ជាតិ
GMAC ប្ដេជ្ញាលុបបំបាត់ពលកម្មកុមារឲ្យអស់ពីវិស័យកាត់ដេរនៅកម្ពុជា
×
សមាគមន៍រោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ប្ដេជ្ញាចិត្តអនុលោមតាមច្បាប់ស្ដីពីការងាររបស់កម្ពុជា ដើម្បីលុបបំបាត់ពលកម្មកុមារឲ្យអស់ពីវិស័យកាត់ដេរនៅកម្ពុជា។ ហើយសមាជិកGMAC ត្រូវតែចាត់វិធានការឲ្យបានត្រឹមត្រូវ ដើម្បីធានាដល់ការគោរពច្បាប់។
លិខិតចុះផ្សាយរបស់ GMAC ចុះនៅថ្ងៃទី២៨ ឧសភា បានបញ្ជាក់ថា ក្នុងករណីរកឃើញកម្មករមិនទាន់គ្រប់អាយុធ្វើការ កម្មកនោះត្រូវយកចេញពីរោងចក្រ ហើយបញ្ជូនទៅកាន់មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈសមស្របណាមួយ។ ហើយរោងចក្រនឹងចេញថ្លៃចំណាយសម្រាប់ការបណ្ដុះបណ្ដាល ក៏ដូចជាបន្ដផ្ដល់ប្រាក់ខែរហូតដល់ពួកគេគ្រប់អាយុ ១៥ឆ្នាំ។ នៅពេលពួកគេគ្រប់អាយុ១៥ឆ្នាំ រោងចក្រក៏នឹងរក្សាឱកាសការងារសម្រាប់ពួកគេ បើសិនជាពួកគេសម្រេចចិតចូលបម្រើការងារក្នុងរោងចក្រវិញ។
សមាគមរោងចក្រកាត់ដេរកម្ពុជាបន្ថែមថា ខ្លួនមានមោទនភាពក្នុងការសហការជាមួយនឹងអង្គការអន្តរជាតិ ដើម្បីដើម្បីលុបបំបាត់ពលកម្មកុមារ។ ជាមួយគ្នានេះGMAC ក៏ជំរុញឲ្យគ្រប់ស្ថាប័នពាក់ព័ន្ធ រួមមាន រដ្ឋាភិបាល អង្គការILO សង្គមស៊ីវិល និងកម្មករខ្លួនឯងផ្ទាល់ ខិតខំរួមគ្នាលុបបំបាត់ពលកម្មកុមារ ដើម្បីធានាថា កុមារអាចបន្ដការសិក្សានៅសាលារៀន មិនមែនចូលមកធ្វើការនោះទេ។
កាលពីឆ្នាំ២០១៤ការត្រួតពិនិត្យរបស់អង្គការ ILO បានរកឃើញថា កម្មករមិនទាន់គ្រប់អាយុមានចំនួន៣៤នាក់ នៅក្នុងរោងចក្រចំនួន១៥កន្លែង ដែលបានធ្លាក់ចុះពី៦៥នាក់ នៅក្នុងរោងចក្រចំនួន២៤កន្លែង កាលពីឆ្នាំ២០១៥។ នៅក្នុងករណីភាគច្រើន កម្មករទាំងនោះបានកុហុសតាមរយៈការប្រើប្រាស់ឯកសារក្លែងបន្លំ ឬគូសលុបប្ដូរ ឬក្លែងជាអ្នកដទៃ ដែលមានអាយុច្រើនជាងខ្លួនដើម្បីធ្វើយ៉ាងណាទទួលបានការងារធ្វើ។ ពួកគេធ្វើយ៉ាងណា ត្រូវរកប្រាក់ចំណូលដើម្បីជួយគ្រួសារ។
ពិភពលោកនឹងប្រារព្វទិវាកុមារអន្តរជាតិ នៅថ្ងៃទី១ មិថុនា ហើយនៅថ្ងៃទី១២ មិថុនា ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ដែលជាព្រឹត្តិការណ៍អន្តរជាតិដើម្បីលើកកម្ពស់ ការយល់ដឹងអំពីកុមារប្រមាណជា១២០លាននាក់ នៅជុំវិញពិភពលោកដែលកំពុងតែពាក់ព័ន្ធនឹងពលកម្មកុមារ៕
© រក្សាសិទ្ធិដោយ thmeythmey.com