សង្គមអន្តរជាតិ
អន្តរជាតិ
Aylan Kurdi ក្មេងប្រុសស៊ីរីអាយុ ៣ ឆ្នាំ តំណាងឲ្យភាពបរាជ័យនៃសាមគ្គីភាពរបស់មនុស្សជាតិ
× Aylan al-Kurdi មានអាយុ ៣ ឆ្នាំ។ ពាក់អាវយឺតពណ៌ក្រហម ខោខ្លីពណ៌ខៀវ ដេកផ្កាប់មុខនៅលើឆ្នេរខ្សាច់ រូបថតនៃសាកសពរបស់ក្មេងប្រុសជនជាតិស៊ីរីម្នាក់នេះ ត្រូវបានគេបង្ហោះពាសពេញបណ្តាញសង្គម និងព័ត៌មាននានាជុំវិញពិភពលោក។
ក្មេងប្រុសនេះបានលង់ទឹកស្លាប់ នៅពេលដែលគេព្យាយាមឆ្លងសមុទ្រមេឌីទែរ៉ានេជាមួយនឹងក្រុមគ្រួសារ និងជនភៀសខ្លួនស៊ីរីដទៃទៀត មកកាន់អឺរ៉ុប។ ពួកគេចង់ទៅកាន់កោះ Kos របស់ក្រិក ដោយធ្វើដំណើរចេញពីឆ្នេរតួកគី។ សាកសព Aylan ត្រូវបានគេប្រទះឃើញកាលពីថ្ងៃពុធនេះ នៅឆ្នេរ Bodrum របស់តួកគី។
អាជ្ញាធរតួកគីបានបញ្ជាក់ថា ក្មេងប្រុសនេះមានដើមកំណើតនៅទីក្រុង Kobane ប្រទេសស៊ីរី ជាទីក្រុងជិតព្រំដែនតួកគី ហើយក៏ជាទីលានប្រឈមមុខដាក់គ្នារវាងក្រុមឧទ្ទាម ISIS និងពួក Kurds។ ក្មេងប្រុសនេះ និងក្រុមគ្រួសាររបស់គេបានរត់គេចពីគ្រាប់បែក ដោយចង់ឆ្លងដែនមកអឺរ៉ុប មុននឹងបន្តទៅប្រទេសកាណាដា។
រូបថតនៃស្នាមញញឹមប្រកបដោយភាពរីករាយរបស់ Aylan និងបងប្រុសដែលបានថតនៅមុនកើតសោកនាដកម្ម ត្រូវបានបង្ហោះនៅលើ Twitter ។ Aylan ស្ថិតក្នុងចំណោមជនភៀសខ្លួនប្រមាណ ២០ នាក់ដែលបានជិះទូកពីរមកកាន់ Bodrum នៅយប់ថ្ងៃអង្គារឆ្លងចូលថ្ងៃពុធ។ ទូកបានក្រឡាប់ ហើយភ្នាក់ងារសន្តិសុខនៅឆ្នេរសមុទ្រនេះបានរកឃើញសាកសពប្រមាណ ១២ នាក់។
ក្នុងចំណោមអ្នកស្លាប់ទាំងនេះ មាន Aylan និងបងប្រុសអាយុ ៥ ឆ្នាំរបស់គេ។ ក្មេងទាំងពីរមិនអាចជាន់ទឹកដីអឺរ៉ុបជារៀងរហូត។ ចំណែកម្តាយរបស់ក្មេងទាំងពីរវិញ ក៏ទំនងជាបាត់បង់ជីវិតដែរ នេះបើតាមបណ្តាញព័ត៌មានអង់គ្លេសជាច្រើន។ មានតែ Abdullah ឪពុកនៃគ្រួសារនេះប៉ុណ្ណោះដែលគេចផុតពីសេចក្តីស្លាប់។ តែគាត់ចង់ត្រឡប់ទៅស្រុកកំណើតវិញ ដើម្បីបញ្ចុះសពប្រពន្ធ និងកូន។
គ្រួសាររបស់ Aylan ធ្លាប់បានដាក់សំណើសុំជ្រកកោននៅកាណាដា តែសំណើនេះត្រូវបានបដិសេធកាលពីខែមិថុនាកន្លងទៅ៕
© រក្សាសិទ្ធិដោយ thmeythmey.com