អន្តរជាតិ
លោក ថេ​ន សេន នឹង​ក្លាយជា​និមិត្តរូប​នៃ​កំណែទម្រង់ បើ​គាត់​ទទួលស្គាល់​បរាជ័យ​
10, Nov 2015 , 9:39 pm        
រូបភាព
ដោយ:
​ព្រឹត្តិការណ៍​នៃ​ការបោះឆ្នោត​លើកដំបូង​បែប​ប្រវត្តិសាស្ត្រ​មី​យ៉ាន់​ម៉ា​កាលពី​ថ្ងៃអាទិត្យ​កន្លងទៅនេះ បាន​ក្លាយជា​ប្រធានបទ និង វិញ្ញាសារ​សាកល្បង​មួយ​នៃ​ដំណើរ​ឆ្ពោះទៅកាន់​លទ្ធិប្រជាធិបតេយ្យ​ដែល​ពិភពលោក​មិនអាច​ដាក់​ភ្នែក​ចោល​បានឡើយ​។  ពិតណាស់​លទ្ធផល​នៃ​ការបោះឆ្នោត បាន​បង្ហាញថា​បក្សប្រឆាំង​របស់លោក​ស្រី​អ៊ុង​សាន ស៊ូ​ជី ទទួលបាន សំឡេងគាំទ្រ ភ្លូក​ទីក​ភ្លូ​កដី តែ​វា​នៅតែមាន​ភាពស្រពិចស្រពិល​នៅឡើយ​ថា​តើ​លទ្ធិប្រជាធិបតេយ្យ​មី​យ៉ាន់​ម៉ា​ពិតប្រាកដ​អាច​កើតមាន​ឬ​យ៉ាងណា​?



សូមស្ដាប់ព័ត៌មានលម្អិត៖



​មកទល់​ថ្ងៃ​អង្គារ​នេះ ប្រធានាធិបតី​មី​យ៉ាន់​ម៉ា លោក ថេ​ន សេន នៅតែ​បន្ត​រក្សា​ភាព​ស្ងៀមស្ងាត់ ខណៈ តំណាង​បក្ស​ខ្លួន និង តំណាង​គណបក្សប្រឆាំង​លោកស្រី​អ៊ុង​សាន ស៊ូ​ជី បានចេញ​មុខ​និង​ប្រកាសថា បក្សប្រឆាំង​បានទទួល​ជ័យជម្នះ​ភ្លូកទឹកភ្លូកដី​លើ​ការបោះឆ្នោត​នេះ​។ ហើយ វា នឹង​ក្លាយជា​រឿង​ដ៏​ល្អ​មួយ​ប្រសិន​ភាពស្ងប់ស្ងាត់​នេះ បង្ហាញ​ពី​ការទទួលស្គាល់​នៃ​លទ្ធផល​នៃ​ការបោះឆ្នោត​វិញ​នោះ​។​

១. តើ​លោក​ថេ​ន សេន ជា​នរណា​?
​លោក​ប្រធានាធិបតី ថេ​ន សេន គឺជា​អតីត​យោធា​មួយរូប​។ លោក បានចាប់ផ្តើម​ប្រលូក​សកម្ម​ក្នុង​នយោបាយ​មី​យ៉ាន់​មា់​ក្នុង​ឆ្នាំ​២០១០ ដោយ​លោក​បាន​លាលែង​តំណែង​យោធា​ដើម្បី​ដឹកនាំ​ក្នុង​បក្ស សហភាព​រួបរួម និង ការអភិវឌ្ឍន៍​ដែលជា​បក្ស​កាន់អំណាច​បច្ចុប្បន្ន ។ លោក ត្រូវបាន​សភា​តែងតាំង​ជា​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា​ក្នុង​ឆ្នាំ​២០១១ ដែល​ពេលនោះ​គឺជា​ពេល​មួយ​គេ​ស្គាល់​ថា​ជា​ចំណុច​របត់​នៃ​ការផ្លាស់ប្តូរ​របប​នយោបាយ​ពោលគឺ​ពីរ​បប​សឹក​យោធា​មកកាន់​របប​លទ្ធិ​ប្រជា​ធិ​តេ​យ្យ​។ ថ្វី​ដ្បិត លទ្ធិ ប្រជាធិបតេយ្យ​មី​យ៉ាន់​ម៉ា​នៅ​ក្មេងខ្ចី អំណាច​យោធា​និង បញ្ហា​មួយចំនួន នៅតែ​បន្សល់ទុក​ក្នុង​បរិបទ មី​យ៉ាន់​ម៉ា គេ​មិនអាច​មិន​ទទួលស្គាល់​សមិទ្ធផល​ដែល​លោក ថេ​ន សេន បាន​កសាង​ក្នុង​អាណត្តិ ប្រធានាធិបតី​របស់លោក​នោះទេ​។​

