ជាតិ
សង្គមជាតិ
យុវជនបារម្ភច្បាប់សមាគម និងNGO រារាំងការបង្កើតក្លឹប សមាគមយុវជន
× ភ្នំពេញ៖ ក្រុមយុវជននៃសភាយុវជនត្រាប់បានទាមទារឲ្យរដ្ឋសភាពន្យាពេលអនុម័តសេចក្តី ព្រាងច្បាប់ ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលបានដាក់ឆ្លងគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី៥ ខែមិថុនាកន្លងទៅ។ យុវជនបានលើកឡើងថា មាត្រាមួយចំនួន ដែលបានចែងក្នុងច្បាប់នេះ ដែលនឹងក្លាយជាឧបសគ្គយ៉ាងខ្លាំងដល់ការចូលរួមរបស់យុវជន ក្នុងការបង្កើតក្លឹប សមាគមយុវជនថ្មី។
យុវជន នៃសភាយុវជនត្រាប់បានលើកយកក្តីកង្វល់របស់ពួកគេ ដែលបានចែងក្នុងមាត្រាមួយចំនួន នៃសេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រង់សមាគម និងអង្គការក្រៅរដ្ឋាភិបាល ក្នុងនោះ មាន មាត្រា ៥ មាត្រា៨ មាត្រា១០ មាត្រា២៤ ដល់២៦ និងមាត្រា៣០ ជាដើម។ ពួកគេបានលើក ឡើងបែបនេះ នាសន្និសីទសារព័ត៌មាន ដែលមានព្រះសង្ឃ និងសិស្ស និស្សិតជាង ៣០អង្គនាក់ចូលរួម នៅថ្ងៃទី៣០ ខែមិថុនានេះ ក្នុងទីស្នាក់កណ្តាលអង្គការ OXFAM។
តំណាងសភាយុវជនត្រាប់ លោក ហេង គឹមហុង បាននិយាយថា ការតម្រូវឲ្យចុះបញ្ជីជាលក្ខ ខណ្ឌចាំបាច់ក្នុងច្បាប់ NGOនេះ គឺមិនលើកទឹកចិត្តឲ្យក្រុមយុវជនមានលទ្ធភាពបង្កើត សមាគម និងអង្គការសេរី។ លោកបញ្ជាក់ថា៖«វានឹងប៉ះពាល់ ជាចម្បងដល់ការផ្តួចផ្តើមគំនិត ដល់យុវជនក្នុងការបង្កើតការងារ និងការស្វែងរកបទពិសោធន៍ដែលយុវជនកំពុងតែប្រឹងប្រែង បង្កើតការងារដោយខ្លួនឯង។ បើឱកាសនៃ ការបង្កើតសមាគម និងអង្គការមានភាពចង្អៀត វានឹងធ្វើឲ្យយុវជនដែលគ្មានការងារក្លាយជាជនក្រីក្រ ព្រមទាំងអាចបង្កចលាចលក្នុងសង្គម ទៅថ្ងៃអនាគត»។
ជាងនេះទៀត លោកបន្តថា ពាក្យអព្យាក្រិតភាព ប៉ះពាល់សេ្ថរភាព សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ វប្បធម៌ ប្រពៃណីទំនៀមទម្លាប់ ដែលបានចែងក្នុងច្បាប់នេះ វានឹងធ្វើឲ្យរដ្ឋាភិបាលយកជាមូលហេតុសម្រាប់បកស្រាយ តាមការយល់ឃើញរបស់គេ ក្នុងការចាត់វិធានការបិទ ឬពិន័យ សមាគម និងអង្គការមិនមែនរដ្ឋាភិបាលនានា ដោយលោកបានលើកជាឧទាហរណ៍ថា ដូចជា សមាគម និងអង្គការមិនមែនរដ្ឋាភិបាលដែលធ្វើការការពារសិទ្ធិ សមាគម ឬក្រុមយុវជនដែល ធ្វើការការពារតំបន់អារ៉ែង ព្រៃឡង់ ដីធ្លី ជាដើម។
