អន្តរជាតិ
នយោបាយអន្តរជាតិ
នាយករដ្ឋមន្ត្រីម៉ាឡេស៊ីអាចបាត់តំណែងព្រោះទទួលលុយសំណូក៧០០លានដុល្លារ
× បញ្ហាផ្ទេរប្រាក់ក្រុមហ៊ុន១MDB ៧០០លានដុល្លារសហរដ្ឋអាមេរិកទៅក្នុងគណនីធនាគាររបស់ លោកនាយករដ្ឋមន្ត្រី ណាជីប រ៉ាហ្សាក់ ដោយសម្ងាត់ បានក្លាយជាប្រធានបទរសើបសម្រាប់ប្រជាជនម៉ាឡេស៊ី។ យ៉ាងណាក៏ដោយលោកនាយករដ្ឋមន្ត្រី ណាជីប បានច្រានចោលការចោទប្រកាន់ដោយគ្មានមូលដ្ឋាន ហើយលោកកំពុងពិចារណាលើវិធានការផ្លូវច្បាប់ចំពោះសារព័ត៌មានមួយចំនួន ដែលផ្សព្វផ្សាយលើរឿងមិនពិតនេះ។
ក្រោយពីមានការលេចលឺរឿងអាស្រូវនាយករដ្ឋមន្ត្រីទទួលប្រាក់ ៧០០លានដុល្លារសហរដ្ឋអាមេរិកពីក្រុមហ៊ុនឯកជនដោយសម្ងាត់ លោកនាយករដ្ឋមន្រី្តម៉ាឡេស៊ី ណាជីប រ៉ាហ្សាក់បានប្រតិកម្មតបយ៉ាងខ្លាំងហើយ កំពុងពិចារណាចាត់វិធានការផ្លូវច្បាប់ប្រឆាំងការចោទប្រកាន់ដោយ គ្មានមូលដ្ឋាននេះ។ ថ្លែងការណ៍នៅក្នុងសន្និសីទសារព័ត៌មានថ្មីៗនេះ លោកនាយករដ្ឋមន្ត្រី ណាជីប មិនបានបញ្ជាក់ថា លោកនឹងប្តឹងអ្នកផ្សព្វផ្សាយព័ត៌មានមិនពិតឬយ៉ាងណាទេ ក៏ប៉ុន្តែលោកបានបញ្ជាក់ថាលោកកំពុងប្រឹក្សាជាមួយនឹងមេធាវីរបស់លោក និង ពិចារណាប្រើវិធានការផ្លូវច្បាប់ក្នុងពេលឆាប់ៗនេះ។
គួររំលឹកផងដែរថា កាលពីចុងសបា្តហ៍មុននេះ សារព័ត៌មាន Wall Street Journal និង Sarawak បានចុះផ្សាយរបាយការណ៍មួយ ជុំវិញចរន្តនៃការផ្ទេរប្រាក់ជាសម្ងាត់ពីធនាគារ និងក្រុមហ៊ុនឯកជន 1MDB ទៅកាន់គណនីរបស់លោកនាយករដ្ឋមន្ត្រីណាជីប រ៉ាហ្សាក់ រហូតដល់ ៧០០លានដុល្លាសហរដ្ឋអាមេរិក។
ឆ្លើយតបនឹងបញ្ហានេះ លោកនាយករដ្ឋមន្ត្រី បានអះអាងថាលោកស្អាតស្អំ មិនបានទទួលទឹកប្រាក់ពីក្រុមហ៊ុនណាមួយនោះទេ ហើយលោកបានចាត់ទុកការចោទប្រកាន់នេះ គឺជាចេតនាក្នុងការបំផ្លាញនូវកេរ្ត៍ឈ្មោះលោកលើឆាកនយោបាយតែប៉ុណ្ណោះ។ ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រី បានបន្ថែមថា លោកនឹងបញ្ជូននូវទិន្នន័យ ស្តីពីភាពស្អាតស្អំរបស់លោក នៅថ្ងៃទី០៩ កក្កដាខាងមុខនេះ ទៅកាន់សភា។
ឆ្លៀតឳកាសនេះ មេបក្សប្រឆាំងលោកស្រី Dr Wan Azizah Wan Ismail បានកោះប្រជុំសភា ជាបន្ទាន់ដើម្បីពិភាក្សាលើការបោះឆ្នោតដកសេចក្តីទុកចិត្តលើលោកនាយករដ្ឋមន្ត្រី ដោយសារការពាក់ពន្ធ័នឹងរឿងអាស្រូវនេះ ហើយក៏នឹងមានវត្តមាននៃការចូលពីសំណាក់អង្គការមិនមែនរដ្ឋាភិបាល ផងដែរ។
គួរបញ្ជាក់ផងដែរ នៅក្នុងអាណត្តិដឹកនាំប្រទេសរបស់លោកនាយករដ្ឋមន្ត្រីណាជីប រ៉ាហ្សាក់ មានរឿងអាស្រូវជាច្រើនចោទប្រកាន់ពាក់ពន្ធ័នឹងការសម្លាប់សកម្មជនសិទ្ធិមនុស្ស ការកាត់ទោសមេដឹកនាំបក្សប្រឆាំង ជាពិសេសនោះការទទួលប្រាក់សំណូកខុសច្បាប់ដោយសម្ងាត់។ ជុំវិញ បញ្ហានេះ លោកនាយករដ្ឋមន្ត្រី ក៏ធ្លាប់ត្រូវបានអតីតមេដឹកនាំម៉ាឡេស៊ី លោក Mahathir Mohamad តិះតៀនឲ្យចុះចេញពីមុខតំណែងមុនអាណត្តិផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com