អន្តរជាតិ
នយោបាយអន្តរជាតិ
ជប៉ុនពង្រីកកញ្ចប់ជំនួយដល់៦ពាន់លានដុល្លារទុកទប់ទល់ចិននៅតំបន់មេគង្គ
×
កិច្ចប្រជុំកំពូលមេគង្គជប៉ុនលើកទី៧ត្រូវបានបិទបញ្ចប់ជាផ្លូវការកាលពីម្សិលមិញ ប្រកបដោយផ្លែផ្ការច្រើន។ ក្រៅពីសម្រេចផែនការយុទ្ធសាស្ត្រឆ្នាំ ២០១៥ ជប៉ុនក៏បានបង្កើនលុយដល់ ៦ពាន់លានដុល្លារអាមេរិកផងដែរសម្រាប់រដ្ឋតំបន់មេគង្គ ៥ ក្រោមស្លាកជំនួយអភិវឌ្ឍន៍។ កញ្ចប់ជំនួយថ្មីផ្តល់ជូនរដ្ឋប្រាំក្នុងកិច្ចប្រជុំ ជាចេតនារបស់ក្រុងតូក្យូក្នុងការប្រជែងឥទ្ធិពលក្រុងប៉េកាំងដែលកំពុងកើនឡើង និងកំពុងរៀបចំធនាគារថ្មីជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធនៅអាស៊ីផងនោះ។
មេដឹកនាំប្រទេសតំបន់មេគង្គ ថៃកម្ពុជា វៀតណាម ឡាវ មីយ៉ាន់ម៉ា បានទទួលជំនួយអភិវឌ្ឍន៍ថ្មីទំហំ ៦ពាន់លានដុល្លារសម្រាប់លើកកម្ពស់ការអភិវឌ្ឍន៍ក្នុងតំបន់ ពីរដ្ឋាភិបាលក្រុងតូក្យូម្សិលមិញ។ នាយករដ្ឋមន្ត្រីជប៉ុនស៊ិនហ្សូ អាបេ បានប្រកាសពង្រីកកញ្ចប់ជំនួយទៅកាន់រដ្ឋជាប់ទន្លេមេគង្គ ស្របពេលដែលមេដឹកនាំប្រទេសទាំង៥ មានវត្តមានក្នុងទីក្រុងតូក្យូ ដើម្បីចូលរួមសន្និសីទកំពូលមេគង្គជប៉ុនលើកទី។ យោងតាមមន្ត្រីក្រុងតូក្យូ រដ្ឋាភិបាលជប៉ុនបានប្រកាសពីផែនការផ្តល់ជំនួយទឹកប្រាក់ ៧៥០ពាន់លានយ៉េនឬស្មើ ៦ពាន់លានដុល្លារ ក្នុងរយៈពេលបីឆ្នាំទៅមុខ ក្រោយពេលបិទបញ្ចប់កិច្ចប្រជុំ។
យោងតាមមន្ត្រីក្រុងតូក្យូ រដ្ឋាភិបាលជប៉ុនក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីស៊ីនហ្សូ អាបេ មើលឃើញពីសក្តានុពលរបស់រដ្ឋទាំងប្រាំជាប់ទន្លេមេគង្គ ព្រោះប្រទេសទាំងនេះមានសេដ្ឋកិច្ចរីកចម្រើនរហ័ស ហើយនិងជាទិសដៅសំខាន់សម្រាប់ការវិនិយោគលើបច្ចេកវិទ្យាថាមពល ហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធផ្លូវរថភ្លើងថែមទៀតផង។
យ៉ាងណាមិញ ជុំវិញការបង្កើនទំហំជំនួយរបស់ជប៉ុនកាន់រដ្ឋជាប់ទន្លេមេគង្គមិនមែនជារឿងសាមញ្ញពេកទេ។ វាបញ្ជាក់យ៉ាងច្បាស់ថា មហាអំណាចមួយនេះកំពុងសំឡឹងឃើញសក្តានុពល និងចាប់អារម្មណ៍ចង់ពង្រីកឥទ្ធិពលរបស់ខ្លួនក្នុងតំបន់ទុកគ្រាន់ទប់ទល់ឥទ្ធិពលរបស់ក្រុងប៉េកាំង។ មុនមានការបង្កើនកញ្ចប់ជំនួយសម្រាប់រដ្ឋទាំងប្រាំនេះ នាយករដ្ឋមន្ត្រីជប៉ុនបានប្រកាសបង្កើតគម្រោងជំនួយផ្តោតលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធអាស៊ីដែលមានទំហំទឹកប្រាក់ដល់ ១១០ពាន់លានដុល្លារអាមេរិក។
គម្រោងរបស់ក្រុងតូក្យូជំរុញការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ គ្មានខុសប្លែកអ្វីប៉ុន្មានពីគំនិតរបស់ក្រុងប៉េកាំងដែលបង្កើតធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ីឡើយ។ ជាការពិតគម្រោងជប៉ុន គឺដើម្បីប្រជែងធនាគារចិនដែលមានបណ្តារដ្ឋជាច្រើននៅអាស៊ីប៉ាស៊ីហ្វីកនិងអីរ៉ុប រួមទាំងមានសម្ព័ន្ធមិត្តអាមេរិកផងនោះនាំគ្នា ចុះចូលក្នុងគម្រោងចិនផងដែរ។ បច្ចុប្បន្នជប៉ុននិងក្រុងវ៉ាស៊ីនតោននៅមានមន្ទិលសង្ស័យ និងភ័យខ្លាចការកើនឡើងនៃឥទ្ធិពលរបស់ចិនក្នុងតំបន់ ដូចជាក្នុងតំបន់អាស៊ានជាដើម។ ដែលនេះចាំបាច់ឲ្យសម្ព័ន្ធមិត្តអាមេរិក មានសកម្មភាពកាន់តែខ្លាំងដើម្បីប្រជែងឥទ្ធិពលរបស់ចិននៅក្នុងតំបន់។ បើមិនដូច្នោះទេបណ្តារដ្ឋនៅអាស៊ីបន្តទោរទន់ទៅរកមហាយក្សចិន ដែលត្រដែតឡើងទាំងសេដ្ឋកិច្ច យោធា និងនយោបាយលើឆាកអន្តរជាតិផង។
សូមបញ្ជាក់ថាជប៉ុននិងចិនមិនដែរមានទំនាក់ទំនិងល្អជាមួយគ្នាឡើយ។ នេះក៏ដោយសារបញ្ហាប្រវត្តិសាស្ត្រ និងជម្លោះដែនទឹកសមុទ្រចិនខាងកើតផងដែរលើកោះសេនកាគូ។ ប៉ុន្តែយ៉ាងណាក្តី ទំនាក់ទំនងរវាងរដ្ឋទាំងពីរហាក់ឈានទៅរកភាពវិជ្ជមានបន្តិចដែរ ក្រោយពេលដែលលោក នាយករដ្ឋមន្ត្រីអាបេ ជួបពិភាក្សាទ្វភាគីជាមួយប្រធានាធិបតីចិន ស៊ីជិនពីង ក្រៅវេទិការសេដ្ឋកិច្ច អាស៊ីប៉ាស៊ីហ្វិកដែលបានរៀបឡើងនៅក្រុងប៉េកាំងប្រទេសចិនកាលពីឆ្នាំទៅ៕
© រក្សាសិទ្ធិដោយ thmeythmey.com