ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សម រង្ស៊ី ថា សញ្ញាបត្រ​នៅ​ស្រុក​ខ្មែរ​មិនសូវ​មានតម្លៃ
06, Oct 2015 , 5:35 pm        
រូបភាព
ដោយ:
 
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​ថ្លែងថា ប្រព័ន្ធ​អប់រំ​នៅក្នុង​ប្រទេស​កម្ពុជា នៅមាន​ភាពទន់ខ្សោយ​ជាទីបំផុត។ ម្យ៉ាងវិញទៀត លោ​កថា​សញ្ញាបត្រ​ដែល​សិស្សានុសិស្ស​និស្សិត​ទទួលបាន​ពីសា​លា ឬ​សកល​វិទ្យាល័យ​នានា នៅក្នុង​ស្រុក​មិនសូវ​មានតម្លៃ​នោះទេ។ការ​ថ្លែង​របស់លោក សម រង្ស៊ី​នេះ ធ្វើឡើង​នៅក្នុង​ពិធី​ពិធី​ប្រគល់ វិញ្ញាបនបត្រ ជូន​ដល់​សិស្សានុសិស្ស​ដែល​ទើបតែ​បានបញ្ចប់​វគ្គ​សិក្សា ជំនាញ​កុំព្យូទ័រ និង​ភាសា​អង់​គេ្ល​ស រយៈពេល៣ខែ នៅ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល ដែល​គ្រប់គ្រង​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃទី ០៤ តុលា និង​បាន​បង្ហោះ​ជា​សាធារណៈ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ជា​ផ្លូវការ​របស់លោក នៅ​ថ្ងៃទី ០៦ខែ តុលា នេះ។

 
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​លើកសរសើរ​ចំពោះ​សិស្សានុសិស្ស​ដែល​បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​កម្មវិធី​សិក្សា​ភាសា​អង់គ្លេស និង​កុំព្យូទ័រ រយៈពេល៣ខែ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ថា ទទួលបាន​លទ្ធផល​ល្អ បើទោះបីជា​ការសិក្សា​ក្នុង​កំរិត​មួយ​ដែលមាន​រយៈពេល​ខ្លី​ក៏ដោយ។ ជាងនេះទៀត លោក សម រង្ស៊ី បាន​ថ្លែង​ចំអក​ចំពោះ​សញ្ញាបត្រ​ដែល​សិស្ស​និស្សិត​ទទួលបាន​ពី​សកល​វិទ្យាល័យ​នានា នៅក្នុង​ស្រុក​ថា មិនសូវ​មានតម្លៃ មានតែ​សញ្ញាបត្រ តែ​គ្មាន​គុណភាព ហើយ​សញ្ញាបត្រ​ដែល​ទទួល​បាន​បិទ​នៅលើ​ជញ្ជាំង​ទុក​សម្រាប់​មើល តែ​មិនអាច​យកទៅ​ប្រើការ​បាន។
 
ម្យ៉ាងវិញទៀត លោក​ថា និស្សិត​ចេញពី​សាលា​គ្មាន​ការងារ​ធ្វើ ប្រព័ន្ធ​អប់រំ​មាន​ភាពទន់ខ្សោយ ធ្វើ​ឲ្យ​បាត់បង់​តម្លៃ​គ្រូបង្រៀន​ជាដើម។ ក្នុងការ​រួមចំណែក​ព​ង្រឹ​ង​វិស័យ​អប់រំ នៅក្នុង​ប្រទេស​កម្ពុជា​ឲ្យ​កាន់​តែមាន​ភាពល្អប្រសើរ នៅពេល​គណបក្ស​សង្គ្រោះ​ជាតិ​ដឹកនាំ​ប្រទេស​នៅ​អាណត្តិ​ក្រោយ លោក សម រង្ស៊ី បញ្ជាក់ថា គណបក្ស​លោក និង​រៀបចំ​ប្រ័ព​ន្ធ​អប់រំ​ឡើងវិញ កំណត់​គោលដៅ​ច្បាស់លាស់ ដើម្បី​ពង្រឹងសមត្ថភាព​និង​ធនធាន​យុវជន ជាពិសេស​ធ្វើ​ឲ្យ​ប្រទេស​កាន់តែ​រីកចំរើន​ថែមទៀត។
 
