ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ដែលបានចេញទៅហ្វឹកហាត់និងប្រកួតកម្ដៅសាច់ដុំនៅប្រទេសថៃ កាលពីសប្ដាហ៍មុន ឥឡូវនេះបានបន្តដំណើរទៅប្រទេសជប៉ុនហើយនៅវេលាម៉ោង ២២:៤៥ នាទីយប់ថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០១៥ នេះតាមជើងហោះហើរលេខ TG682 ដើម្បីប្រកួតជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក 2018 FIFA World Cup Russia នៅមួយក្រុមម្ចាស់ផ្ទះជប៉ុន។
មុនចេញទៅជប៉ុន ក្រុមកម្ពុជា បានធ្វើដំណើរទៅកាន់ប្រទេសថៃ ដើម្បីហ្វឹកហាត់និងប្រកួតមិត្តភាពនៅទីនោះតាំងពីថ្ងៃទី ២៥ ខែ សីហា មកម្ល៉េះ ក្នុងទីក្រុងបាងកក។ ជាលទ្ធផលក្រុមកម្ពុជា ដែលដឹកនាំដោយលោក Lee Tae Hoon បានប្រកួតស្មើគ្នាជាមួយក្រុម Army United ១ ទល់ ១ និងប្រកួតចាញ់ក្រុមជម្រើសជាតិឡាវ ២ ទល់ ១ ផងដែរ។
ចំពោះបញ្ជីឈ្មោះថ្នាក់ដឹកនាំក្រុមជម្រើសជាតិកម្ពុជា មានដូចជា លោក ឆាំង ពិសិដ្ឋ ជាអ្នកចាត់ការទូទៅហើយលោក Lee Tae Hoon ជនជាតិកូរ៉េខាងត្បូង ជាគ្រូបង្វឹក ស្របពេលលោក អ៊ុង កងយ៉ានិត លោក ហោ សុខហេង និង លោក អុំ សាវង្ស ជាគ្រូជំនួយ ហើយលោក អ៊ិន សុខា ជាគ្រូអ្នកចាំទី រួមទាំងលោក ហៃ ស័ក្ខរី និង លោក ខាយ់ ចាន់ហាក់ ជាគ្រូពេទ្យប្រចាំ។
ចំណែកកីឡាករទាំង ២៥ នាក់មាន៖
អ្នកចាំទី៖ ស៊ូ យ៉ាទី (បឹងកេតអង្គរ) ប៉េង ប៊ុនឆាយ (ស្វាយរៀង) និង ប្រាក់ ភារុណ (អគ្គស្នងការដ្ឋាននគរបាលជាតិ)។
ខ្សែការពារ៖ សឿយ វិសាល (ស្វាយរៀង) នេន សុធារ័ត្ន (ស្វាយរៀង) សុខ សុវណ្ណ (បឹងកេតអង្គរ) កុក បុរីស (ភ្នំពេញក្រោន) ហុង ផេង (បឹងកេតអង្គរ) សាយ ពិសិដ្ឋ (អគ្គស្នងការដ្ឋាននគរបាលជាតិ) ណុប តុលា (ស្វាយរៀង)។
ខ្សែបម្រើ៖ សំអឿន ពិដោរ (ស្វាយរៀង) ឈិន ឈឿន (ក្រសួងការពារជាតិ) រស់ សំអឿន (បឹងកេតអង្គរ) ស៊ុន សុវណ្ណរិទ្ធី (ណាហ្គាវើល) សុះ ស៊ូហាណា (ភ្នំពេញក្រោន) ទិត្យ ឌីណា (អគ្គស្នងការដ្ឋាននគរបាលជាតិ) ធារីចន្ថាប៊ីន (ភ្នំពេញក្រោន) ឈុន សុធារ័ត្ន (បឹងកេតអង្គរ) និង គួច សុកុម្ភៈ (ណាហ្គាវើល)។
ខ្សែប្រយុទ្ធ៖ កែវ សុខផេង (ភ្នំពេញក្រោន) ចាន់ វឌ្ឍនាកា (បឹងកេតអង្គរ) និង ឃួន ឡាបូរ៉ាវី (បឹងកេតអង្គរ)។
ក្រុមកម្ពុជា ត្រូវធ្វើដំណើរទៅកាន់ប្រទេសជប៉ុន នៅថ្ងៃទី ៣១ ខែ សីហា ដើម្បីប្រកួតជាមួយក្រុមម្ចាស់ផ្ទះ នៅថ្ងៃទី ៣ ខែ កញ្ញា ឆ្នាំ ២០១៥ ក្នុងប្រកួតទី៣ នៃវគ្គជម្រុះជុំទី២ ពូល Eនៃពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2018 ប្រចាំទ្វីបអាស៊ី។ ប្រកួតចប់ភ្លាមក្រុមកម្ពុជា ត្រូវត្រឡប់មករាជធានីភ្នំពេញ វិញ ដើម្បីទទួលភ្ញៀវក្រុមស៊ីរី វិញម្ដងនៅពហុកីឡដ្ឋានជាតិ នាសៀលថ្ងៃទី ៨ ខែ កញ្ញា ឆ្នាំ ២០១៥ វិញ៕