សង្គមអន្តរជាតិ
អន្តរជាតិ
ពិភពលោកទាំងមូលផ្តល់ជំនួយថវិកានិងបច្ចេកទេសដល់នេប៉ាល់
×
ខណៈពេលដែលអ្នកស្លាប់កើនឡើងដល់ជាង៣ពាន់នាក់ បណ្តាប្រទេសជាច្រើន និងស្ថាប័នអន្តរជាតិ ចាប់ផ្តើមបញ្ជូនក្រុមសង្គ្រោះ និងជំនួយសង្គ្រោះបន្ទាន់ទៅកាន់ប្រទេសនេប៉ាល់។ អង្គការសហប្រជាជាតិ សហភាពអឺរ៉ុប អាស៊ាន អង្គការរូបិយវត្ថុអន្តរជាតិ រួមទាំងក្រមហ៊ុនឯកជនជាដើម បានប្រកាសជួយប្រជាជននេប៉ាល់ ដើម្បីប្រឈមមុខជាមួយគ្រោះមហន្តរាយធម្មជាតិនេះ។
មានសំឡេង
គិតដល់ត្រឹមថ្ងៃចន្ទនេះ មនុស្សស្លាប់កើនឡើងដល់ជាង ៣ពាន់នាក់ និងជាច្រើននាក់ផ្សេងទៀតបន្តបាត់ខ្លួន។ ក្រុមជួយសង្គ្រោះជាតិ និងអន្តរជាតិ កំពុងស្វះស្វែងជួយសង្គ្រោះអ្នករស់រានមានជីវិត ប៉ុន្តែក្រុមនេះប្រឈមមុខគ្រោះថ្នាក់ និងឧបសគ្គជាច្រើនផងដែរ ដោយសារពួកគេ មិនអាចចូលទៅកាន់តំបន់ដាច់ស្រយ៉ាល ឬតំបន់ភ្នំ ហើយរលករញ្ជួយនៅបន្តមានឥទ្ធិពល ខណៈដីក៏បន្តបាក់ធ្លាក់ផងនោះ។
បញ្ហាគ្រោះមហន្តរាយរញ្ជួយដីនៅនេប៉ាល់ សម្លាប់មនុស្សរាប់ពាន់នាក់នេះ បានធ្វើឲ្យពិភពលោកទាំងមូលសោកសង្រេងជាខ្លាំង។ ស្ថាប័នអន្តរជាតិ ប្រទេសជាមិត្ត រួមទាំងស្ថាប័នឯកជនធំៗ ប្រកាសគាំទ្រទាំងថវិកា និងស្មារតី ដោយផ្តល់ជំនួយសង្គ្រោះបន្ទាន់ និងបញ្ជូនក្រុមសង្គ្រោះរបស់ខ្លួនទៅកាន់ប្រទេសនេប៉ាល់។ ក្នុងចំណោមនោះមានដូចជាៈ
-សហរដ្ឋអាមេរិក៖ ផ្តល់ជំនួយថវិកាប្រមាណ ១លានដុល្លារអាមេរិកតាមរយៈភ្នាក់ងារអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ។ ក្រោពីជំនួយថវិកា អាមេរិកក៏បញ្ជូនក្រុមសង្គ្រោះទៅកាន់នេប៉ាល់ផងដែរ។
-មហាយក្សអាស៊ីខាងត្បូងឥណ្ឌា បញ្ជូនយន្តហោះជាច្រើនគ្រឿងដឹកថ្នាំសង្កូវ ស្បៀងអាហារសម្រាប់ផ្គត់ផ្គង់ដល់មន្ទីរពេទ្យ និងជនរងគ្រោះ រួមជាមួយក្រុមឆ្លើយតបពិសេស៤០ក្រុម រួមទាំងក្រុមសង្គ្រោះសម្រាប់ស្វែងរកអ្នកបាត់ខ្លួន ។
-រដ្ឋាភិបាលក្រុងប៉េកាំង បានបញ្ជូនក្រុមជួយសង្គ្រោះរបស់ខ្លួនទៅកាន់នេប៉ាល់ ហើយក្រុម នេះបានទៅដល់តំបន់រងគ្រោះរួចរាល់ហើយ។
- អង់គ្លេសបានបញ្ជូនក្រុមមនុស្សធម៌៨ក្រុម និងជំនួយសង្គ្រោះបន្ទាន់ក្នុងទំហំទឹកប្រាក់ ៥ លានអឺរ៉ូផង។
