ជាតិ
សេដ្ឋកិច្ច
រដ្ឋាភិបាលអនុម័តសេចក្ដីព្រាងលក្ខខណ្ឌសុំអាជ្ញាប័ណ្ណប្រកបអាជីកម្មលើវិស័យហេដ្ឋារចនាសម្ព័ន្ធ
× រដ្ឋាភិបាលកម្ពុជាបានអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពី លក្ខខណ្ឌ និងនីតិវិធីនៃការស្នើសុំអាជ្ញាប័ណ្ណប្រកបអាជីវកម្មលើវិស័យហេដ្ឋា រចនាសម្ព័ន្ធផ្លូវថ្នល់ ការថែទាំផ្លូវថ្នល់ និងការបើកមន្ទីរពិសោធន៍វិស័យផ្លូវថ្នល់។ ការអនុម័តនេះធ្វើឡើងនៅសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី២២ខែឧសភា ឆ្នាំ២០១៥ ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ដល់អនុសាសន៍ចំនួន២គឺ ទី១ អង្គភាពរដ្ឋឬក្រុមហ៊ុនឯកជន ដែលធ្វើសកម្មភាព ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ តម្រូវឲ្យមានអាជ្ញាប័ណ្ណត្រឹមត្រូវមុននឹង ប្រកបអាជីវកម្ម និងទី២ សមត្ថកិច្ចទទួលខុសត្រូវក្នុងការចេញអាជ្ញាប័ណ្ណ គឺមានតែក្រសួងសាធារណការ និងដឹកជញ្ជូនតែប៉ុណ្ណោះ។
សេចក្តីព្រាងអនុក្រឹត្យស្តីពីលក្ខខណ្ឌ និងនីតិវិធីនៃការស្នើសុំអាជ្ញាប័ណ្ណប្រកបអាជីវកម្មលើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ការថែទាំផ្លូវថ្នល់ និងការបើកមន្ទីរពិសោធន៍វិស័យផ្លូវថ្នល់នេះ ត្រូវបានរៀបចំឡើងដោយក្រសួងសាធារណការ និងដឹកជញ្ជូន មានគោលបំណង និងគោលដៅ
១-លើកកម្ពស់គុណភាពការសាងសង់ ការជួសជុល ការថែទាំ និងការអភិ វឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឱ្យមានចីរភាព និងធានាបានការអភិវឌ្ឍប្រកបដោយនិរន្តរភាព តាមរយៈការធ្វើឱ្យមានតម្លាភាព សុចរិតភាព គណ នេយ្យភាព និងសមភាពក្នុងការចូលរួមដេញថ្លៃការសាងសង់ ការជួសជុលថែទាំ និងការផ្តល់សេវាទីប្រឹក្សាបច្ចេកទេសសំណង់ផ្លូវថ្នល់ ឱ្យសមស្របច្បាប់ស្តីពីផ្លូវថ្នល់។
២-ដាក់ចេញនូវគោលការណ៍លក្ខខណ្ឌ និងនីតិវិធីនៃការស្នើសុំអាជ្ញាប័ណ្ណប្រកបអាជីវកម្មលើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ការថែទាំផ្លូវថ្នល់ និងការបើកមន្ទីរពិសោធន៍វិស័យផ្លូវថ្នល់ សំដៅពង្រឹងឧត្តមភាពជំនាញវិស្វកម្មកម្ពុជា ឱ្យឆ្លើយតបនឹងការធ្វើសមាហរណកម្មអាស៊ានឆ្នាំ២០១៥ និងសកលភាវូបនីយកម្ម៕
© រក្សាសិទ្ធិដោយ thmeythmey.com