ជាតិ
បទវិភាគ
ហេតុអ្វីថ្នាក់ដឹកនាំខេត្តនាំគ្នាសម្រុកទៅសៀមរាប ដោយមិនគិតគូរៀបចំកម្មវិធីមូលដ្ឋានខ្លួន?
× ភ្នំពេញ៖ ក្នុងការរៀបចំទិវាបុណ្យចូលឆ្នាំថ្មីនាពេលកន្លងមកនេះ មានវត្តអារាមតិចតួចប៉ុណ្ណោះដែលបានរៀបចំឱ្យមានការលេងល្បេងប្រជាប្រិយ និងមានតែ ខេត្ត ក្រុង តិចតួចប៉ុណ្ណោះដែលបានរៀបចំពិធីចូលឆ្នាំថ្មីជាផ្លូវការនៅក្នុងដែនដីរបស់ខ្លួន។ ក្រៅពីនោះ គណៈអភិបាលរាជធានី ខេត្ត ក្រុងដទៃទៀត បានត្រឹមទៅចូលរួមហែហមប្រមុខដឹកនាំរាជរដ្ឋាភិបាលដែលបានអញ្ជើញទៅចូលរួមពិធីអង្គរសង្ក្រាននៅសៀមរាបតែប៉ុណ្ណោះ ដោយទុកឱ្យរាជធានី ខេត្ត ក្រុងរបស់ខ្លួន មានសភាពស្ងាត់ជ្រងំ ជាពិសេស រាជធានីភ្នំពេញដែលជាបេះដូងរបស់ជាតិ។ តើការធ្វើបែបនេះ ជាចំណាត់ការត្រឹមត្រូវដែរ ឬទេ?
កាលពីថ្ងៃទី១៤ ទី១៥ និង ទី១៦ ខែមេសា ឆ្នាំ២០១៥ កន្លងទៅនេះ ប្រជាជនកម្ពុជាទូទាំងប្រទេសបានរៀបចំពិធីអបអរសាទរទិវាបុណ្យចូលឆ្នាំថ្មីតាមប្រពៃណីរបស់ខ្លួន ដែលក្នុងនោះ មានការរៀបចំជាលក្ខណៈគ្រួសារ វត្តអារាម ជាលក្ខណៈស្ថាប័ន និងលក្ខណៈជាតិ។
ឆ្លងតាមការពិនិត្យសង្កេតជាក់ស្ដែង ក្នុងការរៀបចំទិវាបុណ្យចូលឆ្នាំថ្មីនាពេលកន្លងមកនេះ យើងបានដឹងថា មានវត្តអារាមតិចតួចប៉ុណ្ណោះដែលបានរៀបចំឱ្យមានការលេងល្បេងប្រជាប្រិយ និងមានរាជធានី ខេត្ត ក្រុងតិចតួចប៉ុណ្ណោះដែលបានរៀបចំពិធីចូលឆ្នាំថ្មីជាផ្លូវការនៅក្នុងដែនដីរបស់ខ្លួន។
ចំពោះខេត្តក្រុងភាគច្រើនមិនបានប្រារព្ធពិធីចូលឆ្នាំថ្មីជាផ្លូវការលើទឹកដីរបស់ខ្លួនទេ ដោយសារតែគណៈអភិបាលរាជធានី ខេត្ត ក្រុងទាំងនោះ ជាប់រវល់អញ្ជើញទៅចូលរួមហែហមប្រមុខដឹកនាំរាជរដ្ឋាភិបាលដែលបានអញ្ជើញទៅចូលរួមពិធីអង្គរសង្ក្រាននៅសៀមរាប ដែលបានរៀបចំដោយក្រុមយុវជន ហើយបានទុកឱ្យរាជធានី ខេត្ត ក្រុងរបស់ខ្លួន មានសភាពស្ងាត់ជ្រងំ ជាពិសេស