សង្គមអន្តរជាតិ
អន្តរជាតិ
ជនជាប់ចោទស្រែកយំ និងអៀនខ្មាស ក្រោយដឹងថា ចៅក្រមគឺជាអតីតមិត្តរួមថ្នាក់
× កាលពីថ្ងៃទី៣០ ខែមិថុនា នៅតុលាការ Miami សហរដ្ឋអាមេរិក អតីតមិត្តរួមថ្នាក់ពីរនាក់បានជួបគ្នា ក្រោយពីបែកគ្នាអស់រយៈពេលរាប់សិបឆ្នាំ។ ប៉ុន្តែវាជាជំនួបដ៏មិននឹកស្មាន ដោយមិត្តម្នាក់ជាចៅក្រម ហើយមិត្តម្នាក់ទៀតជាជនជាប់ចោទក្នុងអំពើចោរកម្ម។
នៅពេលសាកសួរភិនភាគនាពេលដំណើរការសវនាការ អ្នកស្រី Mindy Glazer បានអះអាងថា ជនល្មើស Arthur Booth អាយុ៤៩ឆ្នាំ គឺជាអតីតមិត្តរួមថ្នាក់របស់អ្នកស្រី នៅសាលា Nautilus Middle School។ នេះបើតាមការរាយការណ៍របស់សារព័ត៌មាន ABC។
គ្រាន់តែអ្នកស្រីចៅក្រម បានរំលឹករឿងដើមភ្ញៀវ ជនសង្ស័យភ្ញាក់ព្រើត ហើយបានមើលចៅក្រមទាំងអារម្មណ៍ខ្មាសអៀន ហើយបានត្រឹមតែស្រែកថា «ឱ ព្រះជាម្ចាស់! ឱ ព្រះជាម្ចាស់» ។
អ្នកស្រី Glazer បាននិយាយថា៖ «ខ្ញុំសោកស្តាយខ្លាំងណាស់ដែលឃើញអ្នកនៅទីនេះ។ ខ្ញុំតែងតែឆ្ងល់ថា តើវាមានរឿងអ្វីកើតឡើងចំពោះលោក»។ អ្នកស្រីបានបញ្ជាក់ថា Booth គឺជាអតីតក្មេងម្នាក់ដ៏ល្អបំផុតនៅសាលា។
អ្នកស្រី បានរំលឹកផងដែរថា កាលនៅរៀន អ្នកស្រីធ្លាប់លេងបាល់ទាត់ជាមួយ Booth និងក្មេងៗដទៃទៀត។ បើយោងតាមសារព័ត៌មាន Local 10 អ្នកស្រី Melissa Miller ដែលប្អូនជីដូនមួយរបស់ Booth អះអាងថា កាលនៅរៀន Booth គឺជាសិស្សល្អម្នាក់ ដែលមានជំនាញខាងកីឡា និងភាសា ប៉ុន្តែអនាគតរបស់គាត់ ត្រូវបានបំផ្លាញដោយសារគ្រឿងញៀន និងករណីឧក្រិដ្ឋកម្មជាច្រើន។
នៅក្នុងសំណុំរឿងចោរកម្មនោះ អ្នកស្រីចៅក្រម Glazer បានពិន័យ Booth នូវទឹកប្រាក់៤៤ ០០០ដុល្លារអាមេរិក ហើយបានជូនពរដល់ Booth ឲ្យមានជីវិតល្អប្រសើរជាងនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com