ជាតិ
សេដ្ឋកិច្ច
កម្ពុជានាំចេញអង្ករបានជិត៣៧ម៉ឺនតោនទៅកាន់៥៥ប្រទេស ក្នុងរយៈពេល៩ខែ
× នៅក្នុងរយៈពេល៩ខែ ឆ្នាំ២០១៥នេះ កម្ពុជានាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិបាន ចំនួន៣៦៩,១០៥តោន កើនឡើង៣៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពី ឆ្នាំ២០១៤។ ប្រភេទអង្ករទាំងនោះរួមមានអង្ករក្រអូប អង្ករសគ្រាប់វែង និងប្រភេទអង្ករចំហុយ។ ក្រុមហ៊ុនដែលនាំអង្ករចេញមានចំនួន៧៥ក្រុមហ៊ុន ខណៈដែលទីផ្សារដែលកម្ពុជាបាននាំអង្ករទៅមានចំនួន៥៥ប្រទេស។
កម្ពុជានាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិបានចំនួន៣៩៦,១០៥តោន នៅក្នុងរយៈពេល៩ខែ ឆ្នាំ២០១៥នេះ កើនឡើង៣៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពី ឆ្នាំ២០១៤ ដែលមានត្រឹមតែ២៦៩.៣៧០តោនប៉ុណ្ណោះ។ នេះបើតាមរបាយការណ៍របស់លេខាធិការដ្ឋានច្រកចេញចូលតែមួយសម្រាប់ បំពេញបែបបទនាំចេញអង្ករ។
បើតាមរបាយការណ៍ដដែល ប្រភេទអង្ករដែលនាំចេញរួមមានប្រភេទអង្ករក្រអូប (ចម្រុះ នាងម្លិះ សូម៉ាលី ផ្កាម្លិះ ផ្ការំដួល សរីរាង្គនិងអង្ករក្រអូបភ្លឺ) ចំនួន១៦៥,៦១០តោន ស្មើនឹង៤៤.៩០ភាគរយ ប្រភេទអង្ករសចម្រុះគ្រាប់វែង និងអង្ករសប្រណិតចំនួន១៧១,៥៥០តោន ស្មើនឹង៤៦.៥០ភាគរយ និងប្រភេទអង្ករចំហុយគ្រាប់វែងចំនួន៣១,៩៤៥តោនស្មើនឹង៨.៦០ភាគរយ។
ក្រុមហ៊ុនដែលនាំអង្ករចេញមានចំនួន៧៥ក្រុមហ៊ុន ខណៈដែលទីផ្សារដែលកម្ពុជាបាននាំអង្ករទៅមានចំនួន៥៥ប្រទេស។ ទីផ្សារទាំងនោះរួមមានទីផ្សារប្រទេសសមាជិកសហគមន៍អឺរ៉ុប ចំនួន២៦ ប្រទេសសមាជិកអាស៊ានចំនួន៣គឺម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងសិង្ហបុរីក្នុងបរិមាណ និង២៦ប្រទេសផ្សេងទៀត ដូចជាប្រទេសចិន ហុងកុង អូស្រា្តលី អាមេរិក តៃវ៉ាន់ និងកាណាដាជាដើម។
លេខាធិការដ្ឋានច្រកចេញចូលតែមួយសម្រាប់ បំពេញបែបបទនាំចេញអង្ករ ក៏បានបង្ហាញពីបរិមាណអង្ករដែលនាំចេញនៅក្នុងខែកក្កដាដែរ គឺនាំចេញបានចំនួន២៦,៩៦៩តោន ថយចុះ៣១.៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០១៤៕
© រក្សាសិទ្ធិដោយ thmeythmey.com