ជាតិ
សេដ្ឋកិច្ច
នាយកADBថ្មី ថានឹងធ្វើការជាមួយគ្រប់ភាគី ដើម្បីលើកកម្ពស់គុណភាពជីវិតពលរដ្ឋកម្ពុជា
× ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានតែងតាំងលោក Samiuela T. Tukuafu ជានាយកថ្មីប្រចាំប្រទេសកម្ពុជា ជំនួសលោក Eric Sidgwick ដែលត្រូវទៅកាន់តំណែងជាត្រូវបានតែងតាំងជានាយកប្រចាំប្រទេសនៃស្ថានបេសកកម្មរបស់ADB ប្រចាំប្រទេសវៀតណាម។
បើតាមសេចក្តីព័ត៌មានរបស់ADB នៅថ្ងៃទី៤ខែកុម្ភៈ លោក Tukuafu មានសញ្ជាតិតុងហ្គា បានចូលកាន់តំណែងនេះជាផ្លូវការ នៅថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០១៦ ។
ផ្អែកតាមសេចក្តីប្រកាសព័ត៌មានADB នៅថ្ងៃទី៤ខែកុម្ភៈ ក្នុងតួនាទីថ្មីនេះ លោក Tukuafu នឹងដឹកនាំប្រតិបត្តិការរបស់ ADB ក្នុងប្រទេសកម្ពុជា ដើម្បីគាំទ្រដល់គោលដៅអភិវឌ្ឍន៍របស់ប្រទេសនេះ ពោលគឺការលើកកម្ពស់កំណើនប្រកបដោយបរិយាប័ន្នភាព និងការធ្វើពិពិធកម្មសេដ្ឋកិច្ច។ សេចក្តីប្រកាសព័ត៌មានបន្តថា លោកនឹងគ្រប់គ្រងលើការអនុវត្តន៍យុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេស របស់ ADB ២០១៤-២០១៨ សម្រាប់ប្រទេសកម្ពុជា ដែលស្របទៅតាមយុទ្ធសាស្ត្រចតុកោណ ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាព ដំណាក់កាលទី៣ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រដ្ឋាភិបាល។
លោក Tukuafu មានប្រសាសន៍ថា៖«ប្រទេសកម្ពុជាបានសម្រេចនូវកំណើនសេដ្ឋកិច្ចគួរឲ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បើទោះបីជាមានបញ្ហាប្រឈមពិសេសៗមួយចំនួនក៏ដោយ»។ លោកបន្តថា៖«ខ្ញុំនឹងបន្តបំពេញការងារជាមួយនឹងរដ្ឋាភិបាល វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងដៃគូពាក់ព័ន្ធដទៃទៀត ដើម្បីលើកកម្ពស់គុណភាពជីវិត របស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប»។
មុននឹងទទួលបានការតែងតាំងជានាយកADBប្រចាំប្រទេសកម្ពុជា លោក Tukuafu បានបំពេញការងារជាប្រធានសេដ្ឋវិទូ នៅការិយាល័យអគ្គនាយក នៃនាយកដ្ឋានអាស៊ីអាគ្នេយ៍របស់ ADB។ កន្លងមក លោកធ្លាប់ដឹកនាំការិយាល័យចាត់ចែងគម្រោង នៃផ្នែកគ្រប់គ្រងវិស័យសាធារណៈ វិស័យហិរញ្ញវត្ថុ និងពាណិជ្ជកម្មរបស់នាយកដ្ឋានអាស៊ីអាគ្នេយ៍ និងធ្លាប់ដឹកនាំប្រតិបត្តិការការងារក្នុងវិស័យហិរញ្ញវត្ថុ និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈផងដែរ។ ក្នុង រយៈពេលនេះ លោកបានធ្វើការងារយ៉ាងជិតស្និទ្ធជាមួយប្រទេសកម្ពុជា ចន្លោះពីឆ្នាំ ២០០៤ ដល់ ២០១២ ក្នុងនាមជាប្រធានក្រុមគម្រោង សម្រាប់កសាងវិស័យហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជាឡើងវិញ ក៏ដូចជាការងារកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈសំខាន់ៗមួយចំនួនផងដែរ។
លោក Tukuafu ធ្លាប់កាន់មុខតំណែងជាមន្ត្រីជាន់ខ្ពស់ក្នុងវិស័យសាធារណៈ និងឯកជន ជាង ៣១ឆ្នាំ។ មុននឹងចូលធ្វើការងារជាមួយ ADB លោក Tukuafu គឺជាទេសាភិបាលរងនៃធនាគារជាតិរបស់ប្រទេសតុងហ្គា ពីឆ្នាំ១៩៩៥ ដល់២០០០ ។ លោកក៏ធ្លាប់កាន់តួនាទីជាប្រធានហិរញ្ញវត្ថុ និងទីផ្សារ ឲ្យធនាគារ Westpac ក្នុងប្រទេសតូហ្គា ជាសវនករជាន់ខ្ពស់នៃក្រុមហ៊ុន Price Waterhouse (ឥឡូវនេះ មានឈ្មោះថា Price Waterhouse and Coopers) ក្នុងប្រទេសហ្វ៊ីជី និងជាអគ្គគណនេយ្យកររង និងជាប្រធានផ្នែកថវិកា នៃក្រសួងហិរញ្ញវត្ថុ នៃព្រះរាជាណាចក្រតុងហ្គាផងដែរ។
លោក Tukuafu មានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ខាងពាណិជ្ជកម្ម (ធនាគារ និងហិរញ្ញវត្ថុសាជីវកម្ម) ពីសកលវិទ្យាល័យ New South Wales ក្នុងប្រទេសអូស្ត្រាលី៕
Tag:
ADB
Samiuela T. Tukuafu
© រក្សាសិទ្ធិដោយ thmeythmey.com