ជាតិ
នយោបាយជាតិ
CNRP គ្រោងប្តឹងសហគមន៍អន្តរជាតិ និងស្នើឲ្យរដ្ឋាភិបាលការពារពលរដ្ឋខ្មែរក្រោយផ្ទុះហិង្សាលើតំណាងរាស្រ្តខ្លួន
× ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានថ្កោលទោសខ្លាំងៗចំពោះអំពើហិង្សាដែលកើតឡើងលើប្រជាពលរដ្ឋនិងអ្នកតំណាងរាស្រ្តរបស់ខ្លួននៅព្រំដែនខេត្តស្វាយរៀងកាលពីថ្ងៃអាទិត្យម្សិលមិញ។ លោក សម រង្ស៊ី បានស្នើឲ្យរដ្ឋាភិបាលកម្ពុជា ចាត់វិធានការបន្ទាន់លើអាជ្ញាធរវៀតណាម ដើម្បីការពារជនជាតិខ្មែរដែលលោកថា ពួកគេគ្រាន់តែទៅការពារ និងពិនិត្យមើលទឹកដីរបស់ខ្លួនប៉ុណ្ណោះ ។
ក្រោយកិច្ចប្រជុំរដ្ឋសភានៅមុននេះបន្តិច លោក សម រង្ស៊ី បានបញ្ជាក់ប្រាប់អ្នកកាសែតដូច្នេះថា ៖« បរទេសដេញវ៉ៃយើង យើងជាខ្មែរត្រូវរួមគ្នាការពារជាជនជាតិខ្មែរគ្នាឯង។ រដ្ឋាភិបាលអាចចាត់វិធានការដើម្បីការពារជនជាតិខ្មែរ។ ខ្ញុំចង់ឲ្យមានបញ្ជាពីរដ្ឋាភិបាលទៅអាជ្ញាធរនៅតាមមូលដ្ឋាន ឲ្យជួយការពារជនជាតិខ្មែរកុំឲ្យបរទេសដេញវ៉ៃយើង» ។
ជាងនេះទៅទៀតលោក សម រង្ស៊ី ក៏ប្រកាសដែរថា គណបក្សរបស់លោក នឹងយកបញ្ហាហិង្សាលើពលរដ្ឋខ្មែរ និងអ្នកតំណាងរាស្រ្ត ដែលលោកអះអាងថា បង្កដោយអាជ្ញាធរវៀតណាមនេះ ប្តឹងទៅសហគមន៍អន្តរជាតិផងដែរ។
សូមស្តាប់សំឡេងលោក សម រង្ស៊ី
សូមបញ្ជាក់ថា បើតាមរបាយការណ៍របស់អាជ្ញាធរខេត្តស្វាយរៀង យ៉ាងហោចណាស់ភាគីកម្ពុជា១០នាក់រងរបួស រីឯភាគីវៀតណាមរងរបួស៨នាក់ ក្នុងការប៉ះទង្គិចដោយហិង្សានៅតាមព្រំដែនកម្ពុជា-វៀតណាម ស្របពេលយុវជនប្រមាណ ១០០ នាក់ ដែលដឹកនាំដោយតំណាងរាស្ត្របក្សសង្គ្រោះជាតិមាន លោក រៀល ខេមរិន្ទ្រ និងលោក អ៊ុំ សំអាន ជាដើម ចុះពិនិត្យព្រំដែនខេត្តស្វាយរៀង ត្រង់ចំណុចភូមិគោកធ្លក ឃុំត្នោត ស្រុកកំពង់រោ ខេត្តស្វាយរៀង កាលពីថ្ងៃអាទិត្យម្សិលមិញ។ ប្រជាពលរដ្ឋខ្មែរនៅតំបន់នោះចោទថា វៀតណាមបានរំលោភទឹកដីខ្មែរ និងកំពុងធ្វើផ្លូវក្នុងតំបន់ដែលមិនទាន់ឯកភាពគ្នា៕
© រក្សាសិទ្ធិដោយ thmeythmey.com