-ប៉ាគីស្ថានដែលជាប្រទេសជិតខាងនេប៉ាល់ បានបញ្ជូនយន្តហោះដឹកស្បៀង គ្រែពេទ្យ សម្រាប់អ្នករងគ្រោះសម្រាក ក្រុមអ្នកជំនាញ និងក្រុមទាហានពេទ្យជាច្រើនផ្សេងទៀត ទៅកាន់ប្រទេសនេប៉ាល់។ រដ្ឋាភិបាលប៉ាគីស្ថានក៏បញ្ជូនសត្វឆ្កែហិតក្លិន ប្រព័ន្ធរ៉ាដា ក្រុម សង្គ្រោះ សម្ភារៈសង្គ្រោះ ព្រមទាំងស្បៀង២ពាន់កញ្ចប់ និងតង់ចំនួន២០០ រួមជាមួយ ភួយ ៦០០ទៀត។
-ណរវែស បានប្រកាសផ្តល់ថវិកាមនុស្សធម៌ ៣.៩លានដុល្លារទៅដល់នេប៉ាល់។
-អាល្លឺម៉ង់ អេស្ប៉ាញ បារាំង អ៊ីស្រាអែល និងសហភាពអឺរ៉ុប ប្រកាសផ្តល់ជំនួយមនុស្សធម៌ដល់ប្រទេសនេប៉ាល់ ដើម្បីដោះស្រាយបញ្ហាបន្ទាន់បង្ខំផងដែរ។
-អាស៊ាន៖ ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ២៦នៅម៉ាឡេស៊ី បណ្តាមេដឹកនាំអាស៊ានបានប្រកាសផ្តល់ការគាំទ្រ និងជំនួយដល់រដ្ឋាភិបាលនេប៉ាល់ ក្នុងការដោះស្រាយបញ្ហាគ្រោះមហន្តរាយរញ្ជួយដី ដែលស្លាប់មនុស្សច្រើនជាង ៣ពាន់នាក់នេះ។ បច្ចុប្បន្នប្រទេសដូចជាម៉ាឡេស៊ី សិង្ហបុរី ឥណ្ឌូនេស៊ី បានបញ្ជូនក្រុមសង្គ្រោះនិងផ្តល់ជំនួយមនុស្សធម៌ដល់នេប៉ាល់រួចរាល់ហើយ។
-ស្ថាប័នរូបិយវត្ថុអន្តរជាតិ៖ លោកស្រី គ្រីស្ទៀន ឡាហ្កាត នាយិការស្ថាប័នរូបិយវត្ថុអន្តរជាតិ បានប្រកាសថា នឹងបញ្ជូនក្រុមសង្គ្រោះ និងត្រៀមផ្តល់ជំនួយសម្រាប់នេប៉ាល់ដោះស្រាយបញ្ហាប្រឈម។ បច្ចុប្បន្នស្ថាប័នេះ កំពុងជជែក និងសហការជាមួយស្ថាប័នហិរញ្ញវត្ថុធំៗ ដូចជាធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ីជាដើម ពីវិធានការនិងដំណោះស្រាយដើម្បីជួយស្តារ និងសង្គ្រោះនេប៉ាល់អោយផុតពីទុក្ខលំបាកក្រោយគ្រោះមហន្តរាយធម្មជាតិ។ ដោយ ឡែកម្ចាស់ជំនួយធំៗមាន Oxfam , Save the children អង្គការសុខភាពពិភពលោកនិង យូនីសេហ្វ កំពុងស្វះស្វែងរកជំនួយពីសប្បុរសជនទូទាំងពិភពលោក ដើម្បីផ្គត់ផ្គង់ដល់ក្រុមសង្គ្រោះ និងជួយរដ្ឋាភិបាលនេប៉ាល់ដោះស្រាយបញ្ហាអាសន្ន។ ហើយក្រុមហ៊ុនឯកជនធំៗរួមមាន Googleជាដើម ក៏ផ្តល់ជំនួយហិរញ្ញវត្ថុសម្រាប់ទ្រទ្រង់រដ្ឋាភិបាលនេប៉ាល់ផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com