ជាតិ
នយោបាយជាតិ
លោក សម រង្ស៊ី៖CNRPនៅតែរិះគន់ តែមិនជេរប្រមាថទេ
×
ប្រធានគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ីបានបញ្ជាក់ជាថ្មីថា គណបក្សសង្គ្រោះជាតិរបស់លោក នៅតែបន្ដការរិះគន់ ទិតៀនរដ្ឋាភិបាលដដែល ខណៈរូបកំពុងអនុវត្តវប្បធម៌សន្ទនាក៏ដោយ ប៉ុន្ដែការរិះគន់នោះមិនមានការជេរប្រមាថនោះទេ។
ក្នុងវីដេអូឃ្លីបប្រមាណជាង៣នាទី លោក សម រង្ស៊ី ក៏បានបញ្ជាក់ពីវប្បធម៌សន្ទនាផងដែរ ទៅកាន់អ្នកគាំទ្រ ដែលខ្លះមានពាក់អាវគាំទ្រគណបក្សប្រជាជនផងនោះ លោក សម រង្ស៊ី បានពន្យល់ថាការជេរប្រមាថ ការប្រើពាក្យមិនសមរម្យ គឺនាំឲ្យមានការខឹង ដែលនាំមកនៅអំពើហិង្សា និងការគំរាមកំហែង ចាប់ដាក់ពន្ធនាគារប៉ុណ្ណោះ ។
ថ្លែងក្នុងវេទិការសាធារណៈ នៅក្រុងlowell រដ្ឋMassachusetts កាលពីថ្ងៃទី២៤ ខែឧសភាប្រធានគណបក្សសង្គ្រោះជាតិ និងជាដៃគូរសន្ទនាជាមួយរដ្ឋាភិបាលរូបនេះបានបញ្ជាក់យ៉ាងដូច្នេះថា៖«វប្បធម៌សន្ទនានេះមិនមែនថា យើងឈប់តវ៉ា យើងឈប់ទិតៀន យើងឈប់រិះគន់ហើយ អត់ទេបងប្អូន។ វប្បធម៌សន្ទនា វប្បធម៌ប្រជាធិបតេយ្យ យើងត្រូវមានសេរីភាពតវ៉ារិះគន់ ទិតៀនដោយសេរី ប៉ុន្ដែចៀសវាងការប្រើពាក្យមិនសមរម្យ ចៀសវាងការជេរប្រមាថ ប្រទេចបណ្ដាសា ចោទប្រកាន់ហួសហេតុ វាខាតយើងទេ….។ យើងនៅតែនិយាយ យើងនៅតែតវ៉ា យើងនៅតែមានសំណើជាវិជ្ជមានប៉ិនមិនចាំបាច់ជេរគេដូចមុនទៀតទេ»។
កន្លងមកលោក ឈឹម ផលវរុណ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ធ្លាប់ប្រាប់សារព័ត៌មានថ្មីៗថា គណបក្សរបស់លោក នៅតែបើកទូលាយឲ្យគណបក្សសង្គ្រោះជាតិ រិះគន់នូវចំណុចខ្វះខាតរបស់រដ្ឋាភិបាល ក្នុងន័យ ស្ថាបនា ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ប៉ុន្ដែការរិះគន់នោះមិនត្រូវមានការជេរប្រមាថនោះទេ៕
© រក្សាសិទ្ធិដោយ thmeythmey.com