​ចំណុច​គួរកត់សម្គាល់​នោះ​ដោយសារតែ មី​យ៉ាន់​ម៉ា គឺជា​រដ្ឋ​ដែល​ចម្រុះ​ទៅដោយ​ជាតិ​សាសន៍​ជាច្រើន ដែល​រាប់បញ្ចូល​ទាំង​ឧទ្ទាម​ផងដែរ​នោះ លោក ថេ​ន សេន បាន​ព្យាយាម​ចរចា និង ចុះ​កិច្ចព្រមព្រៀង​សន្តិភាព​ស្តី​បទ​ឈប់​បាញ់​ជាមួយ​ក្រុម​ឧទ្ទាម​ដើម្បី​ផ្សះផ្សារ​ជាតិ កសាង​ស្ថិរភាព និង សន្តិភាព​មី​យ៉ាន់ ម៉ា​ឡើងវិញ​។ ជាពិសេស​នោះ លោក ក៏បាន​ដោះលែង​អ្នកទោសនយោបាយ​មី​យ៉ាន់​ម៉ា​រាប់ពាន់នាក់ ដែល​ត្រូវបាន​ឃុំខ្លួន​តាំងពី​យោធា​កាន់កាប់​។ លោក​ថេ​ន សេន ត្រូវបាន​មជ្ឈដ្ឋាន​អន្តរជាតិ​ចាត់ទុកថា ជា​អ្នក​កែទម្រង់ មួយ​ក្នុង​របប​នយោបាយ​មី​យ៉ាន់​ម៉ា​។

២. ការបោះឆ្នោត​២០១៥ គឺជា​វិញ្ញាសារ​សាកល្បង​កេរ្តិ៍ឈ្មោះ​លោក​ថេ​ន សេន និង​ក្រុម​យោធា​
​ការបោះឆ្នោត​សភា​មី​យ៉ាន់​ម៉ា​ដែល​ប្រព្រឹត្តឡើង​កាលពី​ថ្ងៃអាទិត្យ បានទទួល​ការ​សាទរ​ពី​សំណាក់ សហគមន៍​អន្តជាតិ​។ នោះ​ក៏​ព្រោះតែ​ទាំង​ក្នុងពេល​បោះឆ្នោត និង ទាំង​ក្នុងពេល​រាប់​សន្លឹកឆ្នោត គឺ មី​យ៉ាន់​ម៉ា​អាចអនុវត្ត​ទៅដោយ​រលូន សុវត្ថិភាព និង តម្លាភាព​ទៀត​។ ហើយ​នេះ គឺជា​ចំណែក​មួយ​ដ៏​ធំ របស់​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​ដែល​ដឹកនាំ​ដោយ​លោក​ប្រធានាធិបតី​ថេ​ន សេន ក្នុង​ការធានា និង ជួយ សម្រួល​ឲ្យ ប្រជាពលរដ្ឋ​ប្រមាណ​៣០​លាន​នាក់​អាច​ចូលរួម​បោះឆ្នោត​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ រយៈពេល​២៥​ឆ្នាំ ។

​គួរកត់សម្គាល់​នោះ មកដល់​ថ្ងៃទី​៣​ហើយ​ក្រោយ​ការបោះឆ្នោត គេ​មិនទាន់​ឃើញ​មាន​សារ​នយោបាយ ឬ ប្រតិកម្ម​ណាមួយ​របស់​លោក​ប្រធានាធិបតី​ថេ​ន សេន​នោះឡើយ​នោះទេ​។ អ្វីដែល​គេ​ចងចាំ​ទៅលើ លោក ថេ​ន សេន នោះ​គឺ នៅមុន​មួយថ្ងៃ​នៃ​ការបោះឆ្នោត លោក បាន​សន្យាថា​រដ្ឋាភិបាល​និង​យោធា នឹង​គោរព​តាម​លទ្ធផល​នៃ​ការបោះឆ្នោត​នេះ​។​

