ព្រំដែនជាមួយប៉ាគីស្ថាន ថ្ងៃសៅរ៍ម្សិលមិញ ភេរវជនអត្តឃាតបានចូលទៅវាយប្រហារនៅមុខសាខាធនាគារឯកជនមួយកន្លែង ក្នុងពេលដែលបុគ្គលិកធនាគារកំពុងនាំគ្នាបើកប្រាក់ខែ។ ភេរវកម្មម្សិលមិញ គឺជាភេរវកម្មសម្លាប់មនុស្សច្រើនបំផុត គិតចាប់ពីខែកញ្ញាឆ្នាំ២០១៤មក។ បើភេរវកម្មនេះពិតជាស្នាដៃរបស់ក្រុមជីហាតរដ្ឋអ៊ីស្លាមដូចការលើកឡើងរបស់អាជ្ញាធរមែន វាជាភេរវកម្មដ៏ធំលើកដំបូងរបស់ក្រុមនេះ ក្នងតំបន់ជាសំបុកក្រុមតាលីបង់ និងក្រុមអាល់កៃដា។
ប៉ុន្មានខែចុងក្រោយនេះ មេដឹកនាំអាហ្វហ្កានីស្ថានជាច្រើនរូបបានសំដែងការព្រួយបារម្ភខ្លាចក្រុមជីហាតវាតទីមកដល់អាហ្វហ្កានីស្ថាន។ ផ្ទុយទៅវិញអ្នកជំនាញគិតថា នេះជាយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំ ដើម្បីទទួលបានជំនួយពីប្រទេសលោកខាងលិចកាន់តែច្រើន ខណៈអង្គការអូតង់កាត់បន្ថយកងកម្លាំងខ្លួនក្នុងប្រទេសមួយនេះ។ អូតង់បានបញ្ចប់បេសកកម្មរបស់ខ្លួន តាំងពីខែធ្នូឆ្នាំមុន តែនៅបន្តជួយបង្វឹកជំនាញដល់កងទ័ពអាហ្វហ្កានីស្ថាន។ កងទ័ពអូតង់នៅអាហ្វហ្កានីស្ថានសព្វថ្ងៃ មានប្រមាណ១២ ៥០០នាក់ ក្នុងនោះមានកងទ័ពអាមេរិក៩៨០០នាក់។
ដោយឡែក ក្រុមតាលីបង់នៅតែបន្តហិង្សាក្នុងស្រុក។ សប្តាហ៍មុន ក្រុមតាលីបង់បានវាយប្រហារ២លើក សម្លាប់ជនស៊ីវិលយ៉ាងហោច១៥នាក់។ នៅភាគខាងកើតវិញ ទាហានអាហ្វហ្កានីស្ថាន១៨នាក់បានស្លាប់ ក្នុងការវាយប្រហារមួយផ្សេងទៀត របស់ក្រុមតាលីបង់។ ក្រុមតាលីបង់បដិសេធចរចាជាមួយរដ្ឋាភិបាល ដរាបណាកងទ័ពបរទេសមិនទាន់ដកចេញអស់ពីអាហ្វហ្កានីស្ថាន៕
© រក្សាសិទ្ធិដោយ thmeythmey.com