ជាតិ
សេដ្ឋកិច្ច
ចំណូលពន្ធដារមានជិត១ពាន់លានដុល្លារក្នុងរយៈពេល៩ខែ
×
ក្នុងរយៈពេល៩ខែ ឆ្នាំ២០១៥ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធដារ-អាករគ្រប់ប្រភេទ បានជិត១ពាន់លានដុល្លារអាមេរិក។ ចំណូលនេះកើនឡើង២៥.៥៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៤ ។ ដើម្បីប្រមូលចំណូលពន្ធឲ្យគ្រប់តាមផែនការ អគ្គនាយកដ្ឋាន បានប្តេជ្ញាបន្តពង្រឹង និងអនុវត្តន៍ផែនការនានាឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ខណៈ ការិយាល័យចុះបញ្ជី និងមជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យពន្ធដារ ក៏ត្រូវបានសម្ពោធឲ្យប្រើប្រាស់ផងដែរ ដើម្បីធានានូវភាពជឿទុកចិត្ត ព្រមទាំងបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ។
អគ្គនាយកដ្ឋានពន្ធដារប្រមូលបានចំណូលពន្ធ-អាករគ្រប់ប្រភេទ បានចំនួន៣,៩៨៩,២៤៥.៩១លានរៀល ស្មើនឹង៩៩៧.៣១លានដុល្លារ ក្នុងរយៈពេល៩ខែ ឆ្នាំ២០១៥នេះ។ ចំណូលនេះ កើនឡើងចំនួន២៥.៥៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៤ ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់អគ្គនាយកដ្ឋានពន្ធដារ។
បើតាមសេចក្តីប្រកាសព័ត៌មានដដែល ចំណូលពន្ធសម្រាប់ខែកញ្ញា មានការកើនឡើងផងដែរ។ នៅក្នុងកញ្ញា អគ្គនាយកដ្ឋានពន្ធដារប្រមូលចំ ណូលពន្ធ-អាករគ្រប់ប្រភេទបានសរុបចំនួន៣៩៨,០៥៧.៥០លានរៀល ស្មើនឹងចំនួន៩៩.៥១លានដុល្លារ កើនឡើង២៥.១៦ភាគរយបើធៀបនឹងចំណូលកាលពីខែកញ្ញា ឆ្នាំ២០១៤ ។
ដើម្បីធានានូវភាព ជឿទុកចិត្ត ព្រមទាំងបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ទៅដល់ប្រជាពលរដ្ឋ ការិយាល័យចុះបញ្ជី និងមជ្ឈមណ្ឌលគ្រប់គ្រងទិន្នន័យពន្ធដារ ក៏ត្រូវបានលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការផងដែរ នៅក្នុងកិច្ចប្រជុំបូកលទ្ធផលប្រមូលចំណូល ពន្ធប្រចាំខែកញ្ញា និងត្រីមាសទី៣ឆ្នាំ២០១៥ កាលពីថ្ងៃទី៦ខែតុលា។ ការិយាល័យថ្មីនេះ នឹងផ្តល់ភាពងាយស្រួលក្នុងការគ្រប់គ្រង រក្សាទុករាល់ទិន្នន័យរបស់អ្នកជាប់ពន្ធ និងរៀបចំប្រព័ន្ធCooling System ដែលជាប្រព័ន្ធសុវត្ថិភាពក្នុងការថែរក្សាមជ្ឈមណ្ឌលទិន្នន័យ(Deta Center) ដែលស្ថិតក្នុងអរគាសាលាជាតិពន្ធដារនៃអគ្គនាយកដ្ឋានពន្ធដារ និងច្រកចេញ ចូលអគ្គនាយកដ្ឋានពន្ធដារ ឆ្លងកាត់ប្រព័ន្ធសុវត្ថិភាពរបស់អគ្គនាយកដ្ឋានពន្ធដារ។
បើទោះបីជាការប្រមូលចំណូលពន្ធមានការកើនឡើងក៏ពិតមែន រដ្ឋាភិបាលនៅតែប្តេជ្ញាបន្តពង្រឹង និងអនុវត្តន៍ផែនការនានាឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ដើម្បីប្រមូលចំណូលពន្ធឲ្យគ្រប់តាមផែនការកំណត់ដោយច្បាប់។ អគ្គនាយកដ្ឋានពន្ធដារ នឹង បន្តពង្រឹងការប្រមូលពន្ធគ្រប់ប្រភេទ ពិសេសលើផលិតផលបារី និងស្រាបៀ ពង្រឹងការចុះបញ្ជីតាមប្រព័ន្ធថ្មីឲ្យកាន់តែប្រសើរ និងមានប្រសិទ្ធភាព ធ្វើបច្ចុប្បន្នភាពព័ត៌មានរបស់សហគ្រាស ទិន្នន័យអចលនទ្រព្យដែលបានចុះបញ្ជី និងបន្តជំរុញ ការប្រមូលពន្ធលើវិស័យសំណង់ជាដើម៕
Tag:
អគ្គនាយកដ្ឋានពន្ធដារ
ចំណូលពន្ធ
© រក្សាសិទ្ធិដោយ thmeythmey.com