ជាមួយគ្នានេះដែរ លោក ពុធ កុលកា សមាជិក នៃសភាយុវជនត្រាប់ បាននិយាយថា ប្រសិនបើសេចក្តីព្រាងច្បាប់នេះ ត្រូវបានអនុម័តវានឹងក្លាយជាឧបសគ្គ ចំពោះការចូលរួម របស់យុវជន ដែលបង្កើតជាក្លឹប សមាគម និងក្រុមផ្សេងៗ ដើម្បីចូលរួមចំណែកពង្រឹងវិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងតម្លាភាពនៅថ្នាក់ក្រោមជាតិ។ លោកមានកង្វល់ថា៖« ច្បាប់នឹងក្លាយជាឧបសគ្គក្នុងការអនុវត្តគោលនយោបាយជាតិស្តីពីការអភិវឌ្ឍយុវជនកម្ពុជា»។
ក្រុមយុវជន នៃសភាយុវជនត្រាប់បានស្នើដល់រដ្ឋាភិបាល និងរដ្ឋសភា ពន្យាពេលអនុម័ត ច្បាប់នេះ ហើយរដ្ឋសភាគួរបើកឲ្យមានការពិគ្រោះយោបល់ទូលំទូលាយឡើងវិញ ជាមួយនឹង អង្គការសង្គមស៊ីវិល ដោយផ្តោតលើសិទ្ធិសេរីភាពក្នុងការបង្កើត និងការធ្វើសកម្មភាពរបស់ សមាគម និង NGO ទាំងនោះ ជាពិសេសគឺ សិទ្ធិរបស់យុវជន។ «យើងគាំទ្រវប្បធម៌សន្ទនា រវាងគណបក្សនយោបាយទាំងពីរ ក្នុងការស្វែងរកដំណោះស្រាយរួមមួយ ធ្វើឲ្យល្អប្រសើរឡើងនូវសេចក្តីព្រាងច្បាប់នេះ»។ នេះជាបញ្ជាក់របស់តំណាងសភាយុវជន ត្រាប់ លោក ហេង គឹមហុង។
គួររម្លឹកថា សេចក្តីព្រាងច្បាប់ចុងក្រោយស្តីពី អង្គការមិនមែនរដ្ឋាភិបាល និងសមាគម មាន៩ជំពូក និង៣៩មាត្រា និងត្រូវបានរដ្ឋាភិបាលអនុម័តនៅ ថ្ងៃទី៥មិថុនាកន្លងទៅ។ រដ្ឋាភិបាលបានសម្រេចកែសម្រួលពាក្យពេចន៍ និងបានដកមាត្រាចំនួនពីរចេញពីសេចក្តីព្រាងច្បាប់នេះ គឺមាត្រាដែលចែងពីការដាក់កំហិតលើការចំណាយថវិការដ្ឋបាលរបស់អង្គការ សមាគម និងនីតិវិធីនៃការចុះបញ្ជីរបស់អង្គការអន្តរជាតិ។
គួរបញ្ជាក់បន្តិចផងដែរ ក្នុងអំឡុងពេលដែលរដ្ឋសភា កំពុងតែពិភាក្សាសេចក្តីព្រាងច្បាប់ពី ការទូតទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ឆ្នាំ ២០១៣ ម្សិលមិញនោះ លោក សម រង្ស៊ី បានឆ្លៀតដើរទៅជជែកជាមួយលោក ហ៊ុន សែន ស្ងាត់ៗ អំពីការព្រួយបារម្ភរបស់អង្គការក្រៅរដ្ឋា ភិបាលជុំវិញសេចក្តីព្រាងច្បាប់ សមាគម និងអង្គការសង្គមស៊ីវិល ដែលរដ្ឋសភា គ្រោងនឹងអនុម័តនាពេលឆាប់ៗខាងមុខ។ លោក សម រង្ស៊ី បាននាំសម្តីលោក ហ៊ុន សែន ប្រាប់ទៅអ្នកកាសែតក្រោយកិច្ចប្រជុំសភាថា លោក ហ៊ុន សែន ស្នើឲ្យអង្គការសង្គមស៊ីវិលនោះ កុំព្រួយបារម្ភចំពោះច្បាប់នោះខ្លាំងពេក៕
© រក្សាសិទ្ធិដោយ thmeythmey.com