អន្តរជាតិ
នយោបាយជាតិ
កប៉ាល់ចំបាំងមីស្ត្រាល់៖ បារាំងបដិសេធថា មិនទាន់សម្រេចចេញកិច្ចព្រមព្រៀងសងលុយរុស្ស៊ីទេ
×
នៅថ្ងៃសុក្រម្សិលមិញ ប្រធានាធិបតីបារាំង ហ្វ្រង់ស៊័រ ហូឡង់ បានប្រកាសបដិសេធថា នៅមិនទាន់សម្រេចនៅឡើយទេ នូវកិច្ចព្រមព្រៀងជាមួយរុស្ស៊ី ស្តីពីប្រាក់ដែលបារាំងត្រូវសងទៅរុស្ស៊ី ដោយសារបារាំងមិនប្រគល់កប៉ាល់ចំបាំងទៅអោយរុស្ស៊ី តាមកិច្ចសន្យានោះ។ លោកហូឡង់បដិសេធដូច្នេះ បន្ទាប់ពីមានការប្រកាសពីក្រុងម៉ូស្គូ នៅថ្ងៃព្រហស្បតិ៍កន្លងទៅថា រុស្ស៊ីនិងបារាំងបានបញ្ចប់ការពិភាក្សាស្តីពីសំណងនេះហើយ។
យោងតាម លោកVladimir Kojine ជាទីប្រឹក្សាទទួលបន្ទុកកិច្ចសហប្រតិប្តតិការយោធានិងបច្ចេកទេសរបស់ប្រធានាធិបតីរុស្ស៊ី កិច្ចពិភាក្សាស្តីពីប្រាក់សំណងជំងឺចិត្ត ទាក់ទងកប៉ាល់មីស្ត្រាល់នេះ បានបិទបញ្ចប់រួចហើយ ហើយអ្វីៗត្រូវបានគេសម្រេចរួចអស់ហើយដែរ។ ប៉ុន្តែ ថ្ងៃសុក្រម្សិលមិញ ប្រធានាធិបតីបារាំងបានចេញមុខបដិសេធការប្រកាសរបស់ក្រុងម៉ូស្គូ ដោយលើកឡើងថា នៅមិនទាន់មានកិច្ចព្រមព្រៀងអ្វីទេ ហើយលោកនឹងធ្វើការសម្រេចចិត្តរឿងនេះ នៅសប្តាហ៍ក្រោយៗនេះ។
គួររំលឹកថា ក្រោមអាណត្តិប្រធានាធិបតីបារាំង សាកូហ្ស៊ី បារាំងបានសម្រេចលក់កប៉ាល់ចំបាំងមីស្ត្រាល់២គ្រឿងទៅអោយរុស្ស៊ី ក្នុងតម្លៃជិត១ ២០០លានអឺរ៉ូ។ កប៉ាល់ទាំង២គ្រឿងត្រូវប្រគល់អោយរុស្ស៊ីបន្តបន្ទាប់គ្នា នៅខែវិច្ឆិកាឆ្នាំ២០១៤កន្លងទៅ និងក្នុងកំឡុងជិតចុងឆ្នាំ២០១។ ប៉ុន្តែ វិបត្តិជម្លោះអ៊ុយក្រែនបានធ្វើអោយបារាំងប្តូរចិត្ត។ ក្រុងប៉ារីសបានដាក់លក្ខខណ្ឌថា នឹងប្រគល់កប៉ាល់ចំបាំងអោយក្រុងម៉ូស្គូ លុះត្រាតែក្រុងម៉ូស្គូឈប់លូកដៃចូលក្នុងជម្លោះអ៊ុយក្រែន។
រុស្ស៊ីគិតគូរបូកលេខថា បារាំងត្រូវសងខ្លួនប្រមាណជិត ១១៦៣លានអឺរ៉ូ។ ប៉ុន្តែ បារាំងស្នើសងតែ៧៨៥លានអឺរ៉ូ ជាប្រាក់ដែលរុស្ស៊ីបង់កន្លងមក សម្រាប់កប៉ាល់មីស្ត្រាល់។ តែមិនគ្រប់គ្រាន់ទេសម្រាប់ក្រុងម៉ូស្គូ។ រុស្ស៊ីលើកហេតុផលថា បានចំណាយច្រើនសម្រាប់ការបណ្តុះបណ្តាលទាហានជើងទឹក៤០០នាក់ ដែលត្រូវធ្វើការនៅកប៉ាល់មីស្ត្រាល់នេះ។ រុស្ស៊ីក៏ចំណាយច្រើនក្នុងការផលិតឧទ្ធម្ភាគចក្រ៤គ្រឿង និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតសម្រាប់កប៉ាលចំបាំងនេះដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com