អន្តរជាតិ
នយោបាយអន្តរជាតិ
ការតវ៉ាប្រឆាំងអំពើពុករលួយរាលដាលខ្លាំងនៅលីបង់
× បាតុករលីបង់គ្រប់និន្នាការនយោបាយបានទាមទារអោយរដ្ឋមន្ត្រីបរិស្ថាន Mohammad Machnoukចុះចេញពីតំណែង ដោយសារតែគ្មានសមត្ថភាពដោះស្រាយបញ្ហាសម្រាម ដែលគរដូចភ្នំ នៅទូទាំងប្រទេស។ បាតុករជាងមួយសែននាក់បានតវ៉ាតាំងពីខែកក្កដាមកម្ល៉េះ។ថ្ងៃពុធម្សិលមិញ ប្រជាជនកាន់តែខឹងខ្លាំង និងបន្តបាតុកម្ម ដោយសារតែ កាលពីថ្ងៃអង្គារ ប៉ូលិសប្រើកម្លាំងបណ្តេញក្រុមបាតុករចេញពីក្រសួងបរិស្ថាននៅក្រុងបេរូត។
សម្រាម នៅលីបង់ គរដូចភ្នំ នៅតាមផ្លូវជាច្រើនក្នុងក្រុងបេរូត និងតាមក្រុងជាច្រើនទូទាំងប្រទេស ធ្វើអោយប្រជាជនស្រែកជេររដ្ឋាភិបាលថា ស្អុយដូចសម្រាមដូច្នោះដែរ។ កន្លែងចាក់សម្រាមសំខាន់ បានបិទទ្វារ១ខែកន្លះមកហើយ។ នៅលីបង់ មានក្រុមហ៊ុនប្រមូលសម្រាមតែមួយគត់ តែកិច្ចសន្យាក្រុមហ៊ុននិងរដ្ឋបានផុតកំណត់ហើយ។ បាតុករមិនត្រឹមតែតវ៉ាពីរឿងសម្រាមទេ ពួកគេក៏តវ៉ា ប្រឆាំងនឹងនយោបាយពុករលួយ បក្សពួកនិយម ប្រឆាំងរដ្ឋាភិបាលដែលអសមត្ថភាព ក្រោយសង្គ្រាមស៊ីវិល២៥ឆ្នាំមកនេះ។ ប្រជាជនក៏តវ៉ាប្រឆាំងនឹងសេវាសាធារណៈដែលធ្លាក់ដុនដាបផងដែរ។
កាលពីថ្ងៃអង្គារ នៅក្រុងបេរូត ក្រុមយុវជនជាង១០នាក់បាននាំគ្នាចូលទៅកាន់កាប់ក្រសួងបរិស្ថាន ជិត៨ម៉ោង ដើម្បីទាមទារអោយរដ្ឋមន្ត្រីចុះពីតំណែង។ តែពួកគេត្រូវបានកងកម្លាំងបណ្តេញចេញពីទីនោះ។ ហេតុការណ៍នេះកាន់តែធ្វើអោយប្រជាជនខឹងសម្បារ ចុះបាតុកម្មតាមដងផ្លូវថែមទៀត។ ពួកគេនៅមិនទាន់ភ្លេចពីចលនាតវ៉ា ថ្ងៃ២២សីហាកន្លងទៅទេ។ កាលពីថ្ងៃ២២សីហា ប៉ូលិសបានលេងធ្ងន់ដៃលើក្រុមបាតុករ។
រដ្ឋមន្ត្រី បរិស្ថាន លោកMohammad Machnouk បានប្រកាសដាក់ទោសប៉ូលិសដៃដល់ អោយទទួលការពិន័យ។ ដោយឡែក លោកMachnouk បានព្រមានប្រើកម្លាំងទប់ទល់បាតុករដែលហ៊ានបង្កការខូចខាតដល់ស្ថាប័ន រដ្ឋ។
លីបង់គ្មានប្រធានាធិបតីទេ តាំងពីខែឧសភា ឆ្នាំ២០១។ នយោបាយនៅរាំងស្ទះ ដោយសារតែក្នុងរដ្ឋាភិបាល មានពីរបក្សពួក៖ ក្រុមទី១ ជាក្រុមរបស់អតីតនាយករដ្ឋមន្ត្រី សាអាដ ហារីរី។ ក្រុមនេះទទួលការគាំទ្រពីអារ៉ាប៊ី សាអូឌីត និងអាមេរិក។ ក្រុមទី២ ជាក្រុមរបស់អេស្បូឡានិកាយស្ហ៊ីអ៊ីត មានអ៊ីរ៉ង់គាំទ្រ។ ដោយសារការតវ៉ាសម្រាមកាន់តែរាលដាល ការបោះឆ្នោតប្រធានាធិបតីដែលត្រូវធ្វើនៅថ្ងៃពុធទី២កញ្ញាម្សិលមិញ ត្រូវបានលើកពេលទៅថ្ងៃ៣០កញ្ញាចុងខែវិញ៕
© រក្សាសិទ្ធិដោយ thmeythmey.com