ជាតិ
សង្គមជាតិ
សុំអនុញ្ញាតពីនាយករងទៅទះកំផ្លៀងសិស្សស្រីដែលឈ្លោះជាមួយកូនខ្លួន?
×
វីដេអូមានរយៈពេល១៤ វិនាទី បង្ហាញពីទិដ្ឋភាពដ៏គួរឲ្យតក់ស្លុត និងហួសចិត្តមួយ ដែលបុរសម្នាក់ទះកំផ្លៀងសិស្សស្រីយ៉ាងពេញទំហឹងនៅសាលាវិទ្យាល័យជា ស៊ីម បឹងកេងកង កាលពីថ្ងៃទី១ ខែកក្កដា ម្សិលមិញនេះ។
មុននឹងប្រើអំពើហិង្សាបុរសនោះបានដើរតម្រង់មកសិស្សស្រីនោះដោយបន្លឺសម្លេងបែបកំហឹងថា ហេតុអីបានវាយគ្នា..ហា៎! មួយរំពេចបុរសនោះក៏ប្រើដៃខាងស្តាំទះកំផ្លៀងសិស្សស្រីនោះតែម្តង។ ក្រោយពីទះកំផ្លៀងសិស្សស្រីនោះហើយ បុរសនោះបានអះអាងថា ខ្លួនបានសុំការអនុញ្ញាតពីនាយកសាលារួចហើយ។ បុរសនោះបានចង្អុលមុខសិស្សស្រីនោះ ដោយសម្លុតខ្លាំងៗថា «អញប្រាប់ឲ្យហើយ! អញហា៎! អញហា៎! មិញអញសុំអនុញ្ញាតពីនាយកសាលាហើយ! អញសុំអនុញ្ញាតពីនាយកសាលារួចហើយមិញ» ។ ការនិយាយថា ខ្លួនសុំការអនុញ្ញាតពីនាយកសាលា បុរសនោះចង់មានន័យថា ខ្លួនអាចទះកំផ្លៀងសិស្សស្រីនោះបាន ដោយសារតែនាយកសាលាអនុញ្ញាត។
លោក រស់ សាលីន អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា នៅថ្ងៃកើតហេតុនោះ នាយកសាលាមិនមានវត្តមានទេ អ្នកដែលអនុញ្ញាតនោះ គឺជានាយករង។ ហើយលោកនាយករងនោះក៏មិនមែនអនុញ្ញាត ឲ្យបុរសនោះទៅប្រើអំពើហិង្សាយ៉ាងកំរោលអីចឹងដែរ។ ការពិតបុរសនោះបានសុំការអនុញ្ញាតពីនាយករងមែន តែការអនុញ្ញានោះដោយលោកនាយករងយល់ថាជាការចូលទៅដោះស្រាយក្នុងនាមជាអាណាព្យាបាល ដែលសិស្សស្រីពីរនាក់ឈ្លោះប្រកែកគ្នាតិចតូចប៉ុណ្ណោះ ដោយមិននឹកស្មានថាបុរសនោះហ៊ានប្រើអំពើហិង្សាដល់ថ្នាក់នឹងសោះ។
អ្នកនាំពាក្យរូបនេះបន្ថែមថា ក្រោយពីទះកំផ្លៀងហើយ លោកគ្រូ អ្នកគ្រូចូលមកអន្តរាគមន៍ភ្លាម ហើយទាក់ទងទៅសមត្ថកិច្ចខណ្ឌចំការមន ដើម្បីនាំនោះបុរសនោះទៅដោះស្រាយតាមផ្លូវច្បាប់។ លោកបញ្ជាក់យ៉ាងនេះថា «ឥឡូវនេះបុរសប្រើអំពើហិង្សានោះ កំពុងតែស្ថិតនៅឯអធិការដ្ឋានខណ្ឌចំការមនដើម្បីដោះស្រាយតាមផ្លូវច្បាប់ តែដោះស្រាយយ៉ាងណានោះ ខ្ញុំក៏មិនទាន់ដឹងដែរ ទល់តែគេដោះស្រាយរួច ទើបខ្ញុំអាចផ្តល់ព័ត៌មានបន្ថែមបាន» ។
ទាក់ទងនឹងអត្តសញ្ញាណបុរសប្រើអំពើហិង្សានោះ លោក រស់ សាលីន គ្រាន់តែបញ្ជាក់ថា ជាណាព្យាបាលរបស់សិស្សស្រីម្នាក់ទៀត ដែលមានជម្លោះជាមួយសិស្សស្រីដែលខ្លួនទះកំផ្លៀងនោះ។ តែលោកមិនទាន់ដឹងថា បុរសនោះជាឪពុក ពូ ឬក៏អ៊ំរបស់សិស្សស្រីដែលខ្លួនការពារនោះទេ៕
© រក្សាសិទ្ធិដោយ thmeythmey.com