ពិភពតារា៖ ពៅ លីដា កំពុងមានសន្ទុះការងារឡើងវិញ
×
ភ្នំពេញ៖ រយៈពេល១ឆ្នាំចុងក្រោយនេះតារាសម្តែង កញ្ញា ពៅ លីដា ត្រូវបានគេកត់សម្គាល់ថា សន្ទុះការងាររបស់នាង ហាក់មានភាពលេចអណ្តែតៗមិនទៀងទាត់ ហើយក៏មិនសូវលេចធ្លោខ្លាំងដែរ ។ ប៉ុន្តែមកដល់ពាក់កណ្តាលឆ្នាំ២០១៥នេះ សន្ទុះការងារសិល្បៈរបស់នាងចាប់ផ្តើមមានរស្មើរះចែងចាំងឡើងវិញ ដោយនាងត្រូវបានអ្នកដឹកនាំរឿងទាក់ទង ហៅថតរឿងជាបន្តបន្ទាប់ ហើយកេរ្តិ៍ឈ្មោះរបស់នាង ក៏ចាប់ផ្តើមឡើងកូដទៅតាមហ្នឹងដែរ។
បើតាមប្រភពពីអ្នកសិល្បៈ បានលួចខ្សឹបប្រាប់ឲ្យដឹងថា តារាសម្តែង នាង ពៅ លីដា មួយរយៈចុងក្រោយនេះ មើលទៅដូចជាមានទឹកមាត់លេបច្រើនជាងមុន ដោយនាងត្រូវបាន ខាងស្ថានីយទូរទស្សន៍ និងអ្នកដឹកនាំរឿងទាក់ទងមកជាប់រហូតមិនសូវមានពេលទំនេរដូចពេលមុនៗឡើយ ។
ជួបសម្ភាសន៍តាមទូរស័ព្ទជាមួយ “ថ្មី”កាលពីពេលកន្លងទៅ ម្តាយរបស់តារាស្រី កញ្ញា ពៅ លីដា បានប្រាប់ដោយទទួលស្គាល់ថា ការងារកូនស្រីរបស់គាត់ មួយរយៈនេះគឺមានការមមាញឹកច្រើនឡើងវិញដូចគេនិយាយមែន ពោលគឺទទួលបានការងារជាប់ៗគ្នាមិនសូវមានពេលសម្រាកទេ ដោយត្រូវចេញថតរហូត ព្រោះថាប៉ុន្មានខែចុងក្រោយនេះ កូនស្រីរបស់គាត់បានទទួលថត ៣-៤រឿង ដូច្នេះត្រូវលៃពេលវេលាមិនអាចទំនេរបានទេ។
អ្នកស្រីបន្ថែមទៀតថា សម្រាប់ការងារសិល្បៈ ទោះជាពេលនេះ លីដាគេមានការរវល់ តែមិនបិទផ្លូវទេ ឲ្យតែមានអ្នកទាក់ទងមក គឺកូនអ្នកស្រីទទួលទាំងអស់ ឲ្យតែមានពេលវេលាអាចដកឃ្លាទទួលបាន ព្រោះការងាររបស់អ្នកសិល្បៈតែប៉ុណ្ណោះ បើមានគេទាក់ទង ហៅច្រើន យើងក៏សប្បាយចិត្តទៅតាមហ្នឹង ហើយម្យ៉ាងទៀត ប្រជាប្រិយភាពក៏លេចធ្លោទៅតាមនោះដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com