លោក សម រង្ស៊ី បន្ថែមទៀតថា៖ «ប្រព័ន្ធ​សិក្សាអប់រំ​នៅ​ស្រុក​យើង​ទន់ខ្សោយ​ជាទីបំផុត បើ​គណបក្ស​សង្គ្រោះ​ជាតិ​ជាប់ និង​ធ្វើកា​រៀបចំ​ប្រទេស​ឡើងវិញ ជាពិសេស​ប្រព័ន្ធ​អប់រំ និង​កំណត់​ទិសដៅធំៗ កែប្រែ​ផ្លាស់ប្តូរ​ជាច្រើន ដើម្បី​ឲ្យក្មួយៗយុវជន មាន​អនាគត​ល្អ និង​ឲ្យ​ស្រុក​យើង​លូតលាស់ មាន​សេដ្ឋកិច្ច​រីកចំរើន រុងរឿង​ពិតប្រាកដ»។
 
ជាការ​ឆ្លើយតប​នឹង​ការលើកឡើង​របស់លោក សម រង្ស៊ី អ្នកនាំពាក្យ​ក្រសួង​អប់រំ​យុវជន និង​កីឡា លោក រស់ សា​លីន មានប្រសាសន៍ថា សំដី​របស់លោក សម រង្ស៊ី​នេះ មើលទៅ​លើ​តែ​ផ្នែក​មួយ​ជ្រុង​ប៉ុណ្ណោះ។ លោក​បន្តថា មុននឹង​ធ្វើការ​វាយតម្លៃ​ទៅលើ​បញ្ហា​អ្វីមួយ ត្រូវតែ​សិក្សា​ស្រាវជ្រាវ​ឲ្យ​បាន​ច្បាស់ មិនត្រូវ​មើល​តែ​ចំនុច​មួយ ហើយ​និយាយ​ចាប់កំហុស​នោះទេ។
 
ជាក់ស្តែង​អ្នក​ដែល​រៀន​ពូកែ​ទទួលបាន​សញ្ញាបត្រ និង​ការងារ​ល្អ មាន​ជាច្រើន​នៅក្នុង​ប្រទេស​កម្ពុជា។ ផ្ទុយទៅវិញ អ្នក​ដែល​មិនសូវមាន​សមត្ថភាព និង​មិន​ព្យាយាម​រៀនសូត្រ​ប៉ុណ្ណោះ ដែល​មិនសូវ​ទទួលបាន​លទ្ធផល​ល្អ។
 
ជាងនេះទៀត លោក រស់ សា​លីន​ថា សញ្ញាបត្រ​កម្ពុជា ពិភពលោក​ទទួលស្គាល់​ជា​អន្តរជាតិ​ផងដែរ។ លោក រស់ សា​លីន មានប្រសាសន៍​យ៉ាង​ដូច្នេះ​ថា៖ «យើង​ពិនិត្យ​ទិដ្ឋភាព​ជារួម ហើយ​យើង​ដាក់​ជា​ផែន​ការណ៍ យើង​មាន​ធនធានមនុស្ស សម្ភារៈ និង​កម្មវិធី​នយោបាយ ដើម្បី​ធ្វើយ៉ាងណា​គឺ​ត្រូវ​បង្កើន​សមត្ថភាព​និស្សិត​ទាំងអស់​នឹង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​ឲ្យ​ភារ​យ​អ្នក​ដែល​ពូកែ ដែល​ខ្លាំង​កើន​ឲ្យ​បាន​ច្រើន​បំផុត​ដែល​អាចធ្វើ​ទៅបាន។ ដូច្នេះ យើង​មិនអាច​និយាយបានថា ប្រព័ន្ធ​អប់រំ ខ្សោយ​សញ្ញាបត្រ​គេ​មិន​ទទួលស្គាល់ នេះ​ជាការ​វាយតម្លៃ​មួយ​ជា​ទិដ្ឋភាព​មួយផ្នែក ចឹ​ង​ទេ​យើង​ត្រូវ​វាយតម្លៃ​ទិដ្ឋភាព​រួម អំពី​អ្នក​ពូកែ អំពី​អ្នកមធ្យម អំពី​អ្នកខ្សោយ អំពី​កិច្ច​ដែល​យើង​ធ្វើ​ដើម្បី​ឈានទៅដល់​ទិសដៅ ជាជាង​ការមើល​ទិដ្ឋភាព​មួយ​ហើយ​យើង​វាយតម្លៃ​តែម្តង»។
 
