អន្តរជាតិ
សំបុត្រ ប៊ីនឡាឌិន៖ ប្រពន្ធសំលាញ់! អូនធ្វើឲ្យបេះដូងបងពោរពេញដោយសេចក្ដីស្នេហា!
×
នៅក្នុងសប្ដាហ៍នេះ រដ្ឋាភិបាលអាមេរិកបានចេញផ្សាយឯកសារសម្ងាត់របស់អតីតមេដឹកនាំក្រុមភេវរកម្មអាល់កៃដា អូសាម៉ា ប៊ីនឡាឌិន ដែលក្នុងនោះក៏រួមមានទាំងសំបុត្រផ្ទាល់ខ្លួន របស់គាត់ផ្ញើទៅកាន់ក្រុមគ្រួសាររបស់គាត់ផងដែរ។
ក្នុងចំណោមសំបុត្រដែល លោក ប៊ីនឡាឌិន បានផ្ញើទៅកាន់សមាជិកក្រុមគ្រួសាររបស់គាត់ គឺមានតែសំបុត្រដែលគាត់ផ្ញើទៅកាន់ប្រពន្ធរបស់គាត់ទេ ដែលពោរពេញទៅដោយមនោសញ្ចេតនា បង្ហាញពីសេចក្ដីស្រលាញ់របស់លោក ចំពោះប្រពន្ធរបស់គាត់។
ខាងក្រោយមនេះ គឺជាអត្ថន័យខ្លះៗ ដែលបានដកស្រង់ចេញពីសំបុត្រទាំងស្រុង ដែលគាត់ផ្ញើទៅឲ្យប្រពន្ធរបស់គាត់៖
«[...]មកដល់ប្រពន្ធជាទីស្រលាញ់ ! បងដឹងថាអូនជាមនុស្សដែលធ្វើឲ្យបេះដូងរបស់បង ពោរពេញដោយសេចក្ដីស្រលាញ់ អនុស្សាវរីយ៍ដ៏ផ្អែមល្ហែម ហើយការអត់ធ្មត់គ្រប់កាលៈទេសៈរបស់អូនគឺក្នុងគោលបំណងដើម្បីបំពេញចិត្តបង ហើយរាល់ពេលដែលបងបានគិតពីអូន ទឹកនភ្នែករបស់បង តែងតែស្រក់ចុះ ដោយសារតែបងនៅឆ្ងាយពីអូន...
[...]បងចង់ឱ្យអូនដឹងថាបងនឹងមិនអាចរៀបការជាមួយអ្នកណាផ្សេងនោះទេ ប្រសិនបើបងមិនអាចរកឃើញស្ត្រីម្នាក់ដែលល្អដូចអូន[...]សម្រាប់បង អូនគឺជាផ្លែប៉ោមក្នុងកែវភ្នែកបង និងជាវត្ថុដ៏មានតម្លៃបំផុតដែលបងមានក្នុងមួយជាតិនេះ។ប្រសិនបើអូនចង់រៀបការជាមួយអ្នកផ្សេងបន្ទាប់ពីបង គឺបងមិនជំទាស់នោះទេ។ប៉ុន្តែបងពិតជាចង់ឲ្យអូន ក្លាយជាភរិយារបស់បងនៅឋានសួគ៌... »
សូមបញ្ជាក់ថា ឯកសារ«Bin Laden’s Bookshelf» ដែលចេញផ្សាយដោយ ការិយាល័យនាយកចារកម្មជាតិអាមេរិក គឺត្រូវបានគេរកឃើញនៅក្នុងអំឡុងពេលការវាយឆ្មក់មួយទៅលើតំបន់ Abbottabadដែលជាទីតាំងបង្ក្រាប និងសម្លាប់មេដឹកនាំភេរវករ កាលពីឆ្នាំ ២០១១ ។
ឯកសារទាំងនោះក៏រួមមាន ក៏បានឯកសារសម្ងាត់នៃការចរចាជាច្រើនលើករវាងប៊ីនឡាឌិន ជាមួយពួកJihadផែនការវាយប្រហារសហរដ្ឋអាមេរិកនិងឯកសារនៃការចរចា រវាងក្រុមអាល់កៃដាជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន ដូចជាក្រុមតាលីបង់នៅក្នុងប៉ាគីស្ថាននិងតំណាងភ្នាក់ងារស៊ើបការណ៍ប៉ាគីស្ថានផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com