ជាតិ
បទវិភាគ
× លិខិតមិត្តអ្នកអាន
ដោយស្ត្រីខ្មែរ
www.streikhmer.wordpress.com
[email protected]
ថ្ងៃនេះខ្ញុំមានឱកាសបានអង្គុយធ្វើការក្នុងហាងកាហ្វេមួយក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។វាពិតដូចពាក្យរៀមច្បងអ្នកសារព័ត៌មាន ដែលមានប្រសាសន៏ថា ប្រភពព័ត៌មានមួយចំនួនចេញពីហាងកាហ្វេមែន។ លើកនេះ ខ្ញុំមានសំណាងបានស្តាប់ប៉ះសុទ្ធតែរឿងពុករលួយ។ ខ្ញុំសូមលើកយកករណីមួយយកមកវិភាគក្នុងអត្ថបទនេះ។
បុរសម្នាក់ក្នុងសម្លៀកបំពាក់សមរម្យ អាវយឺតក្រឡាម៉ាកប៉ូឡូ ខោខូវប៊យ កាន់ទូរសព្ទទំនើបចំនួនពីរនិយាយប្តូរគ្នាចុះឡើងៗ ។ តាមស្តាប់សំដីបន្តិច ខ្ញុំអាចយល់បានថា គាត់ជាអ្នកម៉ៅការចាក់បេតុងអោយបណ្តាសំណង់អគារផ្សេងៗក្នុងរាជធានីភ្នំពេញ។ រយៈពេលជាងពីរម៉ោងដែលបុរសរូបនោះអង្គុយក្នុងហាងកាហេ្វ គាត់និយាយទូរសព្ទផ្លាស់ប្តូរចុះឡើងរហូត បានន័យថាគាត់មានអតិថិជនច្រើនណាស់។ ចំណុចគួរអោយចាប់អារម្មណ៍ក្នុងកិច្ចសន្ទនារបស់គាត់គឺ គាត់ទុកអោយអ្នកម៉ៅការសំណង់ដែលទាក់ទងអោយគាត់ចាក់បេតុងនោះចំណេញ២ដុល្លាអាមេរិចក្នុងការចាក់បេតុងមួយឡាន រីឯវិក័យបត្រតំលៃគឺបត់បែនទៅតាមបរិមាណទឹកប្រាក់ដែលអ្នកម៉ៅការសំណង់ត្រូវការ។ ខ្ញុំចាប់ផ្តើមវិភាគភ្លាមថា ករណីនេះ ជាអំពើពុករលួយ តែតើវាខុសច្បាប់នៃព្រះរាជាណាចក្រកម្ពុជាឬអត់?
តាមប្រសាសន៍របស់ឯកឧត្តមទេសរដ្ឋមន្ត្រីឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយនៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៥ក្នុងកម្មវិធីប្រកាសជ័យលាភីអ្នកកាសែតឆ្នើមនោះ លោកបានលើកឡើងថា បទលើ្មសស៊ីសំណូកមានប្រសិទ្ធភាពតែចំពោះមន្ត្រីរាជការសាធារណៈ និងពលរដ្ឋទទួលអាណត្តិសាធារណៈដោយការបោះឆ្នោតតែប៉ុណ្ណោះ។ ដូច្នេះខ្ញុំសូមយកករណីនេះយកមកវិភាគដើម្បីកំដរការអផ្សុក។
បើបុគ្គលរួបនោះបានសូក ឬផ្តល់ប្រាក់ចំណេញនោះដល់អ្នកម៉ៅការដែលបំពេញការងារក្នុងក្រុមហ៊ុន ក៏បុគ្គលនោះអាចត្រូវច្បាប់ដាក់ទោសក្នុង៣ករណី៖
ករណីទី១៖ ទោសកិបកេងគៃបន្លំដែលមានចែងក្នុងច្បាប់ផ្ទៃក្នុងរបស់ក្រុមហ៊ុនសាងសង់ ដោយសារអ្នកម៉ៅការរូបនេះបានជ្រើសរើសអ្នកចាក់បេតុងដោយយោងទៅតាមផលប្រយោជន៍ដែលខ្លួនទទួលបានក្រៅផ្លូវការ និងការក្លែងវិក័យបត្រ។
ករណីទី២៖ សំណង់ដែលមានការសាងសង់ឡើង និងហ៊ុំព័ទ្ឋទៅដោយអំពើពុករលួយត្រូវបានសន្មតថាជាសំណង់ដែលមិនសមស្របតាមលក្ខណៈបច្ចេកទេស ព្រោះការផ្តល់សំណងក្រៅផ្លូវការរបស់អ្នកចាក់បេតុង អាចធ្វើទៅបានលុះត្រាបុគ្គលរូបនេះបានទទួលផលចំណេញរបស់ខ្លួនដូចគ្នា។ ដូច្នេះម្ចាស់ម៉ៅការសាងសង់ក៏មិនអាចចាប់ទោសអូសដំណើរដល់អ្នកចាក់បេតុងដែលចាក់បំពេញបេតុងក្នុងកម្រិតគុណភាពទាបជាងស្តង់ដារបានឡើយ ព្រោះខ្លួនទទួលបានផលប្រយោជន៏ក្នុងនោះដែរ។ ដូច្នេះអ្នកម៉ៅការ និងក្រុមហ៊ុននោះអាចទទួលវិធានការរដ្ឋបាលដោយមានការផ្អាកដំណើរការសាងសង់ជាបណ្តោះអាសន្នដើម្បីអោយមានជួសជុល ឬសាងសង់កែតម្រូវ ប្រសិនបើការវិភាគលើគុណភាពសំណង់ត្រូវបានធ្វើឡើងដោយអ្នកជំនាញសាធារណៈនៃក្រសួងដែនដី សំណង់ និងនគរូបនីយកម្ម ហើយរកឃើញថាសំណង់នោះមានគុណភាពទាបជាងស្តង់ការកំណត់ពិតមែន។ ក្នុងករណីមិនមានការជួសជុល ឬកែប្រែ ក្រុមហ៊ុនសាងសង់នោះអាចទទួលការប្តឹងពីបទសំណង់ខុសច្បាប់ ឬសំណង់ខុសបច្ចេកទេស។
ករណីទី៣៖ ប្រសិនបើការវិភាគលើគុណភាពសំណង់ត្រូវបានធ្វើឡើងដោយអ្នកជំនាញសាធារណៈនៃក្រសួងដែនដី សំណង់ និងនគរូបនីយកម្ម ហើយរកឃើញថាសំណង់នោះមានគុណភាពទាបជាងស្តង់ដារកំណត់ តែមន្ត្រីរូបនោះមិនធ្វើការណែនាំ ឬផ្អាកការសាងសង់ដោយសារទទួលបានអំណោយក្រៅផ្លូវការអ្វីមួយពីក្រុមហ៊ុនសាងសង់ មន្ត្រីរូបនោះនឹងត្រូវផ្តន្ទាទោសដាក់ពន្ឋនាគារពី៧ដល់១៥ឆ្នាំក្នុងបទលើ្មសស៊ីសំណូកប្រព្រឹត្តដោយអ្នករាជការសាធារណៈ ឬពលរដ្ឋដែលទទួលអាណត្តិសាធារណៈដោយការបោះឆ្នោត ដែលមានបញ្ញត្តក្នុងមាត្រាទី៥៩៤ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនឹងនោះ បុគ្គលដែលសូកមន្ត្រីជំនាញរូបនោះ នឹងត្រូវផ្តន្ទាទោសដាក់ពន្ឋនាគារពី៥ទៅ១០ឆ្នាំពីបទសូកប៉ាន់ដល់អ្នករាជការសាធារណៈ ឬពលរដ្ឋដែលទទួលអាណត្តិសាធារណៈដោយការបោះឆ្នោត ដែលមានបញ្ញត្តក្នុងមាត្រាទី៦០៥ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។
ផ្ទុយទៅវិញ បើម្ចាស់ម៉ៅការសំណង់ខាងលើដែលទទួលកម្រៃបន្ថែមចំនួន២ដុល្លាអាមេរិចក្នុងការចាក់បេតុងមួយឡាននោះគឺជាមន្ត្រីរាជការជំនាញ និងកំពុងសាងសង់អគារសាធារណៈរដ្ឋណាមួយវិញ មន្ត្រីជំនាញម្នាក់នោះអាចទទួលទោសដូចដែលរៀបរាប់ខាងលើនៃបទលើ្មសស៊ីសំណូក។ រីឯអ្នកម៉ៅការចាក់បេតុងវិញ ក៏ជាប់ទោសពីបទសូកប៉ាន់ផងដែរ។
តែសរុបមកវិញ អ្នកដែលទទួលកម្មមុនគេគឺយើងខ្ញុំដែលជាប្រជាពលរដ្ឋ ហើយត្រូវរស់នៅក្នុងអគារដែលសាងសង់ខុសលក្ខខណ្ឌបច្ចេកទេសទៅវិញទេ។ កន្លងមកយើងធ្លាប់ឃើញរួចមកហើយនូវការបាក់ពិដាន នៃអគាររោងចក្រកាត់ដេរ និងសំណង់ផ្ទះលែ្វង ឬអគារដែលបានបង្កអោយមានកម្មករកាត់ដេរ និងកម្មករសំណង់ស្លាប់ និងរបួសជារឿយៗ ។ ក៏ប៉ុន្តែគ្រោះថ្នាក់ទាំងនេះត្រូវកន្លងផុតទៅស្ងាត់ៗទាំងគ្មានអ្នកទទួលខុសត្រូវលើគុណភាពសំណង់ទាំងនោះឡើយ។
ក្នុងនាមជាប្រជាពលរដ្ឋ យើងខ្ញុំសូមអោយរាជរដ្ឋាភិបាល និងស្ថាប័នជំនាញមេត្តាយកចិត្តទុកដាក់ក្នុងបញ្ហាទាំងនេះផង ព្រោះព្រះរាជាណាចក្រកម្ពុជាកំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឈន៏ មានការដុះរីកលូតលាស់នៃសំណង់គ្រប់ប្រភេទ។ ប៉ុន្តែគុណភាពសំណង់ទាំងនោះពិតជាស្ថិតក្នុងស្ថានភាពគួរអោយព្រួយបារម្ភយ៉ាងខ្លាំង៕
© រក្សាសិទ្ធិដោយ thmeythmey.com