ជុំវិញ​បញ្ហា​នេះ លោក សន ជ័យ មន្ត្រី​សម្របសម្រួល​បណ្ដាញ​រួបរួម ដើម្បី​គណនេយ្យភាព​សង្គម ប្រចាំ​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក យល់ឃើញថា វិស័យ​អប់រំ​នៅ​កម្ពុជា មិនសូវ​ជា​អន់​ប៉ុន្មាន​នោះទេ។ ប៉ុន្តែ​ទាក់ទង​ទៅនឹង​សមត្ថភាព និង​ចំណេះ បើ​ប្រៀបធៀប​ទៅនឹង​ប្រទេស​ថ្នាក់​តំបន់ មាន​គម្លាត​ខុសគ្នា​ឆ្ងាយ​បន្តិច ជាពិសេស​ផ្នែក​ភាសារ​ទំនាក់ទំនង។ បើ​និយាយ​អំពី​សញ្ញាបត្រ​វិញ លោក សន ជ័យ លើកឡើងថា កម្ពុជា​មានកំ​រិត​នៅឡើយ ពោលគឺ បើ​ប្រៀបធៀប​ទៅ​និង​ប្រទេសជិតខាង ដូចជា​ប្រទេស​ថៃ និង​ហ្វីលីពីន គឺ​នៅ​ចាញ់​គេ​បន្តិច។
 
លោក​បន្តថា៖ «តាមពិតទៅ​គុណភាព​អប់រំ ឬក៏​តម្លៃ​សញ្ញាបត្រ​នៅ​ស្រុក​ខ្មែរ​នឹង បើ​និយាយថា​អន់​នោះ ក៏​មិនទាន់​អន់​ទាំងស្រុង​នោះដែរ ក៏​នៅមាន​គុណភាព​មួយចំនួន​ដែរ ដូច​យើង​ឃើញ​ហើយ សព្វថ្ងៃនេះ គុណភាព​ធនធានមនុស្ស មាន​តំណែងសំខាន់ៗនៅក្នុង​ស្ថាប័ន NGO ស្ថាប័នឯកជន និង​មាន​តួនាទី​គ្រាន់បើ​នៅក្នុង​ស្ថាប័នរដ្ឋ​ដែរ ទៅតាម​សមត្ថភាព និង​ចំណេះដឹង​របស់គាត់ ប៉ុន្តែ​យ៉ាង​ក៏ដោយ យើង​នៅតែ​មើលឃើញ​ពី​ចំនុច​ខ្វះខាត​វិស័យ​អប់រំ ជាពិសេស​នៅ​កំរិត​ឧ​ត្ត​មសិ​ក្សា សិស្ស​និស្សិត​ដែល​រៀន​ចប់​បរិញ្ញាបត្រ តែងតែ​រអ៊ូរទាំ ឬ​លើកឡើងថា ពួកគាត់​មិនទាន់មាន​សមត្ថភាព មិនដឹងថា ចេះ​អី»។
 
ទាក់ទង​នឹង​ប្រព័ន្ធ​អប់រំ​នេះ ក្រសួង​អប់រំ​យុវជន និង​កីឡា បានចាប់ផ្តើម​រិត​បន្តឹង​ការប្រឡង​កំរិត​មធ្យមសិក្សា​ទុតិយភូមិ ឬ​បាក់​ឌុប ដើម្បី​ពង្រឹងសមត្ថភាព​ធនធាន​យុវជន ស្រប​ពេលដែល​សមាហរណកម្ម​អាស៊ាន​ជិត​មកដល់​នាពេលឆាប់ៗនេះ។កា​រិត​បន្តឹង​របស់​ក្រសួង​អប់រំ​នេះ អាចជា​ការបង្កើន​សម​ត្ថ​ភាព និង​ចំណេះដឹង​សិស្សានុសិស្ស​នៅ​មធ្យមសិក្សា ដើម្បី​ងាយស្រួល​ក្នុងការ​រើស​ជំនាញ​នៅ​ថ្នាក់​ឧ​ត្ត​ម ជាពិសេស​អាចមាន​ឱកាស​ការងារ​ខ្ពស់​ក្រោយ​បញ្ចប់​ការសិក្សា។

អត្ថបទដោយ លោក ទួន សុផល ប្រធាន​ក្រុម​ព័ត៌មាននៃវិទ្យុស្រ្តី ១០២ ។
 
 
 

Tag:
 នយោបាយ
  សម រង្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com