ពីនេះ ពីនោះ
នៅពេលដែលការអភិវឌ្ឍ និងទឹកភ្នែកកើតឡើងទន្ទឹមគ្នា…
× ភ្នំពេញ៖ ការអភិវឌ្ឍ ថ្វីបើបានរួមចំណែកជួយសម្រួលដល់ការរស់នៅ ការប្រកបអាជីវកម្ម ដំណើរផលិតកម្ម ការធ្វើដំណើរ ការដឹកជញ្ជូន ទំនាក់ទំនង ការព្យាលជំងឺ ការសិក្សា ការស្រាវជ្រាជ្រាវ និង វិស័យផ្សេងៗជាច្រើនទៀតក៏ដោយ ប៉ុន្តែ វាក៏បានផ្ដល់ផលប៉ះពាល់មួយចំនួនដល់ជីវិតមនុស្ស សង្គម វប្បធម៌ ជីវិតសត្វ និង បរិស្ថានដទៃទៀតដែរ។ ជារួម គេអាចនិយាយបានថា ការអភិវឌ្ឍ អាចធ្វើឱ្យមនុស្សសប្បាយរីករាយនិងសង្គមរីកចម្រើន ហើយវាក៏អាចធ្វើឱ្យមនុស្សបង្ហូរទឹកភ្នែកនិងជួបវិបត្តិមួយចំនួនដែរ។ តើការអភិវឌ្ឍបែបណា ធ្វើពលរដ្ឋរីករាយ? និង ការអភិវឌ្ឍបែបណា ធ្វើពលរដ្ឋបង្ហូរទឹកភ្នែក?
ការអភិវឌ្ឍ គឺជាដំណើរនៃការផ្លាស់ប្ដូរ ឬ ការប្រែប្រួលទៅរកសភាពមួយដែលធំជាងមុន ខ្លាំងជាងមុន ប្រសើរជាងមុន ចាប់អារម្មណ៍ជាងមុន ជោគជ័យជាងមុន ឬ ជឿនលឿនជាងមុន។ ម្យ៉ាងទៀត ការអភិវឌ្ឍ ក៏សំដៅយកការជំរុញឱ្យអ្នកណាម្នាក់ ឬ អ្វីមួយ ផ្លាស់ប្ដូរតាមវិធីដូចខាងលើនេះដែរ។
កម្ពុជាដែលជាប្រទេសមួយទើបតែងើបពីសង្គ្រាមនោះ ការអភិវឌ្ឍ ក៏ជាប្រធានបទដ៏សំខាន់មួយ ដែលត្រូវបានគេចាប់អារម្មណ៍ខ្លាំងណាស់ដែរ។ ក្នុងដំណើរអភិវឌ្ឍន៍របស់ខ្លួន កម្ពុជាបានធ្វើឱ្យមានការផ្លាស់ប្ដូរខាងផ្នែកសម្ភារៈ រួមមាន ហេដ្ឋារចនាស្ពន្ធរូបវន្ដ ដូចជា ផ្លូវថ្នល់ ស្ពាន សាលារៀន អគារសាធារណៈ និង សេវផ្សេងៗ ដូចជា ការដឹកជញ្ជូន ទូរគមនាគមន៍ ទឹកស្អាត អគ្គិសនី និង កិច្ចការរដ្ឋបាល ជាដើម។ ចំណែកឯខាងធនធានមនុស្ស ចំណេះដឹង ទ្រឹស្ដី និង របៀបបំពេញការងារ ក៏មានលក្ខណៈល្អប្រសើរជាងមុនដែរ។ ទាំងអស់នេះ គឺជាការអភិវឌ្ឍដែលធ្វើឱ្យប្រជាពលរដ្ឋខ្មែរសប្បាយរីករាយ។
ផ្ទុយទៅវិញ ក្នុងដំណើរអភិវឌ្ឍន៍របស់ខ្លួន កម្ពុជាក៏បានជួបបញ្ហាមួយចំនួនដែរ ដូចជា៖
1. ការបណ្ដេញប្រជាជនមូលដ្ឋានចេញពីទីតាំងអភិវឌ្ឍដោយបង្ខំនិងគ្មានសំណងសមរម្យ ជាក់ស្ដែង ករណីតំបន់បឹងកក់ បុរីកីឡា ដីក្រហម(ប៊ូឌីង) សំបុកចាប កោះពេជ្រ និង តំបន់អភិវឌ្ឍដទៃទៀតនៅស្ទើរតែគ្រប់ខេត្ត ក្រុង ជាពិសេស ទីតាំងអភិវឌ្ឍវារីអគ្គិសនី និង ដីសម្បទានសេដ្ឋកិច្ច។
2. ការផ្លាស់ប្ដូរទីតាំងអគារសាធារណៈពីទីតាំងចាស់ដែលដីមានតម្លៃខ្ពស់ ទៅកាន់កន្លែងថ្មីដែលឆ្ងាយពីទីប្រជុំជន តម្លៃដីថោក និង សំណង់ថ្មីដែលគ្មានគុណភាព។
3. ការរំលោភដីធី្លពីភាគីនាយទាហាន ឬ អ្នកធំមួយចំនួនទៅលើប្រជាជនក្រីក្រនៅតាមតំបន់មួយចំនួន នៅស្ទើរតែគ្រប់ខេត្ត ជាពិសេស អតីតតំបន់មូលដ្ឋានកងទ័ពក្នុងសម័យសង្គ្រាម ក្រោមស្លាក«អភិវឌ្ឍន៍»។
