ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
គំនូរគ្រាប់អង្ករកំពុងទាក់ទាញអារម្មណ៍ភ្ញៀវទេសចរ
07, Jul 2015 ,
12:27 pm
រូបភាព
×
ដោយ:
អុីសា រ៉ហានី (Isa Rohany)
សៀមរាប៖ ជារឿងមិនគួរឲ្យជឿ ដែលស្ត្រីម្នាក់បានប្រើគ្រាប់អង្ករសម្រាប់ដាំបាយ មកផលិតជាផ្ទាំងគំនូរបានយ៉ាងស្រស់ស្អាត។ បច្ចេកទេសថ្មី និងប្លែក មិនធ្លាប់មានពីមុនមក បច្ចុប្បន្ន គំនូរដែលធ្វើពីគ្រាប់អង្ករនេះ កំពុងទាញចំណាប់អារម្មណ៍ខ្លាំងពីសំណាក់ភ្ញៀវទេសចរជាតិ ក៏ដូចជាអន្តរជាតិ។
មានសម្បុរស្រអែម តូចស្តើង អ្នកស្រី គីម អេង គឺជាអ្នកច្នៃប្រឌិត យកគ្រាប់អង្ករមកធ្វើជាផ្ទាំងគំនូរ។ អស់រយៈពេលជាង ៥ឆ្នាំមកហើយ ដែលអ្នកស្រី គីម អេង បានចាយពេលលើរបរគំនូរអង្ករនេះ ប៉ុន្តែវាទើបនឹងធ្វើឲ្យគេចាប់អារម្មណ៍ខ្លាំង ក្នុងរយៈពេលចុងក្រោយនេះ។
មានស្រុកកំណើតនៅស្រុកបន្ទាយស្រី ខេត្តសៀមរាប អ្នកស្រី គីម អេង ដែលមាននិស្ស័យទៅលើគំនូរស្រាប់ បានចាប់ផ្តើមរៀនគំនូរធ្វើពីគ្រាប់អង្ករពីប្តីរបស់អ្នកស្រី ដែលជាគ្រូបង្រៀនលើជំនាញនេះស្រាប់។ អ្នកស្រីរម្លឹកថា៖« គិតថាយើងជាស្រីមិនចង់ធ្វើការខាងក្រៅ ក៏រៀនជំនាញនេះពីប្តី ព្រោះគាត់ជាគ្រូបង្រៀនស្រាប់។ រៀនមិនយូរទេ ព្រោះខ្ញុំចូលចិត្តគូរស្រាប់ ដូច្នេះ ខ្ញុំអាចចេះបានលឿន»។
បច្ចុប្បន្នគំនូរធ្វើពីគ្រាប់អង្ករ កំពុងមានហាងឆេងច្រើនពីសំណាក់ភ្ញៀវទេសចរ។ ភ្ញៀវទេសចរ បានបញ្ជាទិញនូវប្រភេទរូបជាច្រើន មានរូបអង្គរវត្ត អប្សរា និងបាយ័នជាដើម។ ក្រៅពីនោះ រូបភាពក្រុមគ្រួសារ និងទេសភាពស្រុកស្រែ ក៏លក់ដាច់មិនអន់ដែរ។ ក្នុងផ្ទាំងគំនូរមួយៗ លក់ក្នុងតម្លៃពី ២៥ដុល្លារ រហូតដល់ជាង ៣០០ដុល្លារអាមេរិកឯណោះ តាមទំហំ និងរចនាបថរបស់វា។
គំនូរពីគ្រាប់អង្ករ ខុសពីគំនូរដទៃទៀតត្រង់ថា វាត្រូវប្រើពេលយូរ ផ្ចិតផ្ចង់ និងអន់ធ្មត់បំផុត។ ក្នុងគំនូរមួយផ្ទាំង អាចប្រើពេលពី២ ទៅ៣ថ្ងៃ ឫអាចឡើងទៅមួយសប្តាហ៍ផង។ អ្នកស្រី គីម អេង បានរៀបរាប់ពីដំណើរការនៃការធ្វើគំនូរពីគ្រាប់អង្ករយ៉ាងដូច្នេះថា មុនដំបូងគេត្រូវយកអង្ករទៅលាយនឹងជាតិថ្នាំម្យ៉ាង មុននឹងយកវាទៅលីង ដើម្បីបានជាពណ៌ ៣៦ពណ៌ និងជាពិសេសដើម្បីការពារកុំឲ្យមានសត្វល្អិតកាត់ ឫស៊ី។ អ្នកស្រីបញ្ជាក់ថា៖« ខ្ញុំអាចនិយាយបានថា នៅសៀមរាបនេះមានតែគ្រួសារខ្ញុំទេ ដែលចេះធ្វើគំនូរអង្ករនេះ»។
