បទវិភាគ
តើអ្នកណាខ្លះ ធ្វើឱ្យខូចកិត្តិយសកងកម្លាំងប្រដាប់អាវុធរបស់កម្ពុជា?
×
ភ្នំពេញ៖ កងកម្លាំងប្រដាប់អាវុធរបស់កម្ពុជា រួមមាន កងយោធពលខេមរភូមិន្ទ កងនគរបាលជាតិ កងអាវុធហត្ថ កងអង្គរក្ស និង ផ្នែកពាក់ព័ន្ធមួយចំនួនទៀត ដែលមានភារកិច្ចការពារការឈ្លានពានពីបរទេស, ការពារនិងរក្សាសន្តិសុខ, ការបង្ក្រាបបទល្មើស, ការរៀបចំនិងរក្សាសណ្ដាប់ធ្នាប់សង្គម និង ការបំពេញភារកិច្ចចាំបាច់មួយចំនួនទៀត។ កន្លងមក គេបានលេចឡើងនូវសកម្មភាពមិនល្អមួយចំនួន ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសនៃមន្ត្រីមានសមត្ថកិច្ចទាំងនេះ។ តើមានមូលហេតុនិងកត្តាអ្វីខ្លះ ដែលជំរុញឱ្យមានសកម្មភាពទាំងនេះកើតឡើង?
គ្រប់ប្រទេសទាំងអស់តែងតែមានកងកម្លាំងប្រដាប់អាវុធដោយខានមិនបាន ទោះបីជាប្រទេសនោះតូច ឬ ធំ មាន ឬ ក្រ ក៏ដោយ។ កងកម្លាំងប្រដាប់អាវុធ គឺជាអាវុធមុខពីរ។ ប្រសិនបើកងកម្លាំងប្រដាប់អាវុធទាំងនោះ ត្រូវបានគេគ្រប់គ្រងត្រឹមត្រូវដោយបង្ខំឱ្យពួកគេគោរពច្បាប់ គោរពវិន័យ សីលធម៌វិជ្ជាជីវៈ និង មនសិការការងារ ពួកគេនឹងបំពេញភារកិច្ចបានត្រឹមត្រូវ ដូចដែលលើកឡើងខាងលើ ដែលធ្វើសង្គម ឬ រដ្ឋមួយ មាន សន្តិភាព, សន្តិសុខ, សណ្ដាប់ធ្នាប់, យុត្តិធម៌ និង សុខដុម។ ផ្ទុយទៅវិញ ប្រសិនបើពួកគេមិនត្រូវបានគ្រប់គ្រងឱ្យបានហ្មត់ចត់ទេ នាំឱ្យពួកគេមួយចំនួនប្រព្រឹត្តអំពើមិនគប្បី ដែលធ្វើឱ្យមានការភ័យខ្លាចដល់ជនស៊ីវិល ដូចជា មានការគំរាមកំហែង និង បាញ់បោះជាដើម ដែលនាំឱ្យសង្គមមានអសន្តិសុខ, អំពើអយុត្តិធម៌, ការប្លន់ប្រដាប់អាវុធ, ការភ័យខ្លាច និង មុខរបរខុសច្បាប់ ជាដើម។
ជាក់ស្ដែងនៅកម្ពុជា អំពើមិនគប្បីដែលពាក់ព័ន្ធនឹងកងកម្លាំងប្រដាប់អាវុធរបស់កម្ពុជា ក៏ធ្លាប់មានជាហូរហែរមកដែរ។ ករណីទាំងនោះ រួមមាន ការបើកបរមិនគោរពច្បាប់ចរាចរណ៍, ការគំរាមកំហែង, បទល្មើសព្រៃឈើ, ការរំលោភដីធ្លី, បទល្មើសប្លន់, ការជួញដូរគ្រឿងញៀន, ឃាតកម្ម ជាដើម។ តើអំពើមិនគប្បីទាំងនេះ ពិតជាបង្កឡើងដោយកងកម្លាំងរបស់កម្ពុជាទាំងអស់ ឬ យ៉ាងណា?
