ជាតិ
កម្ពុជាធ្វើអន្តរាគមន៍ ជួយពលរដ្ឋ៣នាក់ដែលថៃចាប់ដាក់គុកនៅស្រះកែវ លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស
× ភ្នំពេញ៖ បន្ទាប់ពីអាជ្ញាធរថៃ បានចាប់ពលរដ្ឋខ្មែរ៣នាក់ដាក់គុក កាលពីថ្ងៃទី០៤ កុម្ភៈ ក្នុងហេតុការណ៍ប៉ះទង្គិចគ្នារវាងក្រុមអាជីវករខ្មែរនៅផ្សាររ៉ុងក្លឿ ខេត្តស្រះកែវ ប្រទេសថៃ ជាមួយក្រុមស៊ើបអង្កេតពិសេសថៃមកពីក្រុងបាងកក ដែលចុះមកត្រួតពិនិត្យកម្មសិទ្ធបញ្ញាលើទំនិញ។ នៅថ្ងៃទី០៧ កុម្ភៈនេះ អគ្គកុងស៊ុលកម្ពុជាប្រចាំប្រទេសថៃ បានជួយដល់ពួកគេឲ្យអាចនៅក្រៅឃុំ។ នេះបើយោងតាមទំព័រហ្វេសប៊ុក របស់រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ហោ ណាំហុង។
បន្ទាប់ពី លោក ហោ ណាំហុង រដ្ឋមន្ត្រីការបរទេសកម្ពុជា បានណែជានាំបន្ទាន់ ដល់ឯកអគ្គរាជទូត និងអគ្គកុងស៊ុលកម្ពុជានៅប្រទេសថៃ រកមេធាវីដើម្បីការពារពលរដ្ឋ ដែលអាជ្ញាធរថៃចាប់ដាក់គុក។ នៅព្រឹកថ្ងៃទី ០៧ កុម្ភៈនេះ ឯកអគ្គរាជទូត និងអគ្គកុងស៊ុលកម្ពុជា នៅប្រទេសថៃ បានរាយការណ៍ថា ពលរដ្ឋខ្មែរទី៣ ដែលត្រូវបានអាជ្ញាធរថៃឃាត់ខ្លួនពាក់ព័ន្ធ នឹងហេតុការណ៍ការប៉ះទង្គិចគ្នានេះ ត្រូវបានស្ថានអគ្គកុងស៊ុលកម្ពុជានៅ ខេត្តស្រះកែវ សហការជាមួយគ្រួសារជនជាប់ចោទ ដោះស្រាយធានាអោយនៅក្រៅឃុំរួចហើយ។
ចំពោះពលរដ្ឋខ្មែរ ២ នាក់ទៀត ដែលត្រូវបានតុលាការថៃកាត់ទោស នៅថ្ងៃទី ០៤ កុម្ភៈ ២០១៦ ឲ្យជាប់ពន្ធនាគារ ៣ ខែនោះ ស្ថានអគ្គកុងស៊ុលកម្ពុជានៅខេត្តស្រះកែវ បានសហការណ៍ជាមួយគ្រួសារជនជាប់ចោទ ដោះស្រាយធានាអោយនៅក្រៅឃុំផងដែរ។
សូមរម្លឹកថា កាលពីថ្ងៃទី ៣ ខែ កុម្ភៈ ឆ្នាំ ២០១៦ មានការប៉ះទង្គិចគ្នា រវាងក្រុមអាជីវករខ្មែរនៅផ្សាររ៉ុងក្លឿ ខេត្តស្រះកែវ ប្រទេសថៃ ជាមួយក្រុមស៊ើបអង្កេតពិសេសមកពីទីក្រុងបាងកក ដែលចុះមកត្រួតពិនិត្យកម្មសិទ្ធិបញ្ញាលើទំនិញនៅផ្សាររ៉ុងក្លឿ។ ហេតុការណ៍នេះបានធ្វើឲ្យមានការវាយតប់ និងគប់ដំថ្មទៅលើនគរបាលថៃ នាំឲ្យខូចខាតរថយន្តនគរបាល អស់ចំនួន ២គ្រឿង។ បន្ទាប់មក នគរបាលថៃបានចាប់អាជីវករខ្មែរ ២ នាក់ ដែលគេថតរូបភាព បានក្នុងវីដេអូរបស់នគរបាល ។ ហើយនៅថ្ងៃទី ៤ ខែ កុម្ភៈ តុលាការថៃបានកាត់ទោស អាជីវករខ្មែរទាំង ២នាក់នេះ ឲ្យជាប់ពន្ធនាគារចំនួន ៣ខែ៕
Tag:
ផ្សាររ៉ុងក្លឿ
ស្រះកែវ
ខ្មែរ-ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com