ជាតិ
មាន​បាតុកម្ម​ប្រឆាំង​មេដឹកនាំ​បក្ស​ជំទាស់ បើ​មាន​បាតុកម្ម​ប្រឆាំង​សម្តេច​នៅ​កាលីហ្វ័រ​ញ៉ា​
25, Jan 2016 , 11:40 am        
រូបភាព
ដោយ:
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ព្រមាន​ថា បាតុកម្ម​ប្រឆាំងនឹង​មេ​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ អាច​នឹង​កើតមានឡើង ប្រសិនបើ​មាន​បាតុកម្ម​ប្រឆាំងនឹង​រូបលោក​នៅ​រដ្ឋ​កាលីហ្វ័រ​ញ៉ា (California) ក្នុង​អំ​ឡុង​ពេលដែល​លោក​ទៅ​ទស្សនកិច្ច​នៅ​សហរដ្ឋអាមេរិក នា​ខែកុម្ភៈ​ខាងមុខ​។

 
​ការព្រមាន​ថា នឹង​អាចមាន​បាតុក​កម្ម​ប្រឆាំង​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​នៅក្នុង​ប្រទេស​ពី​សំណាក់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​បែបនេះ ធ្វើឡើង​ក្រោយពី​ម្ចាស់​គណនី​ហ្វ៊េ​ស​ប៊ុ​ក​ឈ្មោះ Brady Young ចូល​Comment នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​សម្តេច ហ៊ុន សែន ថា ពលរដ្ឋ​ខ្មែរ​អាមេរិកកាំង​នឹងធ្វើ​បាតុកម្ម​ប្រឆាំង​សម្តេចនាយក​រដ្ឋមន្ត្រី​នៅពេល​ល​លោក​ធ្វើដំណើរ​ទៅ​អាមេរិក​នៅ​ខែក្រោយ​។ ម្ចាស់​គណនី​ហ្វ៊េ​ស​ប៊ុ​ក​ឈ្មោះ Brady Young បាន​សរសេរ​យ៉ាងនេះ​ថា​៖« សួស្តី​សម្តេច​, ខ្ញុំ​ចង់​ជម្រាប​សម្តេច​ថា ពួកយើង​ជា​ខ្មែរ​អាមេរិកកាំង បានរៀបចំ​បាតុកម្មអហិង្សា សម្រាប់​ទទួល​ស្វាគមន៍​វត្តមាន​សម្តេច​»​។​
 
​ឆ្លើយតប​នឹង​ម្ចាស់​គណនី​ហ្វ៊េ​ស​ប៊ុ​ក​ខាងលើ ប្រមុខ​បក្ស​កាន់អំណាច​រូបនេះ សរសេរ​បែប​ចំអក​ទៅវិញ​ដូច្នេះ​ថា​៖«​បើ​ក្មួយ​យល់ថា បាតុកម្ម​ប្រឆាំង​ពូ​មាន​ប្រយោជន៍ សុំ​ធ្វើ​តាមចិត្ត​ចុះ ព្រោះ​វា​ជា​មុខជំនាញ​របស់​ពួក​ក្មួយ​ទៅហើយ​។ អ្វីដែល​ក្មួយ​ត្រូវ​ចាំ​ហើយ​ប្រាប់ត​គ្នា​ទៅ​មេ​ក្មួយ​ទាំង​នៅក្នុង​ប្រទេស និង​នៅក្រៅ​ប្រទេស​នោះ គឺ​ត្រូវ​ទទួលស្គាល់​សិទ្ធិ​បាតុកម្ម​របស់​អ្នកគាំទ្រ​ពូ​ប្រឆាំង​មេដឹកនាំ​ក្មួយ​នៅក្នុង​ប្រទេស​វិញ​ដែរ​»​។ ទន្ទឹមនឹងនេះ សម្តេច ហ៊ុន សែន ក៏​ឆ្លៀត​រម្លឹក​ពី​បាតុកម្ម​ប្រឆាំងនឹង​រូបលោក​កាលពី​ចុងខែ​កញ្ញា ឆ្នាំ ២០១៥ នៅ​អាមេរិក​កន្លងទៅ​ថា ជាការ​រៀបចំ​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ តែ​បក្ស​នេះ​ព្យាយាម​បដិសេធ​។ «​របាយការណ៍​ហិរញ្ញវត្ថុ​នៃ​បក្សប្រឆាំង​នៅ​រដ្ឋ​មួយ​បាន​បញ្ជាក់ថា បាន​ចំណាយ​ធ្វើបាតុកម្ម ថ្ងៃទី ២៦ កញ្ញា ២០១៥ នៅ​ញូយ៉ក​។ លាក់​ក្បាល​តែ​ចេញ​កន្ទុយ​។ ដូចនេះ​បាតុកម្ម​នៅក្នុង​ស្រុក​ជា​លទ្ធភាព​អាច​កើតមាន​ដើម្បី​ប្រឆាំង​មេដឹកនាំ​បក្សប្រឆាំង​»​។​
 
​តាម​គម្រោង រដ្ឋាភិបាល​វ៉ាស៊ីនតោន បាន​អញ្ជើញ​ប្រមុខ​មេដឹកនាំ​កំពូល​នៃ​ប្រទេស​សមាគម​អាស៊ាន​ទាំង ១០ ក្នុងនោះ​ក៏មាន​មេដឹកនាំ​កម្ពុជា សម្តេច ហ៊ុន សែន ទៅ​ចូលរួម​កិច្ចប្រជុំ​កំពួ​ល​អាស៊ាន និង​អាមេរិក នៅ​សហរដ្ឋអាមេរិក​ក្នុងអំឡុង​ខែកុម្ភៈ​ឆ្នាំ ២០១៦ ខាង​មុននេះ​។ បើតាម​ការចុះផ្សាយ​រប​ស់ VOA ជា​ភាសា​ខ្មែរ កាលពីពេល​ថ្មីៗ កិច្ចប្រជុំ​នោះ នឹងធ្វើ​ឡើង​នៅឯ​រមណីយដ្ឋាន​ឯកជន Sunnylands ក្នុង​ក្រុង Rancho Mirage រដ្ឋ​កាលីហ្វ័រ​ញ៉ា ជាទី​ដែល លោក​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ជួបប្រជុំ​ក្រៅផ្លូវការ​ជាមួយ​លោក​ប្រធានាធិបតី​ចិន ហ្ស៊ី ជីន​ពីង (Xi Jinping) កាលពី​ឆ្នាំ ២០១៣ ៕​
 

Tag:
 បាតុកម្ម
 ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com