រាជធានីភ្នំពេញដែលជាបេះដូងរបស់ជាតិមិនមានរៀបចំអ្វីជាដុំកំភួនទេ យើងបានឃើញមានតែការប្រគំតន្ត្រីមួយក្រុមតូចដែលមានសភាពគួឱ្យកំសត់ណាស់ មិនស័ក្ដិសមជាពិធីចូលឆ្នាំថ្មីនៅរមនីយដ្ឋានប្រវត្តិសាស្ត្រ និងជារាជធានីដែលជាបេះដូងរបស់ព្រះរាជាណាច្រអច្ឆរិយៈនោះទេ។
ជាការណ៍ពិត ការអញ្ជើញទៅហែហមប្រមុខរាជរដ្ឋាភិបាលមិនមែនជារឿងមិនគួរធ្វើនោះទេ ប៉ុន្តែ រឿងដែលមិនគួរធ្វើនោះ គឺការខកខានមិនបានរៀបចំពិធីចូលឆ្នាំថ្មីជាផ្លូវការនៅតាមមូលដ្ឋានរបស់ខ្លួនក្នុងកម្រិតរាជធានី ខេត្ត ក្រុង។ កន្លងមក យើងមានបទពិសោធមិនល្អមួយដែលយើងបានរៀបចំពិធីបុណ្យអុំនៅរាជធានីភ្នំពេញជាទ្រង់ទ្រាយធំ ដែលបណ្ដាលឱ្យមានការកកស្ទះចរាចរណ៍ ការបំផ្លាញបរិស្ថាន និងមានឧបទ្ទហេតុកើតឡើង នៅកោះពេជ្រ ដែលពេលនោះមានមនុស្សរត់ជាន់គ្នាស្លាប់អស់រាប់រយនាក់ដោយគ្មានអ្នកទទួលខុសត្រូវ។ ក្រោយមកពិធីបុណ្យនេះត្រូវបានផ្អាកមួយរយៈខ្លី ព្រមទាំងបានបង្វែរនិងលើកទឹកចិត្តឱ្យមានការប្រារព្ធពិធីបុណ្យនេះនៅតាមខេត្តនីមួយ។ ចុះហេតុអ្វីក៏ពេលនេះ យើងបានប្រមូលផ្ដុំមនុស្សយ៉ាងច្រើនទៅប្រារព្ធពិធីអង្គរសង្ក្រាននៅខេត្តសៀមរាបជាទ្រង់ទ្រាយធំរហូតដល់បង្កឱ្យមានការកកស្ទះចរាចរណ៍? តើយើងភ្លេចបទពិសោធអាក្រក់នៅលើស្ពានកោះពេជ្រហើយឬ?
ក្នុងនាមអ្នកវិភាគសង្គម យើងពិតជារីករាយ អបអរសាទរ និងកោតសរសើរចំពោះការរៀបចំពិធីអង្គរសង្ក្រានដែលបានរៀបចំជាបន្តបន្ទាប់ដោយក្រុមយុវជននាពេលកន្លងមក។ ពិធីនេះពិតជាបានលើកកម្ពស់ អភិវឌ្ឍ និង អភិរក្សទំនៀមទម្លាប់ ប្រពៃណី និងវប្បធម៌ជាតិឱ្យរុងរឿងនិងរីកចម្រើន ជាពិសេស បានទាក់ទាញទេសចរជាតិនិងអន្តរជាតិឱ្យមកទស្សនាប្រាសាទបុរាណខ្មែរ ដែលអាចប្រមូលបានប្រាក់ចំណូលយ៉ាងច្រើនសម្រាប់លើកកម្ពស់សេដ្ឋកិច្ចជាតិ។ ប៉ុន្តែ យើងចង់ឱ្យទេសចរទាំងនោះទៅទស្សនាកន្លែងផ្សេងៗទៀតក្រៅពីខេត្តសៀមរាបដែរ លើសពីនេះទៀត