សព្វថ្ងៃ គំនូរពីគ្រាប់អង្កររបស់អ្នកស្រី គីម អេង នៅធ្វើត្រឹមជាលក្ខណៈគ្រួសារតែប៉ុណ្ណោះ។ នៅពេលល្ងាច អ្នកស្រីនិងបងប្អូនស្រីឯទៀត ចាប់ផ្តើមជញ្ជូនយកគំនូរដែលធ្វើហើយនៅផ្ទះ ទៅលក់នៅផ្សាររាត្រីអង្គរ និងផ្សារផលិតផលនៃសណ្ឋាគារ ស៊ិនតាម៉ូនី នៅថ្ងៃសៅរ៍ អាទិត្យ និងថ្ងៃអង្គារ។
តាមពិតទៅ គីម អេង ជាឈ្មោះនៅពេលមិនទាន់ចូលសាសនាឥស្លាម។ សព្វថ្ងៃ អ្នកស្រីបានដូរឈ្មោះជាភាសាអារ៉ាប់ សាស្វានី គឺជាឈ្មោះថ្មី ដែលអ្នកស្រីប្រើនៅពេលមកកាន់សាសនាឥស្លាម។ អស់រយៈពេលជិត៧ឆ្នាំហើយ ដែលអ្នកស្រី រួមនិងបងប្អូនស្រី២នាក់ទៀត បានកែប្រែជីវិតរស់នៅមកគោរពប្រតិបត្តិសាសនាឥស្លាម តាមការចង្អុលបង្ហាញពីមិត្តភក្តិអ្នកស្រី ដែលជាសាសនិកឥស្លាមស្រាប់។
ទន្ទឹមនឹងអាជីវកម្មនៅជាលក្ខណៈគ្រួសារនៅឡើយ អ្នកស្រី សាស្វានី មានបំណងចង់បើកហាងគំនូរគ្រាប់អង្ករមួយទៅថ្ងៃអនាគត។ អ្នកស្រីថា នឹងចែករំលែកចំណេះដឹងរបស់អ្នកស្រី ទៅយុវជនជំនាន់ក្រោយ ដែលចង់ចេះចង់ដឹងលើជំនាញនេះ។ អ្នកស្រី ក៏បានស្នើទៅរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ ជួយផ្សព្វផ្សាយពីវប្បធម៌ និងសិល្បៈគំនូរគ្រាប់អង្ករនេះ ឲ្យបានទូលំទូលាយផងដែរ ដើម្បីលើកតម្លៃស្នាដៃសិល្បៈកូនខ្មែរ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ផ្សារដើមគរថ្មី លើផ្ទៃដី៣០ហិកតា ត្រូវបានដាក់ដំណើរការជាផ្លូវការហើយ
5 ថ្ងៃ
ដំណឹងបឋម៖ ករណីផ្ទុះឃ្លាំងគ្រាប់នៅបន្ទាយភូមិភាគ៣ ក្រុងច្បារមន មានអ្នកស្លាប់ និងរបួសច្រើននាក ...
5 ថ្ងៃ
តើពាក្យងារជា «សម្តេច» មានន័យដូចម្តេច?
2 ថ្ងៃ
គ្រឿងឥស្សរិយាភរណៈ គឺ «មេដាយ» មិនមែន «មេដៃ» ឡើយ
1 សប្តាហ៍
តើពាក្យ «ដុតដៃដុតជើង» មានន័យដូចម្តេច?
7 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម