ជាតិ
នយោបាយជាតិ
ជនជាតិភាគតិចនឹងដាក់ពាក្យទៅក្រសួងមហាផ្ទៃស្នើសុំបង្កើតគណបក្សនៅខែវិច្ឆិកា
× ភ្នំពេញ៖ ក្រុមជនជាតិដើមភាគតិច គ្រោងនឹងបង្កើតគណបក្សដើម្បីចូលរួមការបោះឆ្នោតឆ្នាំ២០១៧ និង២០១៨ ។ គម្រោងបង្កើតបក្សរបស់ក្រុមជនជាតិដើមភាគតិចនេះ ធ្វើឡើងស្របពេលដែលបញ្ញវន្ត និងមន្ត្រីគណបក្សនយោបាយមួយចំនួន បានចេញទៅបង្កើតបក្សថ្មីរៀងៗខ្លួន។
លោក ស្រូយ ខេត ជនជាតិដើមភាគតិចព្នងក្នុងខេត្តមណ្ឌលគីរី បានបញ្ជាក់ថា លោកនឹងដាក់ពាក្យទៅក្រសួងមហាផ្ទៃ នៅខែវិច្ឆិកា ឆ្នាំ២០១៥ ខាងមុខនេះ ដើម្បីស្នើសុំបង្កើត«គណបក្សជនជាតិដើមប្រជាធិបតេយកម្ពុជា»។ លោក ស្រូយ ខេត ដែលជាស្ថាបនិកបង្កើតគណបក្សនេះ អះអាងថា លោកបានរៀបចំបទបញ្ជាផ្ទៃក្នុងបក្ស គោលនយោបាយ និងគណកម្មការបក្សបណ្ដោះអាសន្ន រួចរាល់ហើយ។ ប៉ុន្ដែលោកត្រូវការចំណាយពេលវេលា ពង្រឹងសមត្ថភាពសមាជិកឲ្យមានភាពរឹងមាំជាមុនសិន ទើបដាក់ពាក្យទៅក្រសួងមហាផ្ទៃស្នើសុំបង្កើតគណបក្ស។ « នៅពេលខាងមុខ ខ្ញុំនឹងប្រមូលនិស្សិតជនជាតិភាគតិចទាំងអស់ មិនថាជនជាតិណាទេ ឲ្យតែចង់ធ្វើនយោបាយ ដើម្បីចូលរួមជាមួយគណបក្សលោក» ។ នេះជាការបញ្ជាក់បន្ថែមរបស់លោក ស្រូយ ខេត្ត។
បើតាមលោក ស្រូយ ខេត ការបង្កើតគណបក្សនេះ គឺលោកមិនមែនចង់បំបែកសំឡេងគណបក្សនយោបាយណាមួយឡើយ ពោលគឺលោកចង់ឲ្យជនជាតិដើមភាគតិចមានឱកាសបានចូលរួមដោះស្រាយ បញ្ហានានាក្នុងប្រទេសឲ្យបានច្រើន។
កន្លងមកលោក ផ្លាំង ស៊ីន ជនជាតិដើមភាគតិចព្នងនិងជាស្ថាបនិកគណបក្សថ្មីនេះម្នាក់ដែរ ធ្លាប់ប្រាប់សារព័ត៌មានថ្មីៗថា ការបង្កើតគណបក្សជនជាតិដើមភាគតិចដើម្បីចូលរួមការបោះឆ្នោតនៅឆ្នាំ២០១៧ និង២០១៨ខាងមុខនេះ។ លោកថា គោលបំណងបង្កើតបក្សនេះ គឺដើម្បីចូលរួមកសាងប្រទេសជាតិ ចូលរួមការពារប្រទេស និងអភិវឌ្ឍប្រទេសជាមួយជនជាតិខ្មែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com