4. ការបូមខ្សាច់ដែលធ្វើបាក់ច្រាំងទន្លេ ប៉ះពាល់ដល់លំនៅស្ថានរបស់ប្រជាជនដែលរស់នៅតាមដងទន្លេ ក្រោមស្លាកបម្រើឱ្យ«ការអភិវឌ្ឍ»។
5. ក្រោមលេស ការកាប់រានព្រៃឈើនិងការសាកល្បងរុករករ៉ែក្នុងដីសម្បទានសេដ្ឋកិច្ច មុននឹងចាប់ផ្ដើមអភិវឌ្ឍលើគម្រោងរបស់ខ្លួន ពួកឈ្មួញដែលបានឃុបឃិតជាមួយមន្ត្រីពុករលួយ បានកាប់ឈើនិងជីកកកាយយករ៉ែសំខាន់ៗអស់ ហើយទីបំផុត ពួកគេក៏បានបញ្ឈប់អាជីវកម្មរបស់ខ្លួន ដោយមិនមានហេតុផលច្បាស់លាស់។
ក្រៅពីនេះ នៅមានករណីអវិជ្ជមានជាច្រើនទៀតដែលយើងមិនអាចរៀបរាប់អស់នៅទីនេះ។ ទាំងអស់នេះហើយដែលអាចចាត់ទុកថាជាការអភិវឌ្ឍដែលធ្វើឱ្យពលរដ្ឋខ្មែរបង្ហូរទឹកភ្នែកមិនចេះចប់។
ជាធម្មតា នៅប្រទេសណាក៏គេត្រូវការការអភិវឌ្ឍដែរ ប្រសិនបើគ្មានការអភិវឌ្ឍទេ មនុស្សមិនអាចបំពេញតម្រូវការរបស់ខ្លួនបានឡើយទាំងកម្រិតបុគ្គលនិងសង្គម។ ប៉ុន្តែ ការអភិវឌ្ឍ ត្រូវតែឈរលើគោលការណ៍ត្រឹមត្រូវនិងច្បាស់លាស់ ពោលគឺជាការអភិវឌ្ឍប្រកបដោយនិរន្តរភាព, ការអភិវឌ្ឍដែលទទួលបានផលវិជ្ជមានច្រើជាងផលអវិជ្ជមាន, ការអភិវឌ្ឍដែលផ្អែកលើច្បាប់ សិទ្ធិមនុស្ស និងគោលការណ៍សីលធម៌, ការអភិវឌ្ឍដែលផ្អែកលើការសិក្សាមួយដ៏ច្បាស់លាស់, ការអភិវឌ្ឍដែលចែករំលែកផលប្រយោជន៍សមធម៌រវាងវិនិយោគគិន រដ្ឋ និង សហគមន៍, និង ការអភិវឌ្ឍដែលមានការទទួលខុសត្រូវនិងគណនេយ្យភាព។
ប្រសិនបើការអភិវឌ្ឍ មិនបានប្រព្រឹត្តទៅតាមមូលដ្ឋានសមហេតុផលដូចបានរៀបរាប់ខាងខាងលើនេះទេ ពលរដ្ឋខ្មែរនឹងបន្តរងគ្រោះដោយពាក្យ«ការអភិវឌ្ឍ» ហើយពួកគេនឹងបន្តបង្ហូរទឹកផ្នែកដោយសារតែផលប៉ះពាល់នៃការអភិវឌ្ឍ។ ក្នុងសភាពបែបនេះ ពួកគេនឹងផ្ដល់និយមន័យថ្មីឱ្យពាក្យ«ការអភិវឌ្ឍ» ដូចជា ការអភិវឌ្ឍគឺជាទឹកផ្នែក, ការអភិវឌ្ឍគឺជាការបណ្ដញប្រជាពលរដ្ឋចេញពីមូលដ្ឋានដោយបង្ខំនិងគ្មានសំណងសមរម្យ, ការអភិវឌ្ឍគឺជាការយកដីរបស់ខ្ញុំទៅលក់ឱ្យអ្នកដទៃ, ការអភិវឌ្ឍគឺជាការប្លន់ដីរបស់អ្នកក្រពីភាគីអ្នកធំ ឬនាយទាហាន...។
ជារួម យើងបានសង្កេតឃើញថា ការអភិវឌ្ឍ ពិតជារួមចំណែកធ្វើសង្គមខ្មែរប្រែប្រួលនិងរីកចម្រើនមែន ប៉ុន្តែ ការរីកចម្រើននេះ មិនទាន់មានសមធម៌ និង យុត្តិធម៌ទេ ដោយក្នុងនោះ ភាគីវិនិយោគិនឬអ្នកមាន និងបុគ្គលដែលជាអាជ្ញាធរខិលខូច ទទួលបានផលប្រយោជន៍ជាអតិបរមា ចំណែកឯអ្នកក្រដែលរងផលប៉ះពាល់និងរដ្ឋឬសង្គម មិនបាន ឬបានទទួលផលតិចតួច។ ផ្ទុយទៅវិញកម្រិតនៃផលប៉ះពាល់ផ្នែកអវិជ្ជា មានច្រើនស្ទើរតែមិនអាចទទួលយកបាន។ ប្រសិនបើសភាពនៃការអភិវឌ្ឍដូចសព្វថ្ងៃនៅតែបន្ត នោះអ្នកមានកាន់តែមានទៅៗ ឯអ្នកក្រ កាន់តែក្រទៅ៕
Tag:
សេដ្ឋកិច្ច
សង្គម
អភិវឌ្ឍ
© រក្សាសិទ្ធិដោយ thmeythmey.com