អន្តរជាតិ
កាសែតចិន៖ ជាតិនឹងត្រូវដួលរលំ បើអំពើពុករលួយមានក្នុងស្ថាប័នកង ទ័ព
× សារពត៌មានផ្លូវការមួយរបស់ទាហានចិន បានរិះគន់ទៅកាន់មន្ត្រីយោធាពុករលួយ នឹងមិន អាចឈ្នះសង្គ្រាមបាននោះទេ បើអំពើស៊ីសំណូកនៅតែបន្តកើតមាននៅក្នុងស្ថាប័ននោះ។ ការលើកនេះ ត្រូវបានគេចាត់ថា ជាគំរាម និង ដាស់តឿនទៅកាន់មន្ត្រីយោធា ខណៈ ប្រទេសកំពុងប្រឈមមុខនឹងមានតានតឹងជាច្រើនផ្នែកសន្តិសុខជាមួយប្រទេសជិតខាង។
សូមស្ដាប់ពត៌មានលម្អិត៖
ម្សិលមិញនេះ ការសែតផ្លូវការមួយរបស់ទាហានចិន បានចុះផ្សាយការព្រមានទៅកាន់មន្ត្រីយោធាដែលកំពុងបម្រើការ និង មន្ត្រីដែលចូលនិវត្តន៍លើសកម្មភាពស៊ីសំណូកនៅក្នុងស្ថាប័ន កងទ័ព។ ពត៌មាននេះ ត្រូវបានចុះផ្សាយ ក្រោយរដ្ឋាភិបាលក្រុងប៉េកាំងបានប្រកាសកាត់ទោសមន្ត្រីជាន់ខ្ពស់ដែលបានប្រព្រឹត្តអំពើពុករលួយ។
សារពត៌មានយោធាចិន People's Liberation Army Daily បានចុះដាក់ទំព័រមុខដោយ រិះគន់ និង វាយប្រហារ យ៉ាងចាស់ដៃទៅលើមន្ត្រីយោធា ពីការប្រព្រឹត្តអំពើពុករលួយ ដោយភា្ជប់ជាមួយឥទ្ធិពលអាក្រក់របស់វា ជាមួយនឹងកិច្ចការ និង ប្រវត្តិសាស្ត្ររបស់ប្រទេសជាតិ។ ក្នុងសារពត៌មាននោះ បានបញ្ជាក់ថា “ បើយើងនៅតែបន្តសកម្មភាពពុករលួយឲ្យរីកលូតលាស់ និង សាយភាយ នោះកាំភ្លើងច្បាស់ជានឹងច្រេះអស់ ហើយសរសរស្តម្ភជាតិនឹងត្រូវដួលរលំផងដែរ ”។
ការសែតនោះបានបន្ថែមទៀតថា “ ប្រវត្តិសាស្ត្រ នឹងត្រូវបង្ហាញជាថ្មីពីភាពបរាជ័យ ប្រសិនអំពើពុករលួយមិនត្រូវបានលុបបំបាត់ ហើយយើងនឹងផ្តួលរលំប្រទេសខ្លួនឯងដោយផ្ទាល់ ដោយមិនចាំបាច់ចូលធ្វើសង្គ្រាមនោះទេ ” ។
ជុំវិញបញ្ហានេះដែរ អ្នកវិភាគ បានអះអាងថាអំពើពុករលួយនៅក្នុងស្ថាប័នយោធាចិន បាន ក្លាយជាស្ថាប័នជំនួញមួយ ពោលគឺការងារនិង តំណែងរបស់យោធាត្រូវបានទិញលក់ដោយសម្ងាត់ ។ ហើយបញ្ហានេះកើតឡើងដោយសារតែ កង្វះនៃការពិនិត្យនូវតុល្យភាពក្នុងស្ថាប័ន សាធារណៈ។
គួររំលឹកផងដែរថា អំពើពុករលួយ គឺជាគោលដៅដ៏សំខាន់ក្នុងអាណត្តិរបស់លោកប្រធានាធិបតីចិន ស៊ី ជិនពីង ដើម្បីលុបបំបាត់នៅក្នុងស្ថាប័នរដ្ឋាភិបាល និង ជាពិសេសនៅក្នុងស្ថាប័នកងទ័ព។ ហើយរយៈពេលចុងក្រោយនេះ រដ្ឋាភិបាលចិនបានចាត់វិធានការទៅលើមន្ត្រីជាន់ខ្ពស់ជាច្រើន ដែលរាប់បញ្ចូល ទាំងលោក Xu Caihou និង Guo Boxiong ដែលអតីតមន្ត្រីទាហានខ្ពស់៕
© រក្សាសិទ្ធិដោយ thmeythmey.com