ជាតិ
សង្គមជាតិ
ឃាត់ខ្លួនវៀតណាម ១២នាក់ កំពុងស្នាក់នៅ និងធ្វើការងារខុសច្បាប់ក្នុងខេត្តតាកែវ រូបថតរបស់អគ្គស្នងការដ្នាននគរបាលជាតិ
× ភ្នំពេញ៖ កម្លាំងនគរបាលអន្តោប្រវេសន៍ខេត្តតាកែវបានឃាត់ខ្លួនជនជាតិវៀតណាមខុសច្បាប់ចំនួន១២នាក់ ក្នុងនោះ ស្រី ៨នាក់កំពុងស្នាក់នៅ និងធ្វើការងារខុសច្បាប់ក្នុងខេត្តតាកែវ។ នេះបើតាមការផ្សាយរបស់អគ្គស្នងការនគរបាលជាតិ។
ប្រតិបត្តិការចុះឆែកឆែរ និងឃាត់ខ្លួនជនជាតិវៀតណាមចំនួន ១២នាក់ បានប្រព្រឹត្តឡើងកាលពីថ្ងៃទី២ ម្សិលមិញ នៅក្នុងភូមិស្នោរ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។ ស្នងការរងខេត្តតាកែវលោក អ៊ុក ច័ន្ទកុសល បាននិយាយថា ប្រតិបត្តិការនេះ សមត្ថកិច្ចរកឃើញជនជាតិវៀតណាមចំនួន ៨គ្រួសារ ក្នុងនោះមានមនុស្ស ១៧នាក់ ស្រី ១០នាក់។ ចំណោមវៀតណាមទាំង ៨គ្រួសារ ជនជាតិវៀតណាម ៥គ្រួសារ មានមនុស្ស ១២នាក់ ស្រី ៨នាក់ បានចូលមកស្នាក់នៅ និងធ្វើការងារខុសច្បាប់នៅក្នុងប្រទេសកម្ពុជា។ ពួកគេឆ្លងដែនចូលមកកម្ពុជាតាមច្រកព្រំដែនអន្តរជាតិបាវិតខេត្តស្វាយរៀង តាមច្រកទ្វារអន្តរជាតិភ្នំដិន និងច្រកទ្វារទ្វេភាគីកំពង់ក្រសាំងខេត្តតាកែវ ។
ការិយាល័យអន្តោប្រវេសន៍បានបញ្ជូនជនជាតិវៀតណាមទាំង ១២នាក់ ទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ចាត់វិធានការតាមនីតិវិធី។ រីឯជនជាតិវៀតណាម ៣គ្រួសារទៀត កម្លាំងជំនាញបានអប់រំណែនាំឲ្យធ្វើកិច្ចសន្យា៕
© រក្សាសិទ្ធិដោយ thmeythmey.com