យើងក៏មិនចង់ឃើញហានិភ័យផ្សេងៗដែលអាចកើតឡើងពីការប្រមូលផ្ដុំគ្នាច្រើននៅតែមួយកន្លែងដែរ។ យោងតាមបទពិសោធនិងតថភាពជាក់ស្ដែង ការប្រមូលផ្ដុំគ្នាច្រើនដើម្បីប្រារព្ធពិធីតែមួយកន្លែង នាំឱ្យមានបញ្ហាជាច្រើន ដូចជា ការកកស្ទះចរាចរណ៍ ការខ្វះផ្ទះសំណាក់និងសណ្ឋាគារ សេវាដឹកជញ្ជូន ទំនិញ ផ្ទះសំណាក់ សណ្ឋាគារ និង ម្ហូបអាហារ ឡើងថ្លៃខ្ពស់ ព្រមទាំងឧបទ្ទវហេតុផ្សេងៗអាចកើតឡើងជាយថាហេតុ។
ផ្ដើមចេញពីអង្គរសង្ក្រាននៅសៀមរាប សូមឱ្យគណៈអភិបាលរាជធានី ខេត្តដទៃទៀត រៀបចំសង្ក្រាននៅតាមរាជធានី ខេត្តរបស់ខ្លួនផងដែរ ដូចជា ភ្នំពេញសង្ក្រាន កណ្ដាលសង្ក្រាន កំពង់ចាមសង្ក្រាន បាត់ដំបងសង្ក្រាន...។ ក្នុងការរៀបចំនោះសូមឱ្យមានការប្រលងប្រណាំង និងជូនរង្វាន់តាមលំនាំនៃអ្វីដែលគេបានធ្វើក្នុងអង្គរសង្ក្រានដែរ។ លើសពីនេះទៀត អាចឱ្យមានគណៈកម្មការជាតិ សម្រាប់វាយតម្លៃ ជ្រើសរៀសចំណាត់ថ្នាក់ទូទាំងប្រទេស ដើម្បីឱ្យដឹងថាតើខេត្តណាមួយរៀបចំសង្ក្រានបានល្អជាងគេ។
ដើម្បីដោះស្រាយបញ្ហានេះ យើងសូមអំពាវនាឱ្យគណៈអភិបាលរាជធានី ខេត្តទាំងអស់ គួររៀបចំសង្ក្រាននៅតាមមូលដ្ឋានរបស់ខ្លួន ដើម្បីរួមចំណែកលើកកម្ពស់ អភិវឌ្ឍ និង អភិរក្សទំនៀមទម្លាប់ ប្រពៃណី និងវប្បធម៌ជាតិរបស់យើងផង និងដើម្បីបញ្ចៀសហានិភ័យផ្សេងៗដូចដែលធ្លាប់កើតមាននាពេលកន្លងមកផដែរ។
ការមិនបានរៀបចំពិធីបុណ្យចូលឆ្នាំថ្មីជាផ្លូវការកម្រិតរាជធានី ខេត្ត ក្រុង នៅមូលដ្ឋានរបស់ខ្លួន អាចត្រូវបានគេវាយតម្លៃថា៖
1. គណៈអភិបាលទាំងនោះ គ្មានគំនិតលើកកម្ពស់ អភិវឌ្ឍ និងអភិរក្សទំនៀមទម្លាប់ ប្រពៃណី និងវប្បធម៌ជាតិ
2. គណៈអភិបាលទាំងនោះ ឱ្យតម្លៃនយោបាយខ្ពស់ជាងអ្វីផ្សេងៗទៀត រួមទាំងវប្បធម៌ផងដែរ
3. សមត្ថភាព និងគំនិតច្នៃប្រឌិតរបស់គណៈអភិបាលទាំងនោះ ទាបជាងក្រុមយុវជន
© រក្សាសិទ្ធិដោយ thmeythmey.com