ជាតិ
ស្ទឹងត្រែង ក្រចេះ កំពង់ចាម ប្រឈមនឹងការលិចលង់ ខណៈទឹកទន្លេចាប់ផ្តើមឡើង
× តំបន់ទំនាបមួយចំនួនដែលស្ថិតនៅអមសងខាងដងទន្លេមេគង្គលើ ពោលគឺខេត្តស្ទឹងត្រែង ក្រចេះ កំពង់ចាម ចាប់ផ្តើមលិចជាបន្តបន្ទាប់ នៅពេលដែលទឹកទន្លេទាំងអស់នៅកម្ពុជាបន្តកើនឡើងសន្សឹមៗក្នុងពេលប្រមាណ១សប្តាហ៍ទៀត។ ក្រសួងធនធានទឹក និងឧតុនិយម បាន បញ្ជាក់ពីព័ត៌មាននេះ។
បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃចន្ទនេះ ឥទ្ធិពលសម្ពាធទាប បាន និងកំពុងអូសកាត់ពីលើអាងទន្លេមេគង្គ ក្នុងប្រទេសមីយ៉ាន់ម៉ា ថៃ និងឡាវ បានបង្កឲ្យមានភ្លៀងធ្លាក់ និងជំរុញឲ្យកម្ពស់ទឹកទន្លេមេគង្គកម្ពុជា ទន្លេបាសាក់ ទន្លេសាប និងទឹកក្នុងបឹងទន្លេសាបកើនឡើងជាបន្តបន្ទាប់។
ដូច្នេះក្រសួងសូមអំពាវនាវឲ្យអាជ្ញាធរដែនដី និងប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេ ពិសេសទន្លេមេគង្គកម្ពុជា ក្នុងខេត្តស្ទឹងត្រែង ក្រចេះ និងកំពង់ចាម ចាត់វិធានការប្រមូលកសិផលឲ្យទាន់ពេលវេលា និងត្រូវបង្កើនការយកចិត្តទុកដាក់ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ៕
© រក្សាសិទ្ធិដោយ thmeythmey.com