​តែ​វា​នៅតែ​ជា​រឿង​ស្រពិចស្រពិល​នៅឡើយ​នោះទេ សម្រាប់​អវត្តមាន​របស់លោក ថេ​ន សេន ថា​តើ លោក​នឹងមាន​គម្រោង​អ្វី​បន្ទាប់ ខណៈពេលដែល​ដៃគូ​បដិបក្ខ​របស់លោក គឺ​លោកស្រី​អ៊ង់​សាន​ស៊ូជី កំពុងតែ​ទទួល​ការគាំទ្រ​ភ្លូកទឹកភ្លូកដី​ពី​ប្រជាជន​។ ស្រមោល​អតីតកាល​នៅតែ​អ​ន្ទោ​ង លទ្ធិ​ប្រជា​ធិ​ប តេ​យ្យ​មី​យ៉ាន់​ម៉ា ពោលគឺ​គេ​ខ្លាចក្រែង​មានការ​បះបោរ​ពី​យោធា​ចំពោះ​លទ្ធផល​ដែល​ត្រូវបាន​គេ​ជឿជាក់ថា នឹង​បាន​ទៅ​បក្ស​លោកស្រី​ស៊ូ​ជី​។ ជាក់ស្តែង កាលពី​ឆ្នាំ​១៩៩០ ក្រោយពេល​បក្ស​លោកស្រី ស៊ូ​ជី ទទួល​ជ័យជម្នះ លោកស្រី​មិនបាន​ឡើងកាន់តំណែង​រដ្ឋាភិបាល​នោះទេ​។ ផ្ទុយទៅវិញ​លោកស្រី ត្រូវបាន​ឃុំខ្លួន​អស់​រយៈពេល​ជាង​១​ទសវត្សរ៍​។ នេះហើយ​ជា​ក្តីបារម្ភ​របស់​ប្រជាជន​មី​យ៉ាន់​ម៉ា និង​សហគមន៍​អន្តរជាតិ​ចំពោះ​រដ្ឋ​ដែល​ធ្លាប់​ចាក់​ឬ​ស​ដោយ​របប​យោធា​ជាច្រើន​ទសវត្សរ៍​។​

​យ៉ាងណាក៏ដោយ បើ​យើង​គិត​ក្នុង​ចំណុច​វិជ្ជមាន​វិញ ពោលគឺ​បើ​ទាំង​រដ្ឋាភិបាល​លោក​ថេ​ន សេន និង​ទាំង​យោធា នឹង​ទទួលស្គាល់​លទ្ធផល​នៃ​ការបោះឆ្នោត​ដូច​ទៅនឹង​ការសន្យា​របស់ខ្លួន នោះ​មី​យ៉ាន់​ម៉ា នឹង​ទទួលបាន​កេរ្តិ៍ឈ្មោះ និង ផលប្រយោជន៍​ទៅលើ​សហគមន៍​អន្តរជាតិ​។ ជាពិសេស​នោះ លោក ថេ​ន សេន នឹង​ក្លាយជា​ជន​គំរូ​នៃ​ការកែទម្រង់​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ​ក្នុង​ប្រវត្តិសាស្ត្រ​ន​យោន​បាយ​មី​យ៉ាន់​ម៉ា និង ពិភពលោក​ទៀតផង​។ ហើយ​ទណ្ឌកម្ម​ដែល​រដ្ឋ​មួយចំនួន បានដាក់​លើ​មី​យ៉ាន់​ម៉ា ដូចជា​អាមេរិក អាច​នឹងត្រូវ​បន្ធូរបន្ថយ​ទៀត បើសិន​មី​យ៉ាន់​ម៉ា ពិតជា​អាចអនុវត្ត​លទ្ធិប្រជាធិបតេយ្យ​បាន​មែន​នោះ​៕


Tag:
 មី​យ៉ាន់​ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com