ជាតិ
សង្គមជាតិ
កិច្ចប្រជុំលើកទី២៥និយាយពីការអភិរក្សអង្គររៀបចំធ្វើនៅថ្ងៃស្អែក
× សៀមរាប៖ កិច្ចប្រជុំបច្ចេកទេសលើកទី២៥ និងកិច្ចប្រជុំពេញអង្គលើកទី២២ របស់គណៈកម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវតិ្តសាស្ត្រអង្គរ ហៅកាត់ថា អាយស៊ីស៊ី-អង្គរ នឹងបើកកិច្ចប្រជុំរបស់ខ្លួនរយៈពេល២ថ្ងៃនៅថ្ងៃស្អែកនេះ។
ដូចសព្វដង កិច្ចប្រជុំអាយស៊ីស៊ី-អង្គរ នឹងចាប់ផ្តើមនៅថ្ងៃទី២ ដល់ទី៣ ធ្នូ នៅអាជ្ញាធរជាតិអប្សរា។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អាជ្ញាធរជាតិអប្សរា របៀបវារៈសំខាន់ៗនៅលើកនេះ រួមមាន ការតាមដានការអនុវត្តអនុសាស្ត្រកិច្ចប្រជុំលើកទី២៤ និងកិច្ចប្រជុំវិសាមញ្ញលើកទី២១ គណៈកម្មាធិការអន្តរជាតិអាយស៊ីស៊ី-អង្គរ អំពីកិច្ចការអភិរក្ស ជួសជុល និងការអភិវឌ្ឍប្រកបដោយចីរភាព។ កិច្ចប្រជុំនេះ ក៏នឹងតាមដានរាល់ការងារអភិរក្ស ការស្រាវជ្រាវបុរាណវិទ្យា និងបណ្តុះបណ្តាល និងពិនិត្យរបាយការណ៍ថ្មីៗពីគម្រោងផ្សេងៗផងដែរ។
កិច្ចប្រជុំលើកនេះ ក៏នឹងសម្រេចឲ្យដាក់ដំណើរការក្រមប្រតិបត្តិអង្គរ ក្នុងរមណីយដ្ឋានអង្គរផងដែរ។ ក្រមប្រតិបត្តិ ឫច្បាប់មួយចំនួន ទៅលើភ្ញៀវទេសចរដែលមកកម្សាន្តក្នុងតំបន់អង្គរ ដូចជាការហាមមិនឲ្យថតរូបអាក្រាត ឫស្លៀកសំលៀកបំពាក់ខ្លីជាដើម។ល។ ការប្រកាសឲ្យប្រើប្រាស់ នឹងរៀបចំធ្វើនៅព្រឹកថ្ងៃទី៤ ធ្នូ នៅមុខប្រាសាទអង្គរវត្ត ដោយប្រធានអាជ្ញាធរជាតិអប្សរា។
គួរបញ្ជាក់ថា កិច្ចប្រជុំអាយស៊ីស៊ីអង្គរ ធ្វើឡើងជាទៀងទាត់រយៈពេល៦ខែម្តង។ កិច្ចប្រជុំនេះ គឺមានការចូលរួមផ្ទាល់ពីប្រធានអាជ្ញាធរជាតិអប្សរា លោក ឧបនាយករដ្ឋមន្ត្រី សុខ អាន និងសម្របសម្រួលដោយសហប្រធានគណៈកម្មាធិការអន្តរជាតិអាយស៊ីស៊ី-អង្គរ លោក Yuji Kumamaru អគ្គរាជទូកជប៉ុនប្រចាំកម្ពុជា និងលោក Jean-Claude Poimboeuf អគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា៕
© រក្សាសិទ្ធិដោយ thmeythmey.com