លាង សុផាឡែន មិនទាន់ចង់មានសង្សារ
×
ភ្នំពេញ៖ តារាស្រីដែលអាចបកស្រាយបទចម្រៀងជាភាសាបរទេសបានយ៉ាងពីរោះ កញ្ញា លាង សុផាឡែន បានបង្ហើបប្រាប់ពីជីវិតផ្ទាល់ខ្លួនឲ្យដឹងថា នាងមិនទាន់ចង់មានសង្សារទេ ព្រោះថាគ្មានពេលវេលាគ្រប់គ្រាន់ផ្តល់ឲ្យគេ ប៉ុន្តែបើបានជួបបុរសណាម្នាក់ នាងប្រាថ្នាចង់យកធ្វើជាស្វាមីតែម្ដង។
តារាចម្រៀងប្រចាំផលិតកម្ម ភ្លេងរីខដ កញ្ញា លាង សុផាឡែន ក្នុងរយៈពេលជាង១ឆ្នាំចុងក្រោយនេះ សន្ទុះការងាររបស់នាង ហាក់លោតឡើងជាលំដាប់ធ្វើឲ្យនាងមានការមមាញឹក គ្មានពេលសម្រាក ជាពិសេសរឿងផ្ទាល់ខ្លួន ឬជីវិតគូ ក៏គ្មានពេលគិតដែរ។
នាងបានប្រាប់ឲ្យដឹងថា បច្ចុប្បន្ននេះ ការងាររវល់ច្រើន ដោយត្រូវចុះប្រគុំតន្ត្រីតាមខេត្តជាប់ជាប្រចាំ និងមានត្រៀមចេញបទចម្រៀងជាច្រើន ដើម្បីត្រៀមសម្រាប់បំរើអារម្មណ៍ប្រិយមិត្ត និងអ្នកគាំទ្ររូបនាង។
តារាចម្រៀងរូបស្រស់ដែល និយមលេងស្ទីលបរទេស លាង សុផាឡែន បានប្រាប់ឲ្យដឹងទៀតថា " ខ្ញុំរវល់ច្រើនណាស់បងមួយថ្ងៃៗត្រូវឡើងចុះខេត្តមិនឈប់ទេ ដល់ពេលរវល់ខ្លាំងពេកទៅ សូម្បីតែរឿងស្នេហា ក៏គ្មានពេលគិតដែរមើលចុះឥឡូវខ្ញុំមានវ័យ២៨ឆ្នាំហើយ មិនទាន់មានម្ចាស់បេះដូងផង..." ។
កញ្ញា លាង សុផាឡែន បានប្រាប់ទៀតថា សម្រាប់នាង មិនទាន់ចង់មានសង្សារទេ ព្រោះថាគ្មានពេលវេលាគ្រប់គ្រាន់ផ្តល់ឲ្យគេ ប៉ុន្តែបើបានជួបបុរសណាម្នាក់ នាងប្រាថ្នាចង់យកធ្វើជាស្វាមីតែម្ដងព្រោះនាង គិតថាការរស់នៅជាមួយបុរសម្នាក់ក្នុងនាមជាស្វាមីភរិយា គឺមានការយកចិត្តទុកដាក់យល់ពីគ្នាទៅវិញទៅមកច្រើនប្រសើរជាងការមានសង្សារ ដែលមានសង្សារនាំឲ្យពិបាកយល់ចិត្តគ្នា និងផ្គាប់គ្នាមិនងាយត្រូវនោះទេ៕
© រក្សាសិទ្ធិដោយ thmeythmey.com