យោងតាមតថភាពសង្គមនិងប្រព័ន្ធផ្សព្វផ្សាយ គេបានដឹងថា បទល្មើសមួយចំនួនដូចបានរៀបរាប់ខាងលើ ពិតជាបានបង្កឡើងដោយបុគ្គលប្រដាប់អាវុធខិលខូចមួយចំនួនតូចមែន។ ពួកគេអាចប្រព្រឹត្តបទល្មើសដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ដូចជា ការរកស៊ីខុសច្បាប់, ការកាប់ឈើដោយខុសច្បាប់, ការជួញដូរគ្រឿងញៀន, ជម្លោះដណ្ដើមស្រីក្នុងកន្លែងកំសាន្ត, ជម្លោះលើដងផ្លូវពេលធ្វើចរាចរណ៍, ការប្រព្រឹត្តបទល្មើសផ្សេងៗទៀត រួមទាំងការធ្វើជាខ្នងបង្អែកឱ្យជនខិលខូចផងដែរ។
ប៉ុន្តែ បទល្មើសមួយចំនួនទៀត មិនបង្កឡើងដោយបុគ្គលប្រដាប់អាវុធខិលខូច ផ្ទាល់ទេ វាបង្កឡើងដោយអ្នកពាក់ព័ន្ធមួយចំនួន ដូចជា សាច់ញាតិរបស់កងកម្លាំងប្រដាប់អាវុធ ដែលយកឯកសណ្ឋាន អាវុធ ឬ អំណាចរបស់កងកម្លាំងទៅប្រើដើម្បីប្រយោជន៍ផ្សេង។ ក្រៅពីនេះ ក៏មានជនខិលខូចមួយចំនួន បន្លំធ្វើជាកងកម្លាំងប្រដាប់អាវុធដើម្បីប្រព្រឹត្តបទល្មើសផ្សេងៗដែរ។
បទល្មើសទាំងនេះ មានដូចជា មនុស្សមួយចំនួនយកឈ្មោះកងកម្លាំងប្រដាប់ជាបង្អែកដើម្បីរកស៊ីខុសច្បាប់, គំរាមកំហែងអ្នកដទៃដើម្បីទាញយកផលប្រយោជន៍ផ្សេៗ ដូចជា ការរំលោភយកដីធី, ការដោះស្រាយជម្លោះ ឬ ការដោះស្រាយបញ្ហាផ្សេងៗ រួមទាំងបញ្ហាចរាចរណ៍ ផងដែរ។ លើសពីនេះទៀត ការប្រព្រឹត្តអំពើពុករលួយក្នុងសមត្ថកិច្ចរបស់ខ្លួន, ការបើកកន្លែងត្រួតពិនិត្យខុសច្បាប់(កុងត្រូលជជុះ)ដើម្បីទាញយកប្រយោជន៍, ការធ្វើជាខ្នងបង្អែកឬការកាងឱ្យជនល្មើសដែលកាប់ឈើរនិងដឹកឈើខុសច្បាប់, ការនេសាទខុសច្បាប់ និង ការប្រព្រឹត្តខុសច្បាប់ដទៃទៀត ក៏សុទ្ធតែជាសកម្មភាពដែលធ្វើឱ្យខូចកិត្តិយសដល់កងកម្លាំងប្រដាប់អាវុធរបស់កម្ពុជាដែរ។
មិនតែប៉ុណ្ណោះ ការប្រើកងកម្លាំងប្រដាប់អាវុធដោយខុសច្បាប់ ដូចជា ការប្រើពួកគេឱ្យទៅចាំដីឬចំការរបស់អ្នកធំ ឬ អ្នកមាន, ការយកកងកម្លាំងធ្វើជាឧបករណ៍របស់បក្សនយោបាយ, ការបញ្ជាឱ្យកងកម្លាំងប្រដាប់អាវុធបង្ក្រាបប្រជាជនស្លូតត្រង់ដោយគ្រាន់តែពួកគេធ្វើបាតុកម្មដើម្បីតស៊ូមតិ ឬ ទាមទារអ្វីដោយស្របច្បាប់ ក៏សុទ្ធតែជាអំពើដេលធ្វើឱ្យខូចកិត្តិយសដល់ពួកគេ ឬ ស្ថាប័នរបស់ពួកគេដែរ។
ហេតុនេះ ប្រសិនបើ យើងចង់កសាងកិត្តិយសរបស់កងកម្លាំងប្រដាប់អាវុធរបស់កម្ពុជាឡើងវិញ លុះត្រាតែគេហ៊ានចាត់វិធានការដូចខាងក្រោម៖
1. ពង្រឹងការគោរពច្បាប់ ការគោរពវិន័យ សីលធម៌វិជ្ជាជីវៈ និង មនសិការការងារ ដើម្បីឱ្យពួកគេ បំពេញភារកិច្ចបានត្រឹមត្រូវ ជៀសវាងការប្រព្រឹត្តអ្វីមួយដែលខុសច្បាប់។
2. តម្លើងប្រាក់ខែឱ្យពួកគេឱ្យបានសមរម្យដើម្បីឱ្យអាចរស់នៅក្នុងជីវភាពល្អប្រសើរ។
3. ពង្រឹងការគ្រប់គ្រងអាវុធ ជាតិផ្ទុះ ឯកសណ្ដានកងកម្លាំង និង សម្ភារៈពាក់ព័ន្ធដទៃទៀត ដោយមិនត្រូវអនុញ្ញាតឱ្យមានការលក់ឯកសណ្ថានកងកម្លាំង ឬ យុទ្ធភណ្ឌដទៃទៀតក្នុងទីផ្សារដោយអនាធិបតេយ្យ។
4. បញ្ឈប់ការការប្រើកងកម្លាំងសម្រាប់បម្រើផលប្រយោជន៍ផ្ទាល់ខ្លួនរបស់អ្នកធំ, អ្នកមាន ឬ បក្សនយោបាយ។
5. ទប់ស្កាត់ឱ្យកុំឱ្យសាច់ញាតិរបស់កងកម្លាំង យកឯកសណ្ឋាន អាវុធ ឬ អំណាច របស់កងកម្លាំងទៅប្រើដោយខុសច្បាប់។
6. ទប់ស្កាត់កុំឱ្យមានអ្នកបន្លំធ្វើជាកងកម្លាំងហើយប្រព្រឹត្តបទល្មើសផ្សេងៗ ដូចជា ការប្លន់ប្រដាប់អាវុធ, ការបើកកុងត្រូលជជុះ, ការជំរិតយកលុយពីអ្នកដំណើរនៅពេលយប់...។
ប្រសិនបើ អាចធ្វើបែបនេះបាន គេគិតថា កិត្តិយស សេចក្ដីថ្លៃថ្នូរ តម្លៃ និង ការគោរព នឹងអាចកើតមានចំពោះកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក៏ដូចជា ស្ថាប័នរបស់ពួកគេដែរ។ ខណៈនោះ សន្តិភាព, សន្តិសុខ, សណ្ដាប់ធ្នាប់, យុត្តិធម៌, ការគោរពសិទ្ទិមនុស្ស និង សុខដុមរមនា ក៏នឹងកើតមានយ៉ាងពេញលេញចំពោះសង្